35 C
Phnom Penh

កាសែត​នគរបាល​ជាតិ​នឹង​ចាប់​ផ្តើម​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​ជាតិ​នឹង​ចាប់​ផ្តើម​ចេញផ្សាយ​កាសែត​ប្រចាំថ្ងៃ​​ពណ៌ធម្មជាតិ​របស់​ខ្លួន​ដែល​មាន​​១២​ទំព័រ​ នៅថ្ងៃសៅរ៍ ដោយ​ច្បាប​់ដំបូង​រំឭកដល់​ខួប​៧០ឆ្នាំ​​ ចាប់តាំងពីកង​កម្លាំង​​នគរបាល​​ជាតិ​​ត្រូវ​​បាន​​បង្កើត​​ឡើង​ក្រោម​​ការ​កាន់កាប់​​របស់​ជប៉ុន ​នេះ​បើ​​តាម​​​និពន្ធ​នាយក​​​កាសែត​​នេះ​​បាន​លើក​​ឡើង​​កាល​ពី​​ម្សិលមិញ។

លោក អាត ប៊ុន្នី អតីត​អ្នក​យក​ព័ត៌មាន​​​ទូរទស្សន៍​បាយ័ន​ ដែលនឹង​ធ្វើ​ជា​និពន្ធនាយក​កាសែត​នេះ​​បាន​មាន​ប្រសាសន៍​ថា “កាសែត​នគរបាល​ជាតិ” នឹង​ចាប់ផ្តើម​ចេញ​ផ្សាយ​លេខ​ពិសេស​រំឭក​ខួប​​មុនពេល​​ចេញ​ផ្សាយ​ព័ត៌មានជា​ទៀង​ទាត់អំ​ពី​បទ​ល្មើស សន្តិសុខ និង​សណ្តាប់​ធ្នាប់សាធារណៈ។

លោក ប៊ុន្នី បានមាន​ប្រសាសន៍​ថា “នៅថ្ងៃទី​១៦ ខែឧសភាសប្តាហ៍ក្រោយ កាសែត​នគរ​បាល​ជាតិ​នឹង​ចេញផ្សាយជា​ផ្លូវ​ការ​ដើម្បី​រំឭក​ខួប​លើក​ទី​៧០​នៃការ​បង្កើត​នគរបាល​ជាតិ”។

កាលពី​ឆ្នាំ​២០០៦ ព្រះ​មហាក្សត្រ​នរោត្តម សីហមុនី ទ្រង់​បាន​សម្រេច​កំណត់​​កាល​បរិច្ឆេទ​ផ្លូវការ​នៃការ​បង្កើត​នគរបាល​ជាតិគឺថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​១៩៤៥ នៅពេល​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​មានតែឈ្មោះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ជប៉ុន​ បាន​បង្កើត​កង​កម្លាំង​របស់​ខ្លួន។

លោក ប៊ុន្នី បានមាន​ប្រសាសន៍ថា “​សម្រាប់ការ​បោះចេញ​ផ្សាយ​លើក​ដំបូង​ យើង​នឹង​សរសេរ​អំពី​ប្រវិត្ត​របស់​នគរបាល​ជាតិ សមិទ្ធផល​របស់នគរបាល​ជាតិ និង​ប្រវត្តិ​របស់​អគ្គ​នាយក​ដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម និង​អគ្គនាយដ្ឋាន​ពន្ធនាគារ”។

លោក​បាន​បន្ថែមថា “​ជាផ្លូវការ​ យើង​នឹង​បោះពុម្ពផ្សាយ​កាសែត​នេះដោយមាន​១២​ទំព័រ​ ប៉ុន្តែ​សម្រាប់​លេខ​ពិសេស​នេះ យើង​នឹង​បោះ​ពុម្ពផ្សាយ​ចន្លោះ​ពី​២៤ទៅ​៣២ទំព័រ”។

លោក​ ប៊ុន្នី បាន​មាន​ប្រសាសន៍ថា កាសែតនេះ​​នឹង​មិន​មានព័ត៌មានទាក់ទង​​នយោ​បាយទេ ប៉ុន្តែ​នឹងមានព័ត៌មាន​ស្តីពី​សកម្មភាព​ផ្សេង​ៗ​ដែលនគរបាល​បានធ្វើ​ ដូច​ជា​​ផ្នែក​​វប្បធម៌​ជាដើម​ ប្រសិនបើ​នគរបាល​បាន​ចូលរួម។

និពន្ធនាយក​ថ្មី​រូបនេះ​បាន​មានប្រសាសន៍ថា “​វានឹង​ផ្តោត​លើ​​សន្តិសុខ និង​សកម្មភាព​របស់​នគរបាល​…​។ វាជា​កាសែត​នគរបាល។ ដូច្នេះ យើង​នឹង​រាយការណ៍​អំពី​នគរបាល។ វានឹង​ធ្វើសេចក្តី​រាយការណ៍អំពី​​កីឡា ឬ​សិល្បៈដែរ ប្រសិន​បើទាក់​ទងនឹង​នគរបាល​”។

កាសែត​នេះ​នឹង​មាន​​តម្លៃ​​១.០០០រៀល​ ហើយ​ត្រូវ​បាន​ផ្តល់​មូលនិធិដោយ​រដ្ឋាភិបាល​និង​តាមរយៈការ​ផ្សាយ​ពាណិជ្ជកម្ម។

លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​កំពង់​ចាម​បានមាន​ប្រសាសន៍ថា លោក​គាំទ្រ​ការ​ដែល​នគរបាល​បង្កើត​កាសែត​ផ្ទាល់ខ្លួន​ បន្ទាប់ពី​រយៈពេល​ប្រហែល​មួយ​ឆ្នាំ​នៃការ​បើក​ដំណើរ​ការ​គេហទំព័រ​ព័ត៌មាន​របស់ខ្លួន។

លោក បែន រ័ត្ន បាន​មាន​ប្រសាសន៍ថា “​យើង​ត្រៀម​រួច​រាល់​ក្នុងការ​បញ្ជូន​ព័ត៌មាន​។ យើង​បាន​បញ្ជូន​ព័ត៌មាន​តាម​គេហទំព័រ​រយៈពេល​ជិត​មួយ​ឆ្នាំមក​ហើយ។ ព័ត៌មាន​ភាគច្រើន​ទាក់​ទង​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ។ ​ខ្ញុំរីករាយ​ណាស់​ដោយ​ឃើញ​កាសែត​នគរបាល​ជាតិ។

លោក​បានមាន​ប្រសាសន៍ថា ” ពីមុន យើង​មាន​កម្មវិធី​ព័ត៌មាន​សន្តិសុខ​តាម​ទូរទស្សន៍ បន្ទាប់​មក​​យើង​មាន​គេហទំព័រ ប៉ុន្តែ​ឥឡូវ​នេះ​យើង​មាន​កាសែតទៀត​​”៕សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស