26 C
Phnom Penh

ជនរងគ្រោះ​ពី​ការ​បណ្តេញ​ចេញ​ពី​ដី​ធ្លី​ចង់​បាន​ដីធ្លី​ពី​ក្រុមហ៊ុន​ស្ករស​មក​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កសិករ​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​ដែល​ត្រូវ​បង្ខំ​ឲ្យ​ចេញ​ពី​ដី​ធ្លី​របស់​ខ្លួន​ដោយ​ក្រុមហ៊ុន​ចម្ការ​អំពៅ​បី​ដែល​ឥឡូវ​នេះ​លុប​ចោល​វិញ​ទៅ​ហើយ​នោះ និយាយ​ថា ទាហាន​បាន​ចាប់​ផ្តើម​ចូល​មក​នៅ​លើ​ដី​ស្រែ​ចម្ការ​ចាស់​របស់​ពួកគាត់ ហើយ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ច័ន្ទ​ឲ្យ​ប្រគល់​ដី​នោះ​ទៅ​ប្រជាពលរដ្ឋ​ដែល​បាន​បាត់បង់​ដី​នោះ​វិញ។

មិត្រ ផល ជា​ក្រុមហ៊ុន​ស្ករ​ស​ដ៏​ធំ​របស់​ថៃ ដែល​ផ្គត់ផ្គង់​ក្រុមហ៊ុន កូកាកូឡា បាន​ទទួល​សម្បទាន​ដី​មាន​ទំហំ​២០.០០០​ហិកតា នៅ​ក្រុង​​សំរោង​កាលពី​ឆ្នាំ​២០០៨ ហើយ​បាន​ដក​ចេញ​វិញ​កាលពី​ចុង​ឆ្នាំ​មុន ដោយ​មិន​បាន​ប្រមូល​ផល មិន​បាច់​និយាយ​ដល់​បាន​នាំ​ចេញ ស្ករ​ស​នោះ​ទេ។

ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា អ្វី​ដែល​គេ​បាន​ធ្វើ​គឺ​លួច​ប្លន់​ដី​ពី​ប្រជាពលរដ្ឋ​ប្រហែល​២.០០០​គ្រួសារ បាន​ដុត​បំផ្លាញ​ផ្ទះ​សំបែង​ប្រហែល​២០០​ខ្នង​របស់​ពួកគេ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​កម្លាំង​សន្តិសុខ​មូលដ្ឋាន និង​បាន​ធ្វើ​ឲ្យ​ប្រជា​កសិករ​ដែល​អាច​រស់​នៅ​ចិញ្ចឹម​ខ្លួន​ឯង​បាន ធ្លាក់​ក្នុង​ភាព​ក្រីក្រ​លំបាក និង​ជាប់​បំណុល។

ឥឡូវ​នេះ​ចម្ការ​ទាំង​នោះ​ត្រូវ​បាន​ប្រគល់​មក​ឲ្យ​រដ្ឋ ដូច្នេះ​គ្រួសារ​ទាំង​នោះ​និយាយ​ថា រដ្ឋាភិបាល​គ្មាន​លេស​ណា​ទៀត​ថា មិន​ប្រគល់​ដី​ឲ្យ​ពួកគាត់​នោះ​ទេ។

លោក សួន សន ដែល​បាន​បាត់​បង់​ដី​ចម្ការ​របស់​គាត់​ទៅ​លើ​ចម្ការ​ទាំង​នោះ បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ នៅ​ពេល​ចេញ​របាយការណ៍ NGO ថ្មី​អំពី​ជម្លោះ​នេះ នៅ ភ្នំពេញ​ថា “បន្ទាប់ពី​រដ្ឋាភិបាល​បាន​យក​វា​មក​វិញ យើង​បាន​ឃើញ​កម្លាំង​ប្រដាប់​អាវុធ​កាប់​ឆ្ការ​ដី​នោះ។ សូម​មេត្តា ប្រគល់​វា​មក​ឲ្យ​សហគមន៍​វិញ”។

លោក​បាន​និយាយ​ថា “យក​វា​ធ្វើ​ជា​សម្បទាន​ដី​សង្គម​កិច្ច​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​មិន​មាន​ដី”។

