
រូបថតៈ ស៊ីវ ចាន់ណា
រូបចម្លាក់ហនុមាន ដែលត្រូវបានលួចពីប្រាសាទកោះកេរ ក្នុងខេត្តព្រះវិហារ ត្រូវបានប្រគល់មកឲ្យប្រទេសកម្ពុជាវិញកាលពីថ្ងៃអាទិត្យ ក្រោយពីរយៈពេល៣៣ឆ្នាំជាទ្រព្យរបស់សារមន្ទីរសិល្បៈ ក្លេវីឡិន នៅសហរដ្ឋអាមេរិក
លោក ប្រាក់ ស៊ុនណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា រូបចម្លាក់នេះគ្រោងមកដល់កាលពីយប់មិញនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោកបានមានប្រសាសន៍ថា “រូបចម្លាក់នឹងមកដល់នៅម៉ោង៨និង៣០នាទីយប់ ហើយរូបចម្លាក់នេះធ្វើក្នុងរចនាបទ្មកោះកេរនាសតវត្សរ៍ទី១០។ គេបានប្រគល់វាមកវិញពីអាមេរិក”។
លោកមិនអធិប្បាយបន្ថែមទេ តែបានប្រាប់ថា សន្និសីទព័ត៌មានផ្លូវការមួយស្តីពីរូបចម្លាក់នេះ នឹងត្រូវធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារ។
យោងតាមវិបសាយរបស់សារមន្ទីរសិល្បៈ ក្លេវីឡិន បានឲ្យដឹងថា រូបចម្លាក់ធ្វើពី ថ្មភក់សតវត្សរ៍ទី១០នេះមានកម្ពស់ប្រហែល១១៦សង់ទីម៉ែត្រ និងទទឹង៥៤សង់ទីម៉ែត្រ អង្គុយលុតជង្គង់ មានដងខ្លួនជាមនុស្សនិងក្បាលស្វា។
លោកស្រី អាន ឡឺម៉េស តំណាងអង្គការយូណេស្កូនៅកម្ពុជា បានមានប្រសាសន៍ថា ច្បាស់ណាស់រូបចម្លាក់នេះពីដើមឡើយនៅជាប់នឹងជើងទ្រ ប៉ុន្តែវាបានបាត់ពីទីនោះ នៅពេលបុរាណវត្ថុវិទូជីកកកាយរកឃើញជើងទម្រដែលរកមិនឃើញពីមុន នៅក្នុងប្រាសាទចិននៃបរិវេណប្រាសាទកោះកេរកាលពីឆ្នាំមុន ហើយបានកំណត់ទីតាំងជាក់លាក់របស់រូបចម្លាក់នោះ។
និយាយពីប្រាសាទចិន លោកស្រី ឡឺម៉េស បានមានប្រសាសន៍ថា “ខ្ញុំគិតថា ភ័ស្តុតាងបញ្ជាក់ថា វាមកពីកន្លែងនោះ ពីព្រោះវាជាការផ្គូផ្គងជើងទម្រជាមួយរូបចម្លាក់នោះ”។
លោកស្រីបន្ថែមថា “អង្គការយូណេស្កូ ពេញចិត្តជាខ្លាំងនិងដឹងគុណចំពោះសារមន្ទីរក្លេវីឡិនដែលយល់ព្រមប្រគល់វាមកវិញ”។
លោក គង់ វីរៈ ប្រធានសារមន្ទីរជាតិកម្ពុជាក្នុងក្រុងភ្នំពេញ បានមានប្រសាសន៍ថា រូបចម្លាក់នេះនឹងត្រូវប្រគល់ទៅឲ្យសារមន្ទីរជាតិនៅថ្ងៃច័ន្ទ ហើយនឹងត្រូវតាំងបង្ហាញនៅទីនោះ។
កាលពីខែឧសភាឆ្នាំមុន កាសែត The Plain Dealer របស់ក្លេវីឡិន បានរាយការណ៍ថា លោកស្រី សុនីញ៉ា រី គីនតានីលឡា អ្នកអភិរក្សសិល្បៈឥណ្ឌានិងអាស៊ីអាគ្នេយ៍របស់សារមន្ទីរក្លេវីឡិន បានធ្វើដំណើរមកប្រទេសកម្ពុជា ជាច្រើនខែមុននោះ ដើម្បីព្យាយាមកំណត់ ថាតើរូបចម្លាក់នេះមកពីប្រាសាទចិន មែនឬយ៉ាងណា។
កាសែតនេះបានដកស្រង់សម្តី លោកស្រី គីនតានីលឡា ដែលនិយាយនៅពេលនោះថា “ការងាររបស់យើងអំពីរូបចម្លាក់នេះនិងប្រភពដើមរបស់វាកំពុងដំណើរការនៅឡើយ និងប្រើពេលវេលាច្រើន ប៉ុន្តែរហូតមកដល់ពេលនេះ ផ្អែកលើការស្រាវជ្រាវដល់ទីកន្លែងរបស់ខ្ញុំក្នុងប្រទេសកម្ពុជាកាលពីដើមឆ្នាំនេះ ខ្ញុំអាចរាយការណ៍ថា ខ្ញុំមិនបានរកឃើញភ័ស្តុតាងជាក់ស្តែងណាមួយដើម្បីបញ្ជាក់ថា ហនុមាននៅក្លេវីឡិន មានប្រភពមកពីប្រសាទចិននោះទេ”។
ទាំងលោកស្រី គីនតានីលឡា ទាំងលោកស្រី ខារ៉ូលីន ហ្គូសស្កត់ អ្នកនាំពាក្យរបស់សារមន្ទីរ មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការពន្យល់ទេ។
លោកស្រី ឡឺម៉េស បាននិយាយថា លោកស្រីមិនបានដឹងថាអ្វីដែលបានជំរុញឲ្យសារមន្ទីរនេះប្រគល់រូបចម្លាក់នេះមកវិញនោះទេ ប៉ុន្តែវាមិនទាន់ដល់ពេលត្រូវស្នើសុំឲ្យប្រគល់ទេ មុនពេលជើងទម្របន្ថែមទៀតនៅប្រាសាទនោះត្រូវបានរកឃើញកាលពីឆ្នាំមុននោះ។
លោកស្រីបាននិយាយថា “ខ្ញុំគិតថា យើងមិនអាចស្នើសុំពិតប្រាកដ ដោយគ្មានការបញ្ជាក់ភ័ស្តុតាងឡើយ”៕ និត