29 C
Phnom Penh

មន្ត្រី​កង​រាជ​អាវុធ​ហត្ថម្នាក់​បាញ់​បោះ​ពេល​ស្រវឹងខណៈចេញពី​ពិធី​មង្គលការ​មួយតែមិន​ត្រូវ​​បាន​ចោទ​ប្រកាន់អ្វីឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងរាជ​អាវុធ​ហត្ថ​បានសម្រេច​មិន​ធ្វើការ​ចោទប្រកាន់​បទ​ព្រហ្មទណ្ឌ​លើ​មន្ត្រី​ម្នាក់​ដែល​​បាន​ដក​កាំភ្លើង​ខ្លី​បាញ់​ឡើង​លើ​កាលពី​យប់​ថ្ងៃសៅរ៍​​នៅក្នុង​ខេត្ត​ត្បូង​ឃ្មុំ បន្ទាប់ពី​ចាក​ចេញ​ពី​ពិធី​មង្គលការ​មួយ​ទាំង​អាការ​ស្រវឹង​ឡើយ​។

លោក ឡុង សារិន អធិការ​រង​នគរបាល​ស្រុក​ត្បូង​ឃ្មុំបាន​មាន​ប្រសាសន៍កាលពី​ម្សិលមិញ​ថា លោក ណន ឆាយ​រ៉េ​ត ជា​មន្ត្រី​កង​រាជអាវុធ​ហត្ថ​ក្នុង​ខេត្តកំពង់​ចាម​បានទៅ​ចូលរួម​ពិធី​មង្គល​ការមិត្ត​ភក្តិ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​កាលពី​ថ្ងៃសៅរ៍ ហើយ​ពេលចាកចេញ​ពី​ពិធីនោះ​ លោក​បាន​ដក​កាំភ្លើង​ខ្លីម៉ាក K-59 បាញ់​ចំនួន​​បីគ្រាប់​។

លោក​បាន​មាន​ប្រសាសន៍ថា “​នៅម៉ោង​ប្រហែល​៩យប់ យើង​បានឮស្នូរ​គ្រាប់កាំភ្លើង​បីគ្រាប់​ ហើយ​គិត​ថា ប្រហែល​ជា​ករណី​ប្លន់។ ប៉ុន្តែ​ពីរបីនាទីក្រោយ​មក អ្នកភូមិ​​បាន​ទូរស័ព្ទ​ទៅ​នគរបាល ហើយ​បាន​រាយការណ៍ថា មន្ត្រីកង​រាជ​អាវុធហត្ថ​ម្នាក់​បាន​បាញ់។ យើង​បាន​ចាប់​ខ្លួន​គាត់​នៅ​ម៉ោង​៩និង​៣៥នាទី…​​នៅក្នុងឃុំ​ជប់ ចំពោះ​ការ​បាញ់បោះ​នេះ​ ដែលបាន​បណ្តាល​ឲ្យប្រជាជន​មាន​ការ​ភ័យ​ខ្លាច”។

លោក សារិន បាន​មាន​ប្រសាសន៍ថា ​មិនមាន​នរណាម្នាក់​រង​របួស​ទេ ប៉ុន្តែ​លោក​បាន​បន្ថែមថា មន្ត្រី​ដែលស្រវឹង​ស្រានេះ​​មិន​ចង់ទៅ​ដោយ​ស្ងៀម​ស្ងាត់​ឡើយ។ លោក​បាន​ថ្លែង​ថា “​គាត់​មិន​ចង់​ឲ្យ​យើង​ចាប់ខ្លួន​គាត់​ទេ។ គាត់បាន​​ស្រែក​ដាក់​នគរបាលថា គាត់​ជា​មន្ត្រីកង​រាជ​អាវុធ​ហត្ថ ហើយ​គាត់មាន​សិទ្ធិ​បាញ់​”។

លោក សារិន បាន​មាន​ប្រសាសន៍ថា មន្ត្រី​រូបនេះ​ត្រូវ​បាន​បញ្ជូនទៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ ហើយ​ថា មួយម៉ោង​កន្លះ​ក្រោយ​មក កង​រាជ​អាវុធ​ហត្ថ​​​ខេត្ត​កំពង់​ចាម​បាន​មក​ដល់ ហើយ​បាន​​នាំគាត់​ចេញ​ទៅ។

លោក ចែម ពិចិត្រ​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ចាម​បាន​អះ​អាង​ថា លោក ឆាយរ៉េត ត្រូវ​បាន​នាំទៅ​ទីបញ្ជាការ​ដ្ឋាន​ខេត្ត។

លោកបានមាន​ប្រសាសន៍ថា “​ខ្ញុំបានទទួល​ព័ត៌មាន​ថា នគរបាល​បាន​ចាប់ខ្លួន​គាត់​​ពីការ​ដែលគាត់​បាន​បាញ់​ឡើង​លើ។ ដូច្នេះ​ហើយ​យើង​បាន​បញ្ជូន​មន្ត្រី​ទៅ​យក​គាត់​មក”។

ការ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់ គឺ​ជា​បទ​ឧក្រិដ្ឋ។ ប៉ុន្តែ​លោក ប៊ុនរិទ្ធ​ បានមាន​ប្រសាសន៍ថា មន្ត្រី​រូបនេះ​នឹង​មិនត្រូវបាន​​ផ្តន្ទាទោស​អ្វីទេ ពីព្រោះ​​មិន​មាន​នរណាម្នាក់​រង​របួស​ក្នុង​ការ​បាញ់​បោះ​នោះឡើយ។

លោក​បានមាន​ប្រសាសន៍ថា “​យើង​មិន​បានបញ្ជូន​គាត់​ទៅ​តុលាការ​ទេ ពីព្រោះ​គាត់មិន​បាន​បាញ់​នរណាម្នាក់​ឡើយ។ គាត់​គ្រាន់តែបាញ់​ឡើង​លើ​ខណៈពេល​ស្រវឹង​ស្រា​​ប៉ុណ្ណោះ”។

លោក ប៊ុនរិទ្ធ បាន​មាន​ប្រសាសន៍ថា មន្ត្រីរូបនេះ​ត្រូវបានព្យួរ​ការ​ងារ​ បើទោះ​ថ្នាក់​លើ​របស់គាត់​​មិន​ទាន់បាន​សម្រេច​ថា រយៈពេល​ប៉ុណ្ណាក៏ដោយ ហើយ​នឹងឲ្យ​គាត់​​ចុះ​ហត្ថ​លេខា​ដោយ​សន្យា​ថា នឹង​មិនធ្វើការ​បាញ់​បោះ​ឡើង​លើ​​នៅពេល​ស្រវឹង​ ឬ​ពេល​ណាផ្សេង​ទៀត​នោះ​ឡើយ។

មន្ត្រី​ដែល​ធ្វើការ​បាញ់បោះឡើង​លើ​ពេល​មានកំហឹង​ ឬ​ស្រវឹងស្រា​ ឬ​ទាំង​ពីរ​ ជា​ការ​កើត​ឡើង​ទូទៅ​នៅទូទាំង​ប្រទេសទៅហើយ​​ ប៉ុន្តែ​កម្រ​មានការ​ផ្តន្ទាទោស​ណាស់។ កាលពី​ខែ​មុន មន្ត្រីនគរបាល​ម្នាក់​បាន​ដកកាំភ្លើង​ខ្លី​បាញ់​ឡើង​លើ​អំឡុង​ពេល​មាន​ជម្លោះនៅក្នុង​រាជ​ធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​ចាប់ខ្លួន រួច​ដោះលែង​វិញ​ដោយ​មិនមាន​ការ​ចោទប្រកាន់​អ្វីឡើយ​នៅយប់​ដដែល​នោះ៕ សារុន​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស