កាលពីម្សិលមិញ លោកស្រី ម៉ម សូម៉ាលី សកម្មជនប្រឆាំងការជួញដូរមនុស្សដែលមានរឿងអាស្រូវបានបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ដើម្បីផ្សព្វផ្សាយអំពីអង្គការអាហ្វេសីុប ដែលលោកស្រីបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងភាពជាទាសករផ្លូវភេទ និងដើម្បីស្នើសុំជំនួយពីទស្សនកិច្ចជនកម្ពុជា។
លោកស្រី ម៉ម សូម៉ាលី បានលាលែងពីតំណែងជាប្រធានមូលនិធិម៉ម សូមា៉លី កាលពីឆ្នាំមុន បន្ទាប់ពីសេចក្តីរាយការណ៍ព័ត៌មានបានលាតត្រដាងថា លោកស្រីបានប្រឌិតរឿងអតីតកាលរបស់លោកស្រី ហើយបានបង្រៀនក្មេងស្រីៗឲ្យចេះភូតកុហកអំពីរឿងអតីតកាលផ្ទាល់ខ្លួនដើម្បីរៃអង្គាសប្រាក់។ លោកស្រីបានលាលែងពីអង្គការអាហ្វេសីុប កាលពីឆ្នាំ២០១៣ នេះបើតាមអង្គការនេះបានលើកឡើងកាលពីឆ្នាំមុន។
ជាផ្នែកនៃការខិតខំដើម្បីរៃអង្គាសប្រាក់ បន្ទាប់ពីរឿងអាស្រូវដែលធ្វើឲ្យមូលនិធិរបស់លោកស្រីបានបិទទ្វារ ហើយអង្គការអាហ្វេស៊ីប បានកាត់បន្ថយការងាររបស់ខ្លួនដោយសារការកាត់ផ្តាច់មូលនិធិនោះ លោកស្រី ម៉ម សូម៉ាលី បានបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍CTV8HD របស់បណ្ដាញទូរទស្សន៍ខ្សែកាប PPCTV កាលពីម្សិលមិញ។
លោក សែម បូរ៉ា ពិធីកររបស់ទូរទស្សន៍CTV8HD បានអំពាវនាវឲ្យទស្សនិជនចូលរួមក្នុងព្រឹត្តិការណ៍រៃអង្គាសប្រាក់របស់អង្គការអាហ្វេស៊ីបដែលនឹងធ្វើឡើងនៅក្នុងខេត្តកំពង់ចាមនៅថ្ងៃទី២៥ ខែឧសភា ដោយជួសមុខឲ្យប្រធានគ្រប់គ្រងទូទៅរបស់បណ្តាញទូរទស្សន៍ខ្សែកាប PPCTV ។
លោកស្រី ម៉ម សូម៉ាលី បានប្រាប់ពិធីកររូបនេះថា អង្គការប្រឆាំងការជួញដូរមនុស្សរបស់លោកស្រីនៅតែទាក់ទាញមូលនិធិពីក្រៅប្រទេសដដែល។
លោកស្រីបានមានប្រសាសន៍ដោយមិនផ្តល់ព័ត៌មានលម្អិតអំពីឈ្មោះម្ចាស់ជំនួយថា “ប្រទេសក្រៅជាច្រើនកំពុងជួយ ដូចជាប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក ប្រទេសនៅតំបន់អឺរ៉ុប ដូចជាប្រទេសបារាំង និងអាល្លឺម៉ង់ជាដើម។ តារាសម្ដែងហូលីវូដ និងមន្ត្រីរដ្ឋាភិបាលក៏ជួយដែរ”។
លោកស្រី ម៉ម សូម៉ាលី ក៏បានឆ្លៀតឱកាសពេលបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍នេះនិយាយអំពីបញ្ហារបស់ក្មេងស្រីៗ ដែលធ្លាក់ខ្លួនក្លាយជាពេស្យាចារផងដែរ។
លោកស្រីបានមានប្រសាសន៍ថា “តើពួកគេទាំងអស់នោះចង់ធ្វើដូច្នេះទេ? ខ្ញុំជឿជាក់ថា ពួកគេនឹងឆ្លើយថា ប្រសិនបើពួកគេមានជម្រើសពួកគេនឹងទៅធ្វើការងារផ្សេងវិញ”។
លោកស្រីបានគូសបញ្ជាក់ថា សង្គមដែលបន្សល់ពីសង្គ្រាមក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដល់ទសវត្សរ៍ឆ្នាំ១៩៨០ គឺជាកត្តាដែលធ្វើឲ្យមានពេស្យាចារនៅក្នុងប្រទេស។
លោកស្រីបានមានប្រសាសន៍ថា “សំណួរគឺនៅត្រង់ថា កត្តាអ្វីទៅដែលជំរុញឲ្យពួកគេធ្វើជាពេស្យាចារ? យើងត្រូវតែនិយាយអំពីសង្គម…យើងបានឃើញហើយថា សង្គមខ្មែរយើងទទួលរងការឈឺចាប់អស់រយៈពេល២០ឆ្នាំ ចាប់តាំងពីរបប លន់ ណល់ រហូតដល់របប ប៉ុល ពត ដែលសម្លាប់រង្គាល និងធ្វើឲ្យមានសង្គ្រាមស៊ីវិល”។
នៅពេលទាក់ទងតាមទូរស័ព្ទក្រោយពីកិច្ចសម្ភាសតាមទូរទស្សន៍រួច លោក បូរ៉ា បានលើកឡើងថា លោកគ្មានបំណងសួរដេញដោលលោកស្រី ម៉ម សូម៉ាលី ពាក់ព័ន្ធនឹងបញ្ហាភូតកុហកក្នុងពេលថ្មីៗនេះរបស់លោកស្រីឡើយ ហើយនៅតែគិតថា លោកស្រីនៅតែជាប្រធានអង្គការអាហ្វេស៊ីប។
លោក បូរ៉ា បាននិយាយថា “ខ្ញុំបានអញ្ជើញគាត់ក្នុងនាមគាត់ជាប្រធានអង្គការអាហ្វេស៊ីប…ហើយខ្ញុំមិនដឹងថា តើគាត់បានលាលែងពីតំណែង ឬក៏អត់នោះឡើយ ហើយខ្ញុំមិនបានសួរគាត់អំពីបញ្ហារបស់គាត់ទេ”។
លោក សុខ ធី ប្រធានគ្រប់គ្រងទូទៅរបស់បណ្តាញទូរទស្សន៍ខ្សែកាប PPCTV មិនអាចទាក់ទងបានទេ។ លោក សៅ ឈឿត នាយកប្រតិបត្តិរបស់អង្គការអាហ្វេស៊ីបបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ដោយបង្វែរសំណួរទៅលោកស្រី ម៉ម សូម៉ាលី ៕ ស៊ុយឈាង