32 C
Phnom Penh

ឈើ​​​ប្រណីត​​​ជា​​​ច្រើន​​​ម៉ែត្រ​​​គូប​​​ត្រូវ​​​បាន​​​រឹប​​​អូស​​​ពេល​​​ដឹក​​​ទៅ​​​កាន់​​​ប្រទេស​​​វៀតណាម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ម្នាក់​​​បាន​​​ឲ្យ​​​ដឹង​​​ថា កង​​​រាជ​​​អាវុធហត្ថ និង​​​មន្ត្រី​​​គយ​​​​​​បាន​​​រឹបអូស​​​ឈើ​​​ប្រណីត​​​ចំនួន​​​៤០​​​ម៉ែត្រ​​​គូប​​​ ពី​​​រថយន្ត​​​ធុន​​​ធំ​​​ចំនួន​​​ពីរ​​​គ្រឿង​​​ ដែល​​​ព្យាយាម​​​ដឹក​​​ឈើ​​​ខុស​​​ច្បាប់ទៅ​​​កាន់​​​ប្រទេស​​​វៀតណាម ដោយឆ្លង​​​កាត់​​​ច្រក​​​ព្រំដែន​​​​​​ចាន់​​​មូល​​​ក្នុង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​។

លោក ទួត វុត្ថា​​​ នាយ​​​សង្កាត់​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ស្រុក​​​មេមត់​​​ បាន​​​​​​លើក​​​ឡើ​​​ង​​​ថា អាជ្ញាធរ​​​បាន​​​រឹប​​​អូស​​​រថយន្ត​​​ និង​​​ឈើ​​​ខុស​​​ច្បាប់​​​ទាំង​​​នេះ​​​នៅ​​​ច្រក​​​ព្រំដែន​​​ក្នុង​​​ស្រុក​​​មេមត់​​​ ប៉ុន្តែ លោក​​​បាន​​​បន្ថែម​​​ថា អ្នក​​​បើក​​​បរ​​​រថយន្ត​​​បាន​​​រត់​​​គេច​​​ខ្លួន​​​បាត់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “រថយន្ត​​​ចំនួន​​​ពីរ​​​គ្រឿង​​​ដែល​​​ពោរពេញ​​​​​​ទៅ​​​ដោយ​​​ឈើអារ​​​រួច​​​ចំនួន​​​៤០​​​ម៉ែត្រ​​​គូប​​​ ត្រូវ​​​បាន​​​​​​រឹបអូស​​​នៅ​​​ក្នុង​​​ប្រតិបត្តិការ​​​មួយ​​​ដឹក​​​នាំ​​​ដោយ​​​មន្ត្រី​​​គយ​​​ចល័ត​​​ ដោយ​​​មាន​​​ការ​​​សហការ​​​ពី​​​កង​​​រាជ អាវុធហត្ថ​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​”។ លោក វុត្ថា បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “យើង​​​មិន​​​ដឹង​​​ថា តើ​​​ឈើ​​​ទាំង​​​នេះ​​​មាន​​​ប្រភព​​​មក​​​ពី​​​ទីណា​​​ឡើយ​​​ ប៉ុន្តែ វា​​​កំពុង​​​ត្រូវ​​​បាន​​​ដឹក​​​​​​ទៅ​​​កាន់​​​ប្រទេស​​​វៀតណាម​​​​​​តាម​​​រយៈ​​​ច្រក​​​ព្រំដែន​​​ចាន់​​​មូល​​​​​​កាល​​​ពី​​​ម៉ោង​​​ប្រហែល​​​១១​​​យប់​​​មិញ​​​។ អ្នក​​​បើក​​​បរ​​​បាន​​​រត់​​​គេច​​​ខ្លួន​​​បាត់​​​”។

លោក​​​បាន​​​លើក​​​ឡើង​​​​​​បន្ត​​​ទៀត​​​ថា ឈើ​​​ទាំង​​​នេះ​​​កំពុង​​​ស្ថិត​​​នៅ​​​ក្នុង​​​ដៃ​​​របស់​​​មន្ត្រី​​​គយ​​​នៅ​​​ឡើយ​​​ ហើយ​​​នៅ​​​មិន​​​ទាន់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​កាន់​​​​​​សង្កាត់​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​របស់​​​លោក​​​នៅ​​​ឡើយ​​​ទេ​​​។ លោក​​​បាន​​​និយាយ​​​​​​ថា លោក​​​មិន​​​ដឹង​​​ថា តើ​​​អ្នក​​​បើក​​​បរ​​​បាន​​​រត់​​​គេច​​​ពី​​​ក្រុម​​​មន្ត្រី​​​ដោយ​​​របៀប​​​ណា​​​ឡើយ​​​។

​​​លោក ព្រាប គីរ៉ាត់ ប្រធាន​​​មន្ត្រី​​​គយ​​​ចល័ត​​​ដែល​​​ដឹក​​​នាំ​​​​​​ប្រតិបត្តិការ​​​នេះ​​​មិន​​​អាច​​​ទាក់​​​ទង សុំ​​​​​​ការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ឡើយ​​​៕ ស៊ុយឈាង​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស