27.5 C
Phnom Penh

តុលាការ​សាក​សួរ​ភ្ញៀវ​ទេសចរ​បីនាក់​ពី​បទ​ថត​រូប​អាស​អាភាស​នៅ​បរិវេណ​ប្រាសាទ​អង្គរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​ថា ភ្ញៀវទេសចរ​​បីនាក់​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​សៀមរាប​ធ្វើ​ការ​សាកសួរ​កាលពី​ម្សិលមិញ​បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ថត​រូបអាក្រាត​​កេរ្តិ៍ខ្មាស​ផ្នែក​ខាង​ក្រោយ​​នៅ​ប្រាសាទ​មួយ​ក្នុង​ឧទ្យាន​បុរាណ​វត្ថុអង្គរ​កាលពី​ថ្ងៃ​អាទិត្យ​។

លោក ឡុង កុសល អនុប្រធាន​អាជ្ញាធរ​អប្សរា​ ជា​ស្ថាប័ន​រដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ប្រាសាទ​​បាន​មាន​ប្រសាសន៍​​ថា បុរស​​ពីរ​នាក់​មក​ពី​ប្រទេស​អាហ្សង់ទីន និង​អុីតាលី​​អាយុ​ខ្ទង់​៣០​ឆ្នាំ​ ត្រូវ​បាន​សន្តិ​សុខ​​ចាប់​ខ្លួន​​ពេល​កំពុង​ថត​រូប​អាក្រាត​នៅ​ម៉ោង​២រសៀល​នៅ​ប្រាសាទ​តាព្រហ្ម ចំណែក​ស្ត្រី​អាយុ​១៩​ឆ្នាំ​ម្នាក់​មក​ពី​ប្រទេស​ហុល្លង់​ជា​អ្នក​ថតរូប​ឲ្យ​ពួកគេ​។

លោក​បាន​មាន​ប្រសាសន៍​ថា លោក​មិន​អាច​ប្រាប់​ឈ្មោះ​ភ្ញៀវ​ទេសចរ​ទាំង​នេះ​បាន​ទេ ពីព្រោះ​លោក​មិន​មាន​ឯកសារ​​ពាក់ព័ន្ធករណីនេះ​នៅ​ក្នុង​ដៃ​។

លោក​ កុសល បាន​មាន​ប្រសាសន៍​ថា “កាលពី​រសៀល​ថ្ងៃ​​អាទិត្យ សន្តិសុខ​របស់​យើង​បាន​ចាប់​ខ្លួន​ជន​បរទេស​បី​នាក់​នៅ​បរិវេណ​ប្រាសាទ​តាព្រហ្ម ខណៈ​ដែល​ពួកគេ​កំពុង​ថតរូប​អាក្រាត​កេរ្តិ៍​ខ្មាស​របស់ខ្លួន​​នៅ​ទីនោះ​”។

លោក​បាន​មាន​ប្រសាសន៍​ថា អ្នក​ទាំង​បី​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរ​បាល​​ទេសចរណ៍​ខេត្ត​សៀមរាប​ដើម្បី​ធ្វើ​ការ​សាកសួរ ដែល​នៅ​ទីនោះ​ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​មួយ​យប់​។

លោក កុសល បាន​មាន​ប្រសាសន៍​ថា ” នៅ​ពេល​សន្តិសុខទេសចរ​របស់​យើង​បាន​ឃើញ​ពួកគេ​ថត​រូប​បែប​នេះ សន្តិសុខ​​ទាំង​នោះ​បាន​ចាប់​ខ្លួន​ពួកគេ​ភ្លាមៗ ហើយ​បាន​ឆែក​មើល​ម៉ាស៊ីន​ថត​រូប​របស់​ជន​បរទេស​ទាំង​នេះ​ ហើយ​បាន​ឃើញ​​រូប​ថត​ជាច្រើន​។ ពួកគេ​ត្រូវ​បាន​បញ្ជូន​​ទៅ​ការិយាល័យ​នគរ​បាល​ទេសចរណ៍​​​ខេត្ត​សៀមរាប ហើយ​នៅ​ថ្ងៃ​នេះ​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​”។

លោក កើត វណ្ណារ៉ារ៉េត ព្រះរាជអាជ្ញា​បាន​មាន​ប្រសាសន៍​ថា តុលាការ​មិន​ទាន់​សម្រេច​ថាតើ​ត្រូវ​បញ្ជូន​ករណី​នេះ​​ទៅ​ចៅក្រម​ស៊ើបសួរដើម្បី​ផ្ដន្ទាទោស​ភ្ញៀវ​ទេសចរ​ទាំង​នេះ​ឬ​យ៉ាង​ណា​នោះ​ឡើយ​។ អ្នក​ទាំង​បី​ត្រូវ​បាន​សាក​សួរ​ជា​ច្រើន​ម៉ោង​នៅ​សាលា​ដំបូង​ខេត្ត​កាលពី​ម្សិលមិញ ប៉ុន្តែ​លោក វណ្ណារ៉ារ៉េត បាន​មាន​ប្រសាសន៍​ថា លោក​មិន​​មាន​ព័ត៌មាន​លម្អិត​​ទេ។

កាលពី​ខែ​កុម្ភៈ បង​ប្អូន​ស្រី​​ជនជាតិ​អាមេរិក​ពីរ​នាក់ដែល​​ត្រូវបាន​​ចាប់ខ្លួនដោយសារ​​​ថត​រូប​អាក្រាត​ពាក់​កណ្ដាល​ខ្លួន​នោះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ថតរូប​អាសអាភាស និង​គ្មាន​ការ​ពិចារណា ហើយ​ត្រូវ​បាន​​ព្យួរ​ទោស​​រយៈ​ពេល​៦​ខែ ពិន័យ​ជា​​ប្រាក់​ប្រហែល​២៥០​ដុល្លារ និង​ហាម​ឃាត់​មិន​​ឲ្យ​ចូល​ប្រទេស​កម្ពុជា​រយៈ​ពេល​៤ឆ្នាំ។ នៅ​ខែនោះ​ផង​ដែរ ភ្ញៀវ​ទេសចរ​ជនជាតិ​បារាំង​បី​នាក់​​ត្រូវ​បាន​​និរទេស​ទៅ​វិញ​តាម​ការ​ចោទ​ប្រកាន់​ស្រដៀង​គ្នា​នេះ​ដែរ។

លោក កុសល បាន​មាន​ប្រសាសន៍​ថា ទង្វើ​បែប​នេះ​គឺ​ជា​ការ​ប៉ះពាល់​ដល់​វប្បធម៌ខ្មែរ និង​​ព្រលឹង​ដូន​តា​នៅ​ប្រាសាទ​អង្គរ។

លោក​បាន​មាន​ប្រសាសន៍​ថា “ទី១ វប្បធម៌ខ្មែរ​មិន​ដែល​អនុញ្ញាត​ឲ្យ​បង្ហាញ​​រាង​កាយ​អាក្រាត​ក្នុង​ទីសាធារណៈ​ដូច​នេះ​ឡើយ ពីព្រោះ​ជា​ទង្វើ​មិន​ល្អ។ ទី២ ឧទ្យាន​អង្គរ​របស់​យើង​ត្រូវ​បាន​កសាង​ឡើង​ដើម្បី​បម្រើ​ដល់​ជំនឿ​សាសនា ដូច្នេះ​ហើយ​ការ​បង្ហាញ​រាង​កាយ​អាក្រាត​មិន​អាច​ទទួល​យក​បាន​ឡើយ​”។

លោក​បាន​បន្ថែម​ថា ការ​ធ្វើ​ដូច​នេះ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​យើង​​យ៉ាង​ធ្ងន់ធ្ងរ​ ពីព្រោះ​ប្រាសាទ​របស់​យើង​​​ជា​កន្លែង​ដែល​ប្រជាជន​គោរព​ដល់​សាសនា​ និង​ជា​ព្រលឹង​របស់​ជាតិ​យើង​”៕ សារុន​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស