នគរបាល និងមន្ត្រីសុខាភិបាលបានឲ្យដឹងកាលពីម្សិលមិញថា កម្មកររោងចក្រកាត់ដេររាប់សិបនាក់បានរងរបួសក្នុងនោះមានបីនាក់រងរបួសធ្ងន់ បន្ទាប់ពីរថយន្តដែលដឹកពួកគេទៅធ្វើការបានក្រឡាប់នៅលើផ្លូវជាតិលេខ១ ក្នុងខេត្តស្វាយរៀងកាលពីថ្ងៃសុក្រ។
យោងតាមលោក គួយ យ៉ាង នាយនគរបាលចរាចរខេត្តស្វាយរៀងនេះបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃសុក្រ ខណៈរថយន្តមួយគ្រឿងកំពុងដឹកកម្មករចំនួន៣៥នាក់ទៅកាន់តំបន់សេដ្ឋកិច្ចពិសេស Dragon King នៅក្នុងក្រុងបាវិត។
លោក គួយ យ៉ាង បានលើកឡើងទៀតថា រថយន្តនេះអាចដឹកអ្នកដំណើរប្រកបដោយសុវត្ថិភាពត្រឹមតែ១៥នាក់ប៉ុណ្ណោះ ប៉ុន្តែ បែរជាដឹកលើសចំណុះច្រើនទៅវិញ ដែលជាហេតុធ្វើឲ្យក្រឡេរថយន្តដាច់។
លោកបានមានប្រសាសន៍ថា “រថយន្តបានក្រឡាប់ដោយសារក្រឡេមុខដាច់ ហើយបោកទៅនឹងថ្នល់។ រថយន្តនេះចាស់ខ្លាំងណាស់ ហើយអ្នកបើកបរដឹកអ្នកដំណើរជាង៣០នាក់”។
នាយនគរបាលចរាចររូបនេះបានលើកឡើងបន្តទៀតថា នគរបាលកំពុងតាមចាប់ខ្លួនអ្នកបើកបរឈ្មោះ អឹុង សារួត ដែលរត់គេចខ្លួនចេញពីកន្លែងកើតហេតុ។
យោងតាមលោក កែវ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តនេះបានឲ្យដឹងថា កម្មករទាំងអស់សុទ្ធតែរងរបួស ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជីភូ ក្នុងក្រុងបាវិត។
កម្មករចំនួនបីនាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតកាលពីម្សិលមិញ ដោយសារតែរងរបួសធ្ងន់ ខណៈបួននាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
លោកបានមានប្រសាសន៍កាលពីម្សិលមិញថា “នៅមានកម្មករប្រហែលប្រាំមួយ ឬប្រាំពីរនាក់ដែលកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយនៅថ្ងៃេនះ”។
លោក រដ្ឋា បានលើកឡើងទៀតថា កម្មករចំនួនពីរនាក់ក្នុងចំណោមកម្មករចំនួនបីនាក់ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតកំពុងត្រូវបានព្យាបាលរបួសបាក់ឆ្អឹងដងកាំបិត រីឯជនរងគ្រោះទី៣វិញកំពុងត្រូវបានព្យាបាលរបួសធ្ងន់ត្រង់ក្បាល។
លោកវេជ្ជបណ្ឌិត ប្រាក់ សម្បត្តិ ប្រធានមន្ទីរពេទ្យជីភូ បានលើកឡើងថា ក្នុងចំណោមកម្មករទាំង៣៥នាក់ភាគច្រើនរងរបួសក្បាល។
លោកវេជ្ជបណ្ឌិត សម្បត្តិ បានឲ្យដឹងថា មកដល់ត្រឹមថ្ងៃម្សិលមិញ កម្មករចំនួន២៨នាក់បានចេញពីមន្ទីរពេទ្យហើយ។ ថ្លៃចំណាយលើការព្យាបាលពួកគេគឺបេឡាជាតិរបបសន្តិសុខសង្គមជាអ្នករ៉ាប់រង។
គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តស្វាយរៀងនេះ គឺជាគ្រោះថ្នាក់ថ្មីបំផុត នៅក្នុងគ្រោះថ្នាក់ជាច្រើនពាក់ព័ន្ធនឹងរថយន្តធុនធំ និងរថយន្តដឹកកម្មករកាត់ដេរ ទៅកាន់រោងចក្រ ឬត្រឡប់មកវិញជារៀងរាល់ថ្ងៃនៅទូទាំងប្រទេស។ រថយន្តដែលដឹកកម្មករជារឿយៗតែងតែមិនត្រូវបានថែទាំបានល្អឡើយ ហើយដឹកលើសចំណុះ និងបើកបរដោយអ្នកបើកបរដែលគ្មានប័ណ្ណបើកបរ និងការរៀនបើកបរត្រឹមត្រូវ៕ស៊ុយឈាង