អាជ្ញាធរមូលដ្ឋានបានឲ្យដឹងកាលពីម្សិលមិញថា សាលាដំបូងខេត្តកំពង់ធំបានព្យាយាមកំណត់អត្តសញ្ញាណមន្ត្រីកងយោធពលខេមរភូមិន្ទម្នាក់ដែលបានរត់គេចពីមន្ត្រីកងរាជអាវុធហត្ថបន្ទាប់ពីដឹកឈើប្រណីតពេញរថយន្តបើកបុករថយន្តដែលចតរារាំងកាលពីយប់ថ្ងៃសុក្រ។
យោងតាមលោក ឃុន ប៊ុនហួរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍ដែលប៉ុស្តិ៍ត្រួតពិនិត្យស្ថិតនៅនោះបានឲ្យដឹងថា ជនសង្ស័យរូបនេះបានរត់គេចខ្លួនដោយថ្មើរជើងនៅម៉ោងប្រហែល១០យប់ បន្ទាប់ពីព្យាយាមបើកក្នុងល្បឿនលឿនកាត់ប៉ុស្តិ៍ត្រួតពិនិត្យពីរកន្លែងរបស់កងរាជអាវុធហត្ថស្ថិតនៅតាមផ្លូវជាតិលេខ៦ដោយមានដឹកឈើប្រណីតខុសច្បាប់ជាងមួយម៉ែត្រគូបនៅបាតរថយន្តតូយ៉ូតាទុនដ្រារបស់លោក។
លោក ប៊ុនហួរ បានមានប្រសាសន៍ថា នៅពេលបុរសរូបនេះបើកកាត់របាំងផ្លូវ ដែលបានដាក់នៅប៉ុស្តិ៍ត្រួតពិនិត្យទី១ កងរាជអាវុធហត្ថដែលឈរជើងនៅទីនោះបានហៅអាយឌីទៅមន្ត្រីនៅប៉ុស្តិ៍ត្រួតពិនិត្យទី២ ដែលស្ថិតនៅមុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកចម្ងាយប្រហែល៣គីឡូម៉ែត្រតាមផ្លូវ។
លោកបានបន្ថែមថា ដោយមិនមែនរបាំងសម្រាប់ដាក់ មន្ត្រីនៅប៉ុស្តិ៍ត្រួតពិនិត្យទី២ បានយករថយន្តកងរាជអាវុធហត្ថចតកណ្តាលផ្លូវដើម្បីរារាំងអ្នកជួញដូរឈើរូបនោះ ដែលបើកបរមកកាន់រាជធានីភ្នំពេញពីខេត្តព្រះវិហារ។
លោក ប៊ុនហួរ បានមានប្រសាសន៍ថា ប៉ុន្តែខណៈដែលរថយន្តតូយ៉ូតាដឹកឈើនេះមកដល់ អ្នកបើកបរបានលោតចេញពីរថយន្តបាត់ដោយមិនបានពន្លត់ម៉ាស៊ីនឡើយ បណ្តាលឲ្យរថយន្តនេះទៅបុករថយន្តកងរាជអាវុធហត្ថតែម្តង”។
លោកបានមានប្រសាសន៍ថា “អ្នកបើកបរបានរត់បាត់ ហើយលោកមិនអាចចាប់ខ្លួនជននេះបានទេ ពីព្រោះវាងងឹតពេក” ដោយលោកពន្យល់ថា មន្ត្រីរបស់លោកខាតពេលអស់ប៉ុន្មានវិទានីដោយដេញតាមរថយន្តដែលមិនមានអ្នកបើកបរនោះ ដោយគិតថា ជនសង្ស័យប្រាកដជានៅក្នុងរថយន្តនៅឡើយ។
លោកបានមានប្រសាសន៍ថា ពួកគេរឹបអូសក្តារបន្ទះបាន៧១បន្ទះដែលធ្វើពីឈើប្រណីត ពីរថយន្តតូយ៉ូតានេះ ហើយបានយកទាំងរថយន្តនេះនិងឈើខុសច្បាប់ទៅសាលាដំបូងខេត្ត។
លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា រថយន្តនេះមានពាក់ស្លាកលេខខេមរភូមិន្ទ និងមានបិទសញ្ញាសម្គាល់នៅទ្វារខាងផ្នែកអ្នកបើកបរដោយមានរូបសញ្ញាអង្គភាពលេខ៧របស់កងពលធំលេខ៣នៃកងយោធពលខេមរភូមិន្ទ។
លោក ណូរ៉ា បានមានប្រសាសន៍ថា “យើងកំពុងស៊ើបអង្កេតករណីនេះ ហើយបានសរសេរលិខិតទៅក្រសួងការពារជាតិដើម្បីស្វែងរកអ្នកដែលជាម្ចាស់រថយន្តពាក់ស្លាកលេខខេមរភូមិន្ទដឹកឈើប្រណីតនេះ។
ឧត្តមសេនីយ៍ ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ ដែលមានទីស្នាក់ការនៅខេត្តព្រះវិហារបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ លោកបានមានប្រសាសន៍ថា “ខ្ញុំរវល់ប្រជុំ។ ខ្ញុំមិនអាចនិយាយបានទេ”៕សារុន