27 C
Phnom Penh

គណបក្ស​ប្រជាជន​កម្ពុជា​ប្រែ​ក្រឡាស់​បទបញ្ជា​ក្នុង​ការ​តាមដាន​សម្តី​គណបក្ស​សង្គ្រោះ​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សាយ ឈុំ អគ្គ​លេខាធិការ​គណបក្ស​ប្រជាជន​កម្ពុជា បាន​កែប្រែ​បទបញ្ញា​ដែល​លោក​បាន​បង្គាប់​កាលពី​សប្តាហ៍​មុន ណែនាំ​ឲ្យ​មន្ត្រី​បក្ស​កាន់​អំណាច​តាមដាន​ការ​ប្រើ​ពាក្យ​ប្រមាថ​របស់​បក្ស​ប្រឆាំង ដូចជា “អាយ៉ង​យួន” ឬ “កុម្មុយនិស្ត​ផ្តាច់ការ” ដើម្បី​សំដៅ​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ។

បទបញ្ជា​ដើម​របស់​លោក ឈុំ ដែល​ចេញ​កាលពី​ថ្ងៃ​អង្គារ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​​មាន​ការ​ចេញ “ក្រម​ប្រតិបត្តិ”​ថ្មី​មួយ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង ដែល​និយាយ​ថា ការ​ប្រមាថ ក៏​ដូចជា ភាសា​គំរាម​កំហែង​ចាប់​ខ្លួន ឬ​ការ​ផ្ទុះ​សង្គ្រាម​ជាថ្មី ត្រូវតែ​ចៀសវាង។

ក្នុង​លិខិត​មួយ​ជូន​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចេញ​នៅ​ថ្ងៃ​ដដែល​នោះ និង​ទទួល​បាន​កាលពី​ថ្ងៃ​អាទិត្យ លោក ឈុំ បាន​និយាយ​ថា ក្រម​ប្រតិបត្តិ​បាន​លុប​លើ​សេចក្តី​ណែនាំ​ដើម​របស់​លោក​ឲ្យ​តាមដាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បង្គាប់​មន្ត្រី​ឲ្យ​រាយការណ៍​ទៅ​ថ្នាក់​ដឹកនាំ​បក្ស នៅ​ពេល​ណា​មន្ត្រី​បក្ស​ប្រឆាំង​ប្រើ​ពាក្យ​ប្រមាថ​បែប​នេះ។

សេចក្តី​ណែនាំ​កាលពី​ថ្ងៃ​សុក្រ លោក ឈុំ បាន​សរសេរ​ក្នុង​លិខិត​នោះ​ថា

“១-ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ អប់រំ​ឱ្យ​បាន​ទូលំ​ទូលាយ និង​ណែនាំ​ឱ្យ​មន្ត្រី​សមា​​ជិ​ក​សមាជិកា ​និង​អ្នក​គាំទ្រ​ទាំងអស់​របស់ CPP ឱ្យ​អនុវត្តន៍​ឱ្យ​បាន​ត្រឹម​ត្រូ​វ​នូវ​រាល់​ខ្លឹមសារ ដែល​មាន​ចែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​នេះ។

២-ប្រសិនបើ​មាន​ការ​រំលោភ​បំពាន​ដោយ​ប្រការ​ណាមួយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​នោះ ​ដៃគូ​សន្ទនា​តាម​បណ្ដា​ថ្នាក់​ត្រូវ​ធ្វើការ​ដោះស្រាយ​សម្រប សម្រួល​គ្នា​ឱ្យ​បាន​ល្អ តាម​គ្រប់​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ។

៣-​ត្រូវ​ចាត់​ទុក​ជា​និរាករណ៍​នូវ​សេចក្ដី​ជូន​ដំណឹង​…​ដែល​ចេញ​កាលពី​ថ្ងៃទី៥ ខែ​ឧសភា​ឆ្នាំ២០១៥ របស់​គណៈ​​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​កណ្ដាល”។

លោក ឈុំ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​អាទិត្យ។ ក៏​ប៉ុន្តែ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​ថា លោក ឈុំ បាន​ទុក​សេចក្តី​បង្គាប់​របស់​លោក​ជា​មោឃៈ ពីព្រោះ​ក្រម​ប្រតិបត្តិ​បាន​ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ជឿ​ជាក់​ថា មន្ត្រី​បក្ស​ប្រឆាំង ក្នុង​នោះ​មាន​ទាំង​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផង មាន​ឆន្ទៈ​​នឹង​បន្ថយ​ការ​វាយ​ប្រហារ​លើ​គណបក្ស​ប្រជាជន។

លោក ឥសាន បាន​និយាយ​ថា “បន្ទាប់ពី​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​របស់​គណបក្ស​ទាំងពីរ គាត់​បាន​ណែនាំ​មន្ត្រី​មូលដ្ឋាន​ថា នៅ​ពេលណា​មាន​បញ្ហា​អំពី​ការ​អនុវត្ត​វប្បធម៌​សន្ទនា មូលដ្ឋាន​និង​អ្នក​ពាក់​ព័ន្ធ​គួរ​ដោះស្រាយ​បញ្ហា​ឲ្យ​អស់​ពី​សមត្ថភាព​​របស់​ខ្លួន”។

លោក​បាន​និយាយ​ថា “នៅ​ពេល​លិខិត​ទី​១​ចេញ​នោះ មាន​ស្ថានការណ៍​មួយ គឺ​លោក កឹម សុខា បាន​បន្ត​ប្រព្រឹត្ត​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ប៉ុន្តែ​យើង​បាន​ឃើញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​នោះ​ដែល​ធ្វើ​ឡើង​បន្ទាប់​…​ហើយ​ថ្ងៃ​នេះ​ស្ថានការណ៍​នេះ​បាន​កែប្រែ​ហើយ”។

នៅ​ពេល​សុំ​សេចក្តី​លម្អិត​ថែម​ទៀត​អំពី​អ្វី​ដែល​ប្រែប្រួល​នោះ​ទាក់ទិន​នឹង​ស្ថាន​ការណ៍​ក្នុង​ពេល​បី​ថ្ងៃ​នេះ​រវាង​សេចក្តី​ណែនាំ​ពីរ​របស់​លោក ឈុំ លោក ឥសាន បាន​និយាយ​ថា លោក​មិន​បាន​ដឹង​ច្បាស់​លាស់​ទេ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​ថា គណបក្ស​ប្រឆាំង​មិន​បាន​ស្នើ​សុំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រែ​ក្រឡាស់​បទបញ្ជា​របស់​លោក ឈុំ នោះ​ទេ ប៉ុន្តែ​ថា គណបក្ស​នេះ​រីករាយ​នឹង​ការ​ប្រែ​ក្រឡាស់​នេះ និង​សង្ឃឹម​ថា វា​នឹង​ជួយ​ពង្រីក “វប្បធម៌​សន្ទនា” ដែល​លោក ហ៊ុន សែន និង លោក រង្ស៊ី បាន​និង​កំពុង​លើក​កម្ពស់​តាំងពី​ឆ្នាំ​មុន។

លោក សុវណ្ណ បាន​និយាយ​ថា “យើង​បាន​ទាក់ទង​ពួកគេ​មែន។ ខ្ញុំ​គិត​ថា ថ្នាក់​ដឹកនាំ​កំពូល សម រង្ស៊ី និង ហ៊ុន សែន បាន​និយាយ​គ្នា និង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​នេះ ហើយ “​ជា​រឿង​ល្អ​ដែល​ពួកគេ​​សុំ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​ធ្វើ​តាម​សេចក្តី​ថ្លែងការណ៍​នោះ”។

លោក​បាន​បន្ថែម​ថា “នេះ​ជា​រឿង​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ខ្ញុំ​មិន​អាច​អត្ថាធិប្បាយ​អំពី​អ្វី​ដែល​គណបក្ស​ប្រជាជន​ធ្វើ​នោះ​ទេ។ អ្វី​ក៏ដោយ​ដែល​លើក​កម្ពស់​វប្បធម៌​សន្ទនា យើង​គាំទ្រ ពីព្រោះ​យើង​ចង់​បាន​វប្បធម៌​សន្ទនា​ចាក់​ឫស​ក្នុង​សង្គម​របស់​យើង”៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស