ក្រុមមន្ត្រីបានឲ្យដឹងថា កាលពីមិ្សលមិញសាលាដំបូងខេត្តកំពង់ចាមបានចោទប្រកាន់ស្ត្រីអាយុ៣៩ឆ្នាំម្នាក់ពីបទជួញដូរមនុស្ស បន្ទាប់ពីតាមចោទថាស្ត្រីរូបនេះបានបោកប្រាស់មនុស្សជាង១២នាក់ឲ្យទៅធ្វើការនៅប្រទេសម៉ាឡេស៊ីក្រោមការសន្យាក្លែងក្លាយ។
លោក មិន សុវិសាល នាយការិល័យនគរបាលប្រឆាំងការជួញដូរមនុស្សខេត្តបានមានប្រសាសន៍ថា អ្នកស្រី ហម ឡី ត្រូវបានចាប់ខ្លួនក្នុងឃុំស្ពឺ ស្រុកចម្ការលើ នៅម៉ោងប្រហែល១០និង៣០នាទីព្រឹកថ្ងៃសៅរ៍។
លោក សុវិសាល បានមានប្រសាសន៍ថា “យើងបានចាប់ខ្លួនស្ត្រីរូបនេះតាមដីការបស់តុលាការតាមការចោទប្រកាន់ពីបទបោកប្រាស់មនុស្សឲ្យទៅធ្វើការនៅប្រទេសម៉ាឡេស៊ី…។ យើងបានចាប់ខ្លួនស្ត្រីរូបនេះរយៈពេលជិត១សប្ដាហ៍ បន្ទាប់ពីគាត់បានត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញ”។
លោកបានមានប្រសាសន៍ថា ការចាប់ខ្លួនអ្នកស្រី ឡី ធ្វើឡើងបន្ទាប់ពីពលករចំណាកស្រុកប្រាំបីនាក់ដែលស្ត្រីរូបនេះបានបោកប្រាស់ត្រូវបានអាជ្ញាធរម៉ាឡេស៊ីឃុំខ្លួនកាលពីថ្ងៃទី៦ ខែមីនា នៅប៉ុស្តិ៍ត្រួតពិនិត្យមួយតាមព្រំដែនថៃ ខណៈដែលពួកគេបានព្យាយាមត្រឡប់មកស្រុកកំណើតរបស់ខ្លួនវិញ បន្ទាប់ពីរត់គេចពីចម្ការដូងប្រេងដែលលិខិតឆ្លងដែនរបស់ពួកគេត្រូវបានរឹបអូស។
លោក សុវិសាល បានមានប្រសាសន៍ថា ” ជនរងគ្រោះទាំងនេះបានប្រាប់នគរបាលថា ពួកគេត្រូវបានបោកប្រាស់ ហើយត្រូវបានប្រាប់ថា ពួកគេនឹងទទួលបានការងារល្អ មានប្រាក់ខែខ្ពស់ ប៉ុន្តែផ្ទុយទៅនឹងការសន្យានោះ ពួកគេត្រូវបាននគរបាលម៉ាឡេស៊ីចាប់ដាក់ពន្ធនាគារ”។
លោកបានមានប្រសាសន៍ថា អ្នកស្រី ឡី បានសារភាពចំពោះការជួញដូរក្រុមនេះ ហើយសារភាពថា បានទទួលប្រាក់២០០ដុល្លារពីពលករម្នាក់ៗពីមេខ្លោងជនជាតិខ្មែរក្នុងប្រទេសម៉េឡេស៊ី។
អ្នកស្រី កិល ស្រីនាថ អាយុ៣០ឆ្នាំ ជាប្រពន្ធរបស់លោក ឌឹម វ៉ា អាយុ៣៤ឆ្នាំ ដែលបច្ចុប្បន្ននេះកំពុងរង់ចាំសវនាការជំនុំជម្រះនៅប្រទេសម៉ាឡេស៊ីបន្ទាប់ពីត្រូវបានចាប់ខ្លួនដោយមិនមានលិខិតឆ្លងដែននោះ បានពន្យល់ពីស្ថានភាពធ្ងន់ធ្ងរដែលប្ដីរបស់អ្នកស្រីត្រូវបានបង្ខំឲ្យធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី បន្ទាប់ពីអ្នកស្រី ឡី បានសម្របសម្រួលការធ្វើដំណើររបស់គាត់ទៅកាន់ប្រទេសនេះ។
អ្នកស្រី ស្រីនាថ បាននិយាយថា “ប្ដីរបស់ខ្ញុំបានទូរស័ព្ទមកខ្ញុំនៅពេលគាត់សម្រេចចិត្តរត់គេចចេញពីចម្ការដូងប្រេង ពីព្រោះថៅកែរបស់គាត់បានបង្ខំឲ្យគាត់ធ្វើការថែមម៉ោងដោយខ្វះការថែទាំសុខភាព”។
លោក ផាន់ សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាមបានមានប្រសាសន៍ថា អ្នកស្រី ឡី ត្រូវបានចោទប្រកាន់ពីបទជួញដូរមនុស្ស ហើយថា ក្រសួងការបរទេស និងស្ថានទូតកម្ពុជាប្រចាំទីក្រុងគូឡាឡាំពួរបានព្យាយាមស្វែងរកពលករប្រាំមួយនាក់ទៀតដែលគេគិតថា ត្រូវបានជួញដូរជាមួយក្រុមនេះដែរ។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានសម្រេចចោទប្រកាន់ស្ត្រីរូបនេះហើយតាមមាត្រា១១ នៃច្បាប់ប្រឆាំងការជួញដូរមនុស្ស”។ លោកបានបន្ថែមថា ស្ត្រីរូបនេះត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្ត។
លោក សុភ័ក្ត្រ បានមានប្រសាសន៍ថា តុលាការបានស៊ើបអង្កេតលើជនសង្ស័យផ្សេងទៀតនៃក្រុមជួញដូរមនុស្សនេះ៕ សារុន