32 C
Phnom Penh

លោក សម រង្ស៊ី ចាប់ផ្តើម​យុទ្ធនាការ​រៃអង្គាស​ប្រាក់​សម្រាប់ស្ថានីយ​ទូរទស្សន៍​គណបក្ស​សង្គ្រោះ​ជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ចាប់​ផ្ដើម​យុទ្ធនាគារ​រៃអង្គាស​ប្រាក់​​ចំនួន​៣លាន​ដុល្លារ​សម្រាប់​​ស្ថានីយ​ទូរទស្សន៍​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ តាមរយៈការ​អំពាវ​នាវ​ដល់ប្រជា​ជន​កម្ពុជា​រស់​នៅ​ក្រៅ​ប្រទេស​​នៅក្នុង​ប្រទេស​កាណាដា​ឲ្យ​ទិញ​ភាគ​ហ៊ុន​ក្នុង​តម្លៃ​១.០០០​ដុល្លារ​នៅ​ក្នុង​ក្រុម​ហ៊ុន​នៅ​ពេល​ភាគ​ហ៊ុន​ទាំង​នេះ​ដាក់​លក់​នៅ​ចុង​ខែ​នេះ​។

លោក សម រង្ស៊ី បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង​​ កាណាដា និង​សហរដ្ឋអាមេរិក ដើម្បី​រៃ​អង្គាស​ប្រាក់​សម្រាប់​​ស្ថានីយទូរទស្សន៍​ដែល​មាន​​ទំនាក់​ទំនង​ជាមួយ​គណបក្ស​ប្រឆាំង​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ទីក្រុង​តូរ៉ុនតូ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ការ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​។

លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​​ខ្សែអាត់​វីដេអូ​ដែលចែក​ចាយ​តាម​ប្រព័ន្ធ​អុីនធើណិត​កាលពី​ម្សិលមិញ ដែល​គេឃើញ​លោក​និយាយ​​នៅ​កន្លែង​ហាត់​ប្រាណ​មួយ​​ទៅ​កាន់​មនុស្ស​មួយ​ក្រុម​ប្រហែល​១០០​នាក់​ថា “​សម្រាប់​ស្ថានីយទូរទស្សន៍​នេះ​ គណបក្ស​របស់​យើង​មិន​មាន​ប្រាក់​ច្រើន​ដូច​ស្ថានីយ​ទូរទស្សន៍​ដទៃ​ទេ”។

ដោយ​សំដៅ​ជាក់​ស្ដែង​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លោក​បាន​ចោទ​ប្រកាន់​ជា​យូរ​មក​ហើយ​ថា​បាន​រៃអង្គាស​ប្រាក់​ខុស​ច្បាប់​នោះ​ លោក សម​ រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “វា​ជា​លុយ​បាន​មក​ពី​ញើស​ឈាម មិន​មែនជាលុយ​ពុករលួយ មិនមែន​បាន​មកពី​លួច​ជាតិ និង​បំផ្លាញ​ប្រទេស​ជាតិ​ឡើយ”។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍ថា “​​ស្ថានីយទូរទស្សន៍​នេះ​មិន​មែន​ជា​ស្ថានីយ​ទូរទស្សន៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ប៉ុន្តែ​ជា​ស្ថានីយ​របស់​ប្រជាជន​កម្ពុជា​។ យើង​ត្រូវ​ការ​ប្រាក់​យ៉ាង​តិច​៣លាន​ដុល្លារ ហើយ​ប្រាក់​៣លាន​ដុល្លារ​នេះ​នឹង​ត្រូវ​បែង​ចែក​ជា​៣.០០០​ភាគហ៊ុន ដែល​ក្នុង​មួយ​ភាគហ៊ុន​តម