
នៅឯផ្ទះខ្ទមរបស់ខ្លួននៅកាច់ជ្រុងនៃចំណុចផ្លូវប្រសព្វដ៏មមាញឹកមួយក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញកាលពីម្សិលមិញ លោក លី ស្រា៊ងខេង វ័យ៥៨ឆ្នាំ បានយកដុំថ្មគប់ជើងរបស់ខ្លួន ហើយគ្រវីក្បាល នៅពេលគិតដល់ខុនដូមួយដែលគេសាងសង់នៅលើដីដែលគាត់បានតស៊ូការពារអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
គាត់បាននិយាយសំដៅដល់អតីតអ្នកជិតខាងដែលបានទទួលយកសំណងកាលពីប៉ុន្មានឆ្នាំមុនហើយរើចេញថា “ខ្ញុំក្រៀមក្រំណាស់ដែលបាត់បង់ផ្ទះរបស់ខ្ញុំ។ ខ្ញុំជាម្ចាស់របស់វាជាយូរមកហើយ។ អ្នកផ្សេងៗទៀតគ្មានឯកសារដូចខ្ញុំទេ”។
ដោយកូនស្រីរបស់គាត់ជាប់ពន្ធនាគារដោយសារតែវិវាទដីធ្លីនេះជាមួយឧកញ៉ា ឃុន សៀ នៅទីបំផុតពោលគឺកាលពីខែមុន លោក លី ស្រា៊ងខេង និងក្រុមគ្រួសារបានចុះកិច្ចព្រមព្រៀងទទួលយកសំណងជាថ្នូរនឹងដីឡូតិ៍របស់គាត់។ ប៉ុន្តែគាត់និយាយថា វាជាកិច្ចព្រមព្រៀងមួយដែលធ្វើឡើងដោយការបង្ខិតបង្ខំពួកគាត់។ គាត់បាននិយាយទៀតថា “មែន យើងបានយល់ព្រម ប៉ុន្តែយើងមិនគួរណាយល់ព្រមទេ”។
គាត់អះអាងថា ពួកគាត់បានរស់នៅលើដីឡូតិ៍នេះតាំងពីឆ្នាំ១៩៧៩មកម្លេ៉ះ។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ការិយាល័យរដ្ឋបាលមូលដ្ឋាន និងទីស្នាក់ការរបស់គណបក្សប្រជាជនកម្ពុជាស្ថិតនៅពីលើផ្ទះប្រកស័ង្កសីរបស់គាត់ ប៉ុន្តែដីនេះត្រូវបានដោះដូរជាមួយក្រុមហ៊ុនឃុនសៀ អាហរ័ណ នីហរ័ណ ក្នុងឆ្នាំ២០១០។
ក្នុងរយៈពេល៥ឆ្នាំចាប់តាំងពីពេលនោះមក គ្រួសារមួយនេះបានតស៊ូទប់ទល់ការគំរាមកំហែងពីសំណាក់ក្រុមអន្ធពាលដែលគេចោទថាជួលដោយក្រុមហ៊ុនរបស់លោក ឃុន សៀ ដោយសារតែគ្រួសារនេះមិនព្រមទទួលយកសំណង១៥.០០០ដុល្លារជាថ្នូរនឹងការរើចេញ។
តាមច្បាប់ភូមិបាលរបស់កម្ពុជា លោក លី ស្រា៊ងខេង មានសិទ្ធិក្លាយជាម្ចាស់ដីនោះតាមផ្លូវច្បាប់ ដោយសារតែគាត់បានកាន់កាប់ដីនោះជាង៥ឆ្នាំមុនឆ្នាំ២០០១។ ទោះជាយ៉ាងណា ការខំប្រឹងប្រែងរបស់គាត់ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីមិនទទួលបានជោគជ័យទេ ហើយសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឲ្យលោក ឃុន សៀ ឈ្នះខណៈវិវាទនេះបានបន្តអូសបន្លាយរយៈពេលវែង។
នៅទីបំផុតការតតាំងរបស់គ្រួសារនេះត្រូវគេបំបែកបានកាលពីខែមីនា នៅពេលពួកគាត់ទទួលយកសំណងដើម្បីរើចេញពីដីនេះ។ នៅពេលនោះ លោក លី ស្រា៊ងខេង និយាយថា គាត់សុខចិត្តចាញ់ ប៉ុន្តែមិនមែនដើម្បីប្រាក់ទេ។ គាត់និយាយថា គាត់សង្ឃឹមថានឹងមានការដោះលែងកូនស្រីរបស់គាត់ឈ្មោះ លី ស៊ាវមិញ អាយុ២៣ឆ្នាំ ដែលបានជាប់ពន្ធនាគារតាំងពីខែវិច្ឆិកាមក ក្រោយពីក្រុមហ៊ុនបានធ្វើការចោទប្រកាន់បន្ទាប់ពីមានហេតុការណ៍ប្រវាយប្រតប់គ្នាជាមួយសន្តិសុខក្រុមហ៊ុននេះ។
លោក ជូង ជូងី មេធាវីតំណាងឲ្យគ្រួសារនេះបានមានប្រសាសន៍កាលពីម្សិលមិញថា ពេលនេះមានកិច្ចព្រមព្រៀងជាចុងក្រោយហើយ បន្ទាប់ពីកញ្ញា លី ស៊ាវមិញ ត្រូវបានដោះលែងពីពន្ធនាគារ ហើយថា ការជាប់ពន្ធនាគាររបស់នាងមិនមែនជាកត្តាមួយនៅក្នុងការសម្រេចចិត្តរបស់គ្រួសារនេះទេ។
លោកបានមានប្រសាសន៍ទៀតថា ” ពួកគាត់បានយល់ព្រមទទួលយកសំណង ពីព្រោះម្ដាយនិងកូនស្រីពួកគាត់បានព្យាយាមបញ្ចុះបញ្ចូលឲ្យដោះស្រាយរឿងនេះតាមផ្លូវតុលាការ ហើយក៏សម្រេចចិត្តថា ការបន្តសំណុំរឿងនេះនឹងធ្វើឲ្យរង់ចាំកាន់តែយូរ ហើយទទួលបាន [លទ្ធផល] ដដែល”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា សំណងចុងក្រោយចំនួន១៨ម៉ឺនដុល្លារត្រូវបានព្រមព្រៀងគ្នាកាលពី២សប្ដាហ៍មុន ដោយប្រគល់ប្រាក់ឲ្យចំនួន៥ម៉ឺនដុល្លារនៅពេលចុះហត្ថលេខា ហើយចំណែកដែលនៅសេសសល់ចំនួន១៣ម៉ឺនដុល្លារទៀតត្រូវបង់ឲ្យពួកគាត់នៅពេលពួកគាត់ចាកចេញពីដីនេះតាមការគ្រោងទុកនៅថ្ងៃទី២០ ខែឧសភា។
លោក ឃុន សៀ មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញជុំវិញបញ្ហានេះ។ លោក យឹម លាង ដែលជាដៃគូរកស៊ីរបស់លោកបានបញ្ជាក់ថា ពិតជាមានកិច្ចព្រមព្រៀងនេះមែន។ លោកបានមានប្រសាសន៍ទៀតថា “មែន យើងបានផ្ដល់សំណងឲ្យពួកគាត់។ អស់លោកអាចទៅសាកសួរគ្រួសារនេះបានថា ប្រាក់នោះមានចំនួនប៉ុន្មាន”៕ សុខុម