សមាជិកសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាមួយក្រុមប្រហែល១៥០នាក់ មានគម្រោងធ្វើដំណើរទៅកាន់ដីដែលមានវិវាទក្នុងខេត្តត្បូងឃ្មុំ ជាការឆ្លើយតបទៅនឹងលិខិតរបស់លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកាលពីសប្ដាហ៍មុន ដែលអះអាងថា តំបន់នេះជាកម្មសិទ្ធិរបស់វៀតណាម។
លោក ម៉ៅ ពិសេស ប្រធានសហព័ន្ធនេះបានមានប្រសាសន៍ថា សកម្មជនទាំងអស់នឹងជួបជាមួយអ្នកភូមិមកពីស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃអាទិត្យ ហើយនឹងចុះទៅមើលដីដែលមានវិវាទទំហំ១៦,៦ហិកតាដែលប្រជាជនមូលដ្ឋានអះអាងថា ទាហានវៀតណាមបានបំផ្លាញដំណាំរបស់ពួកគាត់កាលពីខែមេសា។
លោក ពិសេស បានមានប្រសាសន៍ថា “គោលបំណងនៃការចុះទៅពិនិត្យមើលនេះ គឺដើម្បីស្វែងរកការពិតដោយជួបជាមួយអ្នកភូមិមូលដ្ឋាន។ ជាពិសេស យើងនឹងសុំឲ្យប្រជាជនមូលដ្ឋានជូនពួកយើងទៅកាន់ដីស្រែដែលមានវិវាទ ដែលប្រជាជនវៀតណាម និងអាជ្ញាធរបាញ់សារធាតុពុល”។
លោកបានមានប្រសាសន៍ថា “ទី២យើងចង់ចែកចាយចំណេះដឹងដល់និស្សិតអំពីប្រវត្តិសាស្ត្រ និងបញ្ហាព្រំដែន”។ លោកបានបន្ថែមថា គោលបំណងនៃការចុះទៅពិនិត្យមើលនេះ គឺដើម្បីស្វែងរកការពិត និង “មិនប៉ះពាល់ដល់នរណាម្នាក់ឡើយ”។
កាលពីសប្ដាហ៍មុន សហព័ន្ធនេះបានអំពាវនាវឲ្យលោក ហោ ណាំហុង លាលែងពីតំណែងបន្ទាប់ពីលោកបាននិយាយនៅក្នុងលិខិតមួយច្បាប់ផ្ញើជូនលោក ហេង សំរិន ប្រធានរដ្ឋសភា ដោយលើកឡើងថា រដ្ឋាភិបាលបានកំណត់ថា អ្នកភូមិជនជាតិខ្មែរដាំដំណាំនៅក្នុងទឹកដីវៀតណាម។
លោក គី ទេត អាយុ៤៧ឆ្នាំ ជាកសិករមូលដ្ឋានបាននិយាយថា លោកនឹងណែនាំក្រុមសកម្មជនដល់មនុស្សចំណាស់ក្នុងភូមិដែលនឹងផ្ដល់ព័ត៌មានអំពីប្រវត្តិដីមានវិវាទនេះ។
លោក គី ទេត បាននិយាយថា “ខ្ញុំចង់ឲ្យហេតុការណ៍នេះ ដែលកងទ័ពវៀតណាមបានបំផ្លាញដំណាំរបស់យើង បង្ហាញដល់សហគមន៍អន្តរជាតិ និងមេដឹកនាំជាន់ខ្ពស់ដើម្បីស្វែងយល់ថា ដីស្រែនេះត្រូវបានប្រើប្រាស់ដោយដូនតារបស់យើង ដូច្នេះវាមិនពិតទេដែលថា ដីនេះជារបស់វៀតណាមនោះ”។
លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា ក្រុមនេះនឹងធ្វើដំណើរក្នុងប្រទេសកម្ពុជាដោយសេរី ប៉ុន្តែថា លោកមិនអាចការពារពួកគេបានទេ ប្រសិនបើពួកគេឆ្លងព្រំដែននោះ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើពួកគេធ្វើសកម្មភាពដែលប៉ះពាល់ដល់ច្បាប់របស់ប្រទេស ពួកគេត្រូវទទួលខុសត្រូវដោយខ្លួនឯង៕ សារុន