
អ្នកនេសាទខ្មែរចំនួន៥៩នាក់ដែលធ្លាក់ខ្លួនក្លាយជាទាសករនៅលើទូកនេសាទថៃ អស់ជាច្រើនឆ្នាំបានវិលត្រឡប់មកប្រទេសកំណើតវិញកាលពីម្សិលមិញ ដោយសាច់ញាតិរបស់ពួកគេបានមកទទួលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានជួួយសង្គ្រោះអ្នកនេសាទទាំងនេះជាមួយអ្នកនេសាទដែលត្រូវបានគេជួញដូររាប់រយនាក់ផ្សេងទៀតចេញពីកោះដាច់ស្រយាលមួយឈ្មោះថា បេនជីណា កាលពីដើមខែមេសា ក្រោយពេលមានការស៊ើបអង្កេតដោយទីភ្នាក់ងារព័ត៌មានAP ដែលលាតត្រដាងថា កោះនេះត្រូវបានប្រើប្រាស់ជាកន្លែងសម្រាប់បង្ខំកម្មករឲ្យធ្វើការ។
លោក ប្រេត ឌីកសុន (Brett Dickson) អ្នកគ្រប់គ្រងកម្មវិធីនៅអង្គការអន្តរជាតិទេសន្តប្រវេសន៍កម្ពុជា ដែលបានសហការនៅក្នុងការធ្វើមាតុភូមិនិវត្តអ្នកនេសាទខ្មែរទាំងនេះ ដោយការធ្វើដំណើររបស់ពួកគេត្រូវបានរា៉ប់រងដោយគម្រោងប្រឆាំងការជួញដូរមនុស្សរបស់អង្គការ USAID នោះ បានលើកឡើងកាលពីម្សិលមិញថា អ្នកនេសាទទាំងនេះនឹងត្រូវចំណាយពេលពីរបីថ្ងៃនៅក្នុងរាជធានីភ្នំពេញជាទីដែលអង្គការអន្តរជាតិទេសន្តប្រវេសន៍កំពុងផ្តល់កន្លែងស្នាក់នៅឲ្យ ខណៈអ្នកចិត្តវិទ្យាបានចាប់ផ្តើមវាយតម្លៃអំពីតម្រូវការរបស់ពួកគេ។
លោក ឌីកសុន បានបន្ថែមថា នៅថ្ងៃព្រហស្បតិ៍ អ្នកនេសាទទាំងនេះនឹងចាប់ផ្តើមវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ។
កាលពីម្សិលមិញ អង្គការអន្តរជាតិទេសន្តប្រវេសន៍បានសហការជាមួយមន្ត្រីអន្តោប្រវេសន៍ដើម្បីធ្វើយ៉ាងណាឲ្យអ្នកនេសាទទាំងនេះរួចផុតពីការចាប់អារម្មណ៍របស់ក្រុមអ្នកកាសែត និងសាច់ញាតិ ដែលកំពុងរង់ចាំការមកដល់របស់ពួកគេ។
លោកស្រី គ្រីស្តេន ដាដី (Kristen Dadey) អ្នកជំនាញផ្នែកផ្តល់ជំនួយអន្តោប្រវេសន៍នៅអង្គការអន្តរជាតិទេសន្តប្រវេសន៍កម្ពុជា បានលើកឡើងថា ការធ្វើឲ្យអ្នកនេសាទទាំងនេះផុតពីក្រសែភ្នែករបស់ប្រព័ន្ធផ្សព្វផ្សាយ គឺជារឿងចាំបាច់ ដើម្បីការពារពួកគេ។
លោកស្រីបានមានប្រសាសន៍ថា “ពួកគេគឺជាមនុស្ស។ ពួកគេបានជួបបទពិសោធដ៏ជូរចត់ និងវេទនាខ្លាំងណាស់ ហេតុដូច្នេះយើងមិនចង់ឲ្យរូបភាពរបស់ពួកគេលេចចេញតាមទំព័រកាសែតឡើយ”។