រដ្ឋាភិបាល​បាន​ពន្យល់​អំពី​តម្រូវ​ការ​សម្រាប់​សម្បទាន​ដី​សេដ្ឋកិច្ច (ELCs) ដូចជា​សម្បទាន​ដី​ដែល​ខ្លួន​បាន​ឲ្យ​ក្រុមហ៊ុន​មិត្រ ផល ដោយ​សរសើរ​ការ​ជួយ​លើក​ស្ទួយ​ដែល​ពួកគេ​ផ្តល់​ដល់​សេដ្ឋកិច្ច និង​ការងារ​ដែល​ពួកគេ​ផ្តល់​ឲ្យ​អ្នក​ស្រុក​ធ្វើ។ ប៉ុន្តែ​នៅ​ទូទាំង​ប្រទេស សហគមន៍​ដែល​បាន​ឃើញ​សម្បទាន​ដី​សេដ្ឋកិច្ច​ចូល​មក និយាយ​ថា ដី​សម្បទាន​ធ្វើ​ឲ្យ​ពួកគេ​ជួប​បញ្ហា​លំបាក ហើយ​រដ្ឋាភិបាល​មិន​បាន​ផ្តល់​ភ័ស្តុតាង​ដើម្បី​បញ្ជាក់​ឡើយ។

លោក សន បាន​និយាយ​ថា “យើង​បាន​បាត់បង់​ព្រៃ​ឈើ​របស់​យើង យើង​បាន​បាត់បង់​ដីចម្ការ​របស់​យើង ហើយ​ប្រជាជន​ដែល​ធ្លាប់តែ​ប្រមូល​អនុផល​ព្រៃ​ឈើ បាន​បាត់បង់​ប្រភព​ប្រាក់​ចំណូល។ យើង​មិន​ឃើញ​មាន​ផល​ប្រយោជន៍​ណាមួយ​ឡើយ មាន​តែ​បញ្ហា​ប៉ុណ្ណោះ”។

គ្រួសារ​ខ្លះ​បាន​ទទួល​ដី​ថ្មី​ជំនួស​អ្វី​ដែល​ពួកគាត់​បាន​បាត់បង់ ប៉ុន្តែ​ពួកគាត់​និយាយ​ថា ដី​ថ្មី​នោះ​គ្មាន​ជីជាតិ​អាច​ដាំ​ដុះ​បាន​ឡើយ។ ដោយ​គ្មាន​ដី​ស្រែ​ចម្ការ​ចាស់​របស់​ពួកគាត់ និង​មាន​ជម្រើស​តិចតួច​ផ្សេងទៀត​ដើម្បី​រក​ប្រាក់ មនុស្ស​ជាច្រើន​បាន​ចាក​ចេញ​ពី​ស្រុក​ភូមិ​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។

អ្នក​ស្រី ហួយ ម៉ៃ ដែល​បាន​បាត់បង់​ដីធ្លី​ដោយសារតែ​ចម្ការ​នោះ​ដែរ បាន​និយាយ​ថា កូនៗ​របស់​គាត់​ស្ថិត​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ច្រើន​នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ប្រមូល​មួយ​រយៈ​ពេល​ខ្លី​កាលពី​ឆ្នាំមុន ក្នុង​ពេល​បង្ក្រាប​លើ​កម្មករ​ចំណាក​ស្រុក​ខុស​ច្បាប់ ដែល​បាន​បណ្តេញ​ពួកគេ​ជាង​២០០.០០០​នាក់​មក​ប្រទេស​កម្ពុជា​វិញ។
អ្នក​ស្រី​បាន​និយាយ​ថា “ប្រសិនបើ​យើង​មាន​ដី​ធ្លី ពិត​ណាស់​យើង​នឹង​មក​វិញ គ្មាន​នរណា​ចង់​នៅ​ប្រទេស​ថៃ​ទេ”។

ប៉ុន្តែ​ការ​មើល​ឃើញ​ទាហាន​ចូល​មក​នៅ​លើ​ដី​ចម្ការ​ចាស់​របស់​ពួកគាត់ គ្រួសារ​ទាំង​នោះ​បារម្ភ​ថា ពួកគេ​នឹង​បាត់បង់​ម្តង​ទៀត បើ​ទោះ​ជា​ក្រុមហ៊ុន​មិត្រ​ផល​ដក​ចេញ​ក្តី។

ជា ជួង ដែល​បាន​បាត់បង់​ដី​ប្រាំ​ហិកតា​ដោយសារ​ចម្ការ​នេះ​ដែរ បាន​និយាយ​ថា “យើង​បាន​ឃើញ​ទាហាន​មក​សុំ​ដី​ឲ្យ​គ្រួសារ​របស់​ពួកគេ។ ដី​នេះ​គួរ​ត្រូវ​ផ្តល់​ឲ្យ​សហគមន៍​វិញ ប៉ុន្តែ ខ្ញុំ​បារម្ភ​ថា ដី​នេះ​នឹង​ត្រូវ​គេ​ប្រគល់​ឲ្យ​ភាគី​ផ្សេង”។

ដំណឹង​អំពី​ការ​សម្រេច​របស់ មិត្រ​ផល ដក​ចេញ​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ និង​ការ​សម្រេច​របស់​រដ្ឋាភិបាល​លុបចោល​សម្បទាន​របស់​ខ្លួន មិន​មែន​ជា​រឿង​ថ្មី​ទេ។

កាលពី​ខែ​កុម្ភៈ អង្គការ​សមធម៌​កម្ពុជា​បាន​និយាយ​ថា អង្គការ​បាន​ឮ​ព័ត៌មាន​ពី​មន្ត្រី ហើយ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត លោក យឿន ប៊ុនថា បាន​បញ្ជាក់​នៅ​ពេល​នោះ​ថា ចម្ការ​ទាំង​នោះ​បាន​យល​់ព្រម​ឲ្យ​ដី​របស់​ពួកគេ​មក​រដ្ឋាភិបាល​វិញ។

ក្រុមហ៊ុន​មិត្រផល មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​ការ​ពន្យល់​ម្តង​ហើយ​ម្តង​ទៀត​នោះ​ទេ។

កាលពី​ថ្ងៃ​សុក្រ ក្រសួង​កសិកម្ម​បាន​បង្ហោះ​បញ្ជី​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ទើប​លុប​ចោល​ថ្មីៗ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​លើក​ឡើង​ថា សម្បទាន​របស់​មិត្រផល​ត្រូវ​បាន​ប្រគល់​ជា​ផ្លូវការ​ឲ្យ​រដ្ឋ​វិញ​នៅ​ខែ​មីនា។

លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ​ក្រសួង​នេះ បាន​និយាយ​ថា មិត្រផល បាន​ដក​ចេញ “ដោយសារតែ​ភាព​ចម្រូង​ចម្រាស​ទាក់ទិន​នឹង ‘ស្ករ​ឈាម’ ជា​ពាក្យ​ដែល​ជន​រងគ្រោះ​ពី​ការ​បណ្តេញ​ចេញ​ប្រើ​សំដៅ​លើ​ស្ករ​ដែល​ដាំដុះ​លើ​ចម្ការ​ចាស់​របស់​ពួកគេ។

លោក សុផល្លែត បាន​និយាយ​ថា លោក​មិន​បាន​ដឹង​មូល​ហេតុ​ដែល​ក្រុមហ៊ុន​ថៃ​នេះ​មិន​បាន​ដាំ​អំពៅ​មួយ​ដើម​ណា​លើ​ដី​នេះ តាម​កិច្ច​សន្យា​របស់​ខ្លួន​ទេ។ លោក​បាន​និយាយ​ថា លោក​ក៏​មិន​បាន​ដឹង​អំពី​របាយការណ៍​ពី​អង្គការ​អក់ស្វាម​និង​អែកសិន​អេដស៍ ដែល​បាន​ចេញ​របាយការណ៍​កាលពី​ថ្ងៃ​ច័ន្ទ ថា​ម្ចាស់​ក្រុមហ៊ុន​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត ដោយ​អនុញ្ញាត​ឲ្យ​កាប់​ឈើ​នៅ​លើ​ដី​សម្បទាន​របស់​ខ្លួន និង​ដំឡើង​រោងចក្រ​កែច្នៃ​ឈើ។

លោក សុផល្លែត បាន​និយាយ​ថា រដ្ឋាភិបាល​នៅ​កំពុង​ធ្វើ​ការ​សម្រេច​នៅ​ឡើយ​ថា​ធ្វើ​អ្វី​លើ​ដី​នោះ និង​ថា វា​អាច​បាន​ទៅ​ជន​រងគ្រោះ​បាត់បង់​ដី​វិញ។

លោក​បាន​និយាយ​ថា “គោល​នយោបាយ​រដ្ឋាភិបាល​គឺ ប្រសិនបើ​ដី​នោះ​របស់​ប្រជា​ពលរដ្ឋ យើង​ប្រគល់​ឲ្យ​ពួកគាត់​វិញ”។ លោក​បាន​បន្ថែម​ថា លោក​សង្ស័យ​អំពី​ការ​អះអាង​ដែល​ថា ទាហាន​បាន​ចាប់​ផ្តើម​ចូល​ទៅ​នៅ​ទី​នោះ​ហើយ។

លោក​បាន​និយាយ​ថា “ជួនកាល​[មាន]​ពាក្យ​ចចាម​អារ៉ាម​នៅ​ទី​នេះ​ទី​នោះ។ យើង​កំពុង​សិក្សា​លើ​ភ័ស្តុតាង”។

លោក អ៊ំ សុភក្ត្រ អភិបាល​ក្រុង​សំរោង បាន​និយាយ​ថា លោក​មិន​បាន​ដឹង​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ដី​នោះ​ទេ ប៉ុន្តែ​បាន​បដិសេធ​ថា ទាហាន​មិន​បាន​ចូល​កាន់កាប់​ទេ។

លោក​បាន​និយាយ​ថា “យើង​ទើប​បាន​ទទួល​លិខិត​មួយ​ច្បាប់​ពី​អភិបាល[ខេត្ត] ដែល​ប្រាប់​អាជ្ញាធរ​ក្រុង​ឲ្យ​ថែរក្សា​ដី​នោះ និង​កុំ​ឲ្យ​អ្នក​ណា​ធ្វើ​ចម្ការ។ ឥឡូវ​នេះ​យើង​កំពុង​រង់ចាំ​ជំហាន​បន្ទាប់​ពី​ថ្នាក់​ដឹកនាំ​កំពូល”។

លោក ស ថាវី អភិបាល​ខេត្ត​មិន​អាច​ទាក់ទង​បាន​ទេ។ លោក វ៉ាត ប៉ារ៉ានីន អភិបាល​រង បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។

របាយការណ៍​កាលពី​ថ្ងៃ​ច័ន្ទ​ពី​អង្គការ​អក់​ស្វាម​និង​អែកសិន​អេដស៍​ស៊ី​ចង្វាក់​គ្នា​នឹង​ការ​រក​ឃើញ​នៃ​ការ​ស៊ើប​អង្កេត​កន្លង​មក​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​អក់​ស្វាម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងទៀត។

កាលពី​ឆ្នាំ​មុន គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​ជាតិ​របស់​ប្រទេស​ថៃ ដែល​បាន​ធ្វើការ​ស្រាវជ្រាវ​ផ្ទាល់​របស់​ខ្លួន​និង​ចុះ​ទៅ​ពិនិត្យ​ដល់​ទី​កន្លែង​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​និយាយ​ថា ខ្លួន​បាន​យល់​ស្រប​ថា ជន​រងគ្រោះ​ពី​ការ​បណ្តេញ​ចេញ​មាន​សិទ្ធិ​ទាមទារ​កាន់កាប់​ដី​នោះ​ស្រប​ច្បាប់ ហើយ​ថា​ក្រុមហ៊ុន​ចម្ការ​ទាំង​នោះ​បាន​ល្មើស​ច្បាប់​ក្នុង​ស្រុក។

ក្រុមហ៊ុន​កូកា​កូឡា ដែល​រាប់​បញ្ចូល​ក្រុមហ៊ុន មិត្រផល ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្គត់ផ្គង់​ស្ករ​ស​បី​​លើ​ពិភព​លោក ក៏​បាន​ទៅ​ពិនិត្យ​តំបន់​នោះ​កាលពី​ឆ្នាំ​មុន​ដែរ ប៉ុន្តែ​បាន​ប្រកែក​មិន​ឲ្យ​ដឹង​នូវ​លទ្ធផល​រក​ឃើញ​របស់​ខ្លួន​ទេ។ ក្រុមហ៊ុន​នេះ​បាន​សន្យា​ថា​នឹង​សម្អាត​ក្រុមហ៊ុន​ផ្គត់ផ្គង់​ស្ករ​ស​របស់​ខ្លួន​ក្នុង​ពេល​ពីរបី​ឆ្នាំ​បន្ទាប់​ទៀត ប៉ុន្តែ​មិន​ទាន់​ធ្វើ​អ្វី​ដើម្បី​ជួយ​ជន​រងគ្រោះ​ពី​ការ​បណ្តេញ​ចេញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស