លោកស្រី មូរ សុខហួរ សមាជិកសភាគណបក្សប្រឆាំងបានបដិសេធមិនឆ្លើយសំណួរទាំងអស់អំឡុងការសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ដោយបានប្រាប់ចៅក្រមត្រឹមតែថា លោកគ្មានសិទ្ធិកោះហៅលោកស្រីទេ ដោយសារលោកស្រីមានអភ័យឯកសិទ្ធិរួចផុតពីការផ្ដន្ទាទោស។
កាលពីឆ្នាំមុន លោកស្រី មូរ សុខហួរ បានដឹកនាំយុទ្ធនាការមួយដើម្បីចូលទៅកាន់ទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ អំឡុងការជាប់គាំងក្រោយការបោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជា។ បន្ទាប់ពីការតវ៉ាបានប្រែក្លាយជាហិង្សាកាលពីថ្ងៃទី១៥ ខែកក្កដា លោកស្រីត្រូវបានចាប់ខ្លួនជាមួយសមាជិកសភាគណបក្សសង្គ្រោះជាតិប្រាំមួយរូបទៀត ដែលក្រោយមកអ្នកទាំងអស់ត្រូវបានចោទប្រកាន់ពីបទ “ដឹកនាំកុបកម្ម”។
បន្ទាប់ពីកិច្ចព្រមព្រៀងរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង សមាជិកសភាគណបក្សសង្គ្រោះជាតិបានទទួលយកអាសនៈរបស់ខ្លួននៅក្នុងុរដ្ឋសភា ហើយទទួលបានអភ័យឯកសិទ្ធិ។ ទោះជាយ៉ាងណា ចាប់តាំងពីពេលនោះមក សមាជិកមួយចំនួនត្រូវបានកោះហៅទៅសាកសួរនៅតុលាការជុំវិញហេតុការណ៍កាលពីថ្ងៃទី១៥ ខែកក្កដា។
លោកស្រី មូរ សុខហួរ ជាសមាជិកសភាដ៏ឆ្នើមមួយរូបក្នុងចំណោមសមាជិកសភាដែលត្រូវបានចាប់ខ្លួន បានមានប្រសាសន៍នៅខាងក្រៅតុលាការកាលពីម្សិលមិញថា លោកស្រីនៅតែមិនឆ្លើយអំឡុងការសាកសួរ បន្ទាប់ពីសួរចៅក្រមថាតើហេតុអីបានជាលោកមិនយកចិត្តទុកដាក់នឹងអភ័យឯកសិទ្ធិសភារបស់លោកស្រី។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍សំដៅដល់មាត្រាក្នុងរដ្ឋធម្មនុញ្ញដែលផ្ដល់អភ័យឯកសិទ្ធិ និងលក្ខខណ្ឌដែលក្នុងនោះអាចត្រូវបានដកថា ” ខ្ញុំបានសួរតុលាការ លោក កែវ មុនី ចៅក្រមស៊ើបសួរថា មុនពេលកោះហៅរូបខ្ញុំថា តុលាការត្រូវអនុវត្តតាមមាត្រា៨០”។
លោកស្រីបានបន្ថែមថា ” ចៅក្រមរូបនោះបានប្រាប់ខ្ញុំថា គាត់មានសិទ្ធិមិនឆ្លើយសំណួររបស់ខ្ញុំ។ មាន១០ ឬប្រហែល១១ឬ១២សំណួរឯណោះទាក់ទងនឹងការតវ៉ាកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យ”។
លោកស្រីបានមានប្រសាសន៍ថា ” ដោយសារតុលាការមិនបានអនុវត្តតាមមាត្រា៨០ ស្ដីពីនីតិវិធីក្នុងការកោះហៅសមាជិកសភានោះ ដូច្នេះហើយខ្ញុំមានសិទ្ធិមិនឆ្លើយតបនឹងសំណួរដែលតុលាការបានសួរ”។
នៅពេលត្រូវបានសួរថា តើអ្វីដែលលោកស្រីគិតថានឹងកើតឡើងបន្ទាប់ពាក់ព័ន្ធករណីប្រឆាំងលោកស្រី និងសមាជិកសភាដទៃទៀតនោះ លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ត្រឹមតែថា លោកស្រីបានស្នើឲ្យមានការលើកលែងករណីនេះ។
លោកស្រីបានមានប្រសាសន៍ថា “ខ្ញុំមិនដឹងទេ ប៉ុន្តែខ្ញុំមានសំណូមពរពីរចំពោះតុលាការនៅថ្ងៃនេះ…។ ទី១ តុលាការត្រូវអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ។ សំណូមពរទី២ គឺថាតុលាការត្រូវលើកលែងការចោទប្រកាន់មកលើរូបខ្ញុំដែលជាសមាជិកសភាមួយរូប”។
លោកស្រីបានបន្ថែមថា ” តុលាការមិនបានឆ្លើយតបនឹងសំណូមពរទាំងនេះទេ”។ ចៅក្រម កែវ មុនី មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។
យោងតាមមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ សមាជិកសភាអាចត្រូវបានដកអភ័យឯកសិទ្ធិរបស់ខ្លួនដោយសំឡេងឆ្នោតដាច់ខាតពីរភាគបីនៃសមាជិកសភា។ សមាជិកសភាបច្ចុប្បន្នមាន៦៨រូបមកពីគណបក្សប្រជាជនកម្ពុជា និង៥៥រូបមកពីគណបក្សសង្គ្រោះជាតិ ដោយមិនមានគណបក្សណាមួយមានសំឡេងភាគច្រើនដាច់ខាតឡើយ៕ សារុន