នៅក្នុងកិច្ចសម្ភាសលើកមុន អ្នកនេសាទទាំងនេះបានរៀបរាប់អំពីការរំលោភបំពានដ៏ព្រៃផ្សៃក្រោមកណ្តាប់ដៃរបស់ម្ចាស់ទូកនេសាទថៃ ដែលបង្ខាំងពួកគេទុកនៅលើទូករហូតខណៈនេសាទនៅក្នុងដែនទឹកឥណ្ឌូណេស៊ី។
អ្នកខ្លះត្រូវបានគេវាយដំនឹងដំបងដែក អ្នកខ្លះទៀតត្រូវគេវាយដំច្រំធាក់ ហើយនៅពេលពួកគេសុំត្រឡប់មកស្រុកកំណើតវិញ ម្ចាស់ទូកនេសាទថៃ បានប្រាប់ពួកគេឲ្យលោតចូលក្នុងសមុទ្រ ហើយហែលត្រឡប់មកកម្ពុជាវិញ។
អ្នកស្រី ស៊ីម ឆន អាយុ៦៩ឆ្នាំ ដែលបានធ្វើដំណើរពីខេត្តកំពង់ធំទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទទួលកូនប្រុសអាយុ៣៩ឆ្នាំរបស់គាត់បានលើកឡើងថា អ្នកស្រីមានអារម្មណ៍រំភើបខ្លាំងណាស់ដែលបានជួបជុំជាមួយកូនវិញ ប៉ុន្តែបែរជាមិនសប្បាយចិត្តទៅវិញ ព្រោះអ្នកស្រីមិនបានឃើញកូនរបស់ខ្លួនចេញពីអាកាសយានដ្ឋានឡើយ។
អ្នកស្រីបានមានប្រសាសន៍ថា “កូនប្រុសរបស់ខ្ញុំបានចាកចេញពីប្រទេសកម្ពុជាប្រហែលប្រាំឆ្នាំកន្លងមកហើយ។ កាលពីម្សិលមិញ កូនប្រុសរបស់ខ្ញុំបានហៅទូរស័ព្ទមកខ្ញុំដើម្បីប្រាប់ថា គាត់នឹងមកដល់កម្ពុជានៅម៉ោងប្រហែល៤រសៀល។ ខ្ញុំសប្បាយចិត្ត និងរំភើបខ្លាំងណាស់។ ខ្ញុំមិនយល់ឡើយ ហេតុអ្វីបានគេធ្វើដូច្នេះ។ ខ្ញុំចង់ជួបកូនប្រុសរបស់ខ្ញុំឆាប់ៗ”។
លោកស្រី សារ៉ា ភីយ៉ាហ្សាណូ (Sara Piazzano) ប្រធានប្រចាំប្រទេសនៃគម្រោងប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា ដែលផ្តល់មូលនិធិដោយអង្គការ USAID បានបញ្ជាក់ថា អង្គការរបស់លោកស្រីបានចំណាយប្រាក់ប្រហែល៤០.០០០ដុល្លារ លើការធ្វើដំណើរត្រឡប់មកប្រទេសកំណើតវិញរបស់អ្នកនេសាទទាំង៥៩នាក់នេះ ហើយនឹងជួយអង្គការទេសន្តប្រវេសន៍ ដើម្បីជួួយអ្នកនេសាទទាំងនេះឲ្យមានឱកាសប្រឡូកក្នុងសង្គមឡើងវិញ។
លោកស្រីបានមានប្រសាសន៍ថា “នេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ ផ្នែកដ៏លំបាកបំផុតគឺការធ្វើឲ្យពួកគេអាចប្រឡូកក្នុងសង្គមវិញបាន។ ការផ្តល់ជំនួយផ្នែកចិត្តវិទ្យា គឺជាតម្រូវការដ៏ចាំបាច់ខ្លាំងណាស់”៕ ស៊ុយឈាង