
កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសលោក ហ៊ី ណារិន អតីតអធិការខណ្ឌមានជ័យឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំពីបទអំពើពុករលួយធ្ងន់ធ្ងរ ប៉ុន្តែបានសម្រេចឲ្យគាត់អនុវត្តទោសតែ១៨ខែប៉ុណ្ណោះ ចំណែកឯទោសដែលនៅសេសសល់ផ្សេងទៀតត្រូវព្យួរទាំងអស់។
តុលាការក៏បានបង្គាប់ឲ្យអតីតអធិការខណ្ឌរូបនេះប្រគល់ប្រាក់ជូនរដ្ឋវិញចំនួន១,៣៥លានដុល្លារ ជាចំនួនទ្វេគុណនៃប្រាក់ដែលគាត់បានកិបកេង និងបង់ប្រាក់ពិន័យចំនួន១៥.០០០ដុល្លារផងដែរ។
លោក ហ៊ី ណារិន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនកាលពីចុងខែកញ្ញា ហើយត្រូវនាំខ្លួនឡើងសវនាការជំនុំជម្រះកាលពីខែមីនា និងខែមេសា ពីបទកិបកេង និងកេងប្រវ័ញ្ចខុសច្បាប់។ ក្រោយពីត្រូវចាប់ខ្លួន អង្គភាពប្រឆាំងអំពើពុករលួយបានចោទប្រកាន់លោក ហ៊ី ណារិន ពីបទគ្រប់គ្រងក្រុមអនុវត្តន៍ផែនការទុច្ចរិត និងជំរិតទារប្រាក់ចន្លោះពីឆ្នាំ២០០៦រហូតមកទល់នឹងពេលគាត់ត្រូវចាប់ខ្លួន ដោយប្រមូលប្រាក់បានសរុបប្រហែល៦៧៨.០០០ដុល្លារ។
កាលពីម្សិលមិញ ចៅក្រមជំនុំជម្រះ កោ វណ្ឌី បានប្រកាសនៅក្នុងសាលសវនាការថា លោកបានសម្រេចផ្ដន្ទាទោសលោក ហ៊ី ណារិន ជាផ្លូវការឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ប៉ុន្តែគាត់ត្រូវអនុវត្តទោសនេះតែ១៨ខែប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា “ជាដំបូង [តុលាការ] បានសម្រេចផ្ដន្តាទោសជនជាប់ចោទ ហ៊ី ណារិន អាយុ៥៣ឆ្នាំ ជាជនជាតិខ្មែរឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ប៉ុន្តែត្រូវអនុវត្តទោសតែ១៨ខែប៉ុណ្ណោះ។ ទោសដែលនៅសេសសល់ផ្សេងទៀតនឹងត្រូវព្យួរ”។
លោកបានមានប្រសាសន៍បន្ថែមថា លោក ហ៊ី ណារិន ក៏ត្រូវបានតម្រូវឲ្យប្រគល់ប្រាក់ចំនួន៥,៤៣ពាន់លានរៀល (ប្រហែល១,៣៥លានដុល្លារ) ឲ្យទៅរដ្ឋវិញ និងបង់ប្រាក់ពិន័យចំនួន៦លានរៀល (ប្រហែល១.៥០០ដុល្លារ)ផងដែរ។
អំឡុងសវនាការជំនុំជម្រះលោក ហ៊ី ណារិន លោក កោ វណ្ឌី បានសង្ខេបបទល្មើសជាច្រើនរបស់គាត់ដែលរួមមាន ការលក់ម៉ូតូដែលដកហូតបាន ការជំរិតទារប្រាក់ពីមេល្បែងស៊ីសងខុសច្បាប់ និងម្ចាស់អាជីវកម្មក្នុងមូលដ្ឋាន ការតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់ថ្លៃធ្វើសៀវភៅគ្រួសារ ការទាមទារភាគរយពីការដោះស្រាយវិវាទគ្រោះថ្នាក់ចរាចរណ៍ និងការបើកយកប្រាក់ខែរបស់ “មន្ត្រីខ្មោច” ដែលគាត់បានបន្ថែមចូលទៅក្នុងបញ្ជីប្រាក់ខែរបស់នគរបាលខណ្ឌ ព្រមទាំងកេងយកប្រាក់ឧបត្ថម្ភពីមន្ត្រីក្រោមឱវាទរបស់ខ្លួន និងបើកយកប្រាក់ខែរបស់ពួកគេផងដែរ។
លោក កោ វណ្ឌី បានមានប្រសាសន៍ថា ទីបំផុតតុលាការបានសម្រេចឲ្យលោក ហ៊ី ណារិន ជាប់ពិរុទ្ធភាពពីបទកិបកេងមូលនិធិសាធារណៈ ដែលត្រូវមានទោសជាប់ពន្ធនាគារចន្លោះពី២ឆ្នាំដល់៥ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល (ប្រហែល១ពាន់ដុល្លារ) ដល់១០លានរៀល (ប្រហែល២.៥០០ដុល្លារ)។
តុលាការក៏បានសម្រេចឲ្យលោក ហ៊ី ណារិន ជាប់ពិរុទ្ធភាពពីបទកិបកេងផងដែរក្រោមមាត្រា៣៧ នៃក្រមព្រហ្មទណ្ឌរបស់អ៊ុនតាក់ដែលត្រូវបានប្រើប្រាស់សម្រាប់ការផ្ដន្ទាទោសនៅក្នុងប្រទេសកម្ពុជាចន្លោះពីឆ្នាំ១៩៩២ដល់ឆ្នាំ២០១០។ មាត្រា៣៧ ចែងថា ត្រូវមានទោសចន្លោះពី៣ឆ្នាំដល់១០ឆ្នាំ ហើយតម្រូវឲ្យជនល្មើសបង់ប្រាក់ពិន័យទ្វេគុណនៃប្រាក់ដែលខ្លួនបានកិបកេង។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីសាលក្រមនេះទេ។ លោកបានមានប្រសាសន៍ថា ” នេះគឺជាកិច្ចការរបស់តុលាការ ហើយការងាររបស់យើងគឺជារបស់យើង។ ត្រង់ថាយើងពេញចិត្តឬអត់ [សាលក្រម] គឺជាសិទ្ធិរបស់តុលាការ”។
លោក ណាច ទ្រី មេធាវីតំណាងឲ្យលោក ហ៊ី ណារិន ដែលបានមានប្រសាសន៍ថា លោកគ្មានវត្តមាននៅក្នុងតុលាការអំឡុងការកាត់ទោសនេះនោះ មិនទាន់បានឃើញសាលក្រមនេះនៅឡើយទេ ហេតុដូច្នេះហើយលោកមិនចង់ធ្វើអត្ថាធិប្បាយអំពីវាឡើយ។ លោកបានលើកឡើងទៀតថា “បើខ្ញុំមិនបានឃើញសាលក្រមផង ធ្វើម៉េចខ្ញុំអាចយល់បាន? គឺមានតែការយល់ខុសប៉ុណ្ណោះ”។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពអន្តរជាតិប្រចាំកម្ពុជា ដែលជាអង្គការប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា លោកគិតថា ការផ្ដន្ទាទោសនេះអាចទទួលយកបាន ដោយសារតែចំនួនប្រាក់ដែលលោក ហ៊ី ណារិន ត្រូវសងទៅរដ្ឋវិញ។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “សំណួរសួរថា តើត្រូវប្រមូលឬយកប្រាក់ឲ្យគ្រប់តាមចំនួននោះពីលោក ណារិន មកវិញដោយរបៀបណា”។ លោកបានលើកឡើងទៀតថា លោកឆ្ងល់ថាអ្វីទៅដែលជំរុញឲ្យចៅក្រមកាត់បន្ថយទោសរបស់លោក ហ៊ី ណារិន។ លោកបានបន្តថា “ចំនួនប្រាក់ពិន័យ និងទោសរយៈពេល៣ឆ្នាំគឺសមហេតុផល ប៉ុន្តែការកាត់បន្ថយទោសមកនៅត្រឹម១៨ខែ គឺនៅតែជាសំណួរដែលត្រូវចោទសួរ”៕ សុខុម (រាយការណ៍បន្ថែមដោយ Chris Mueller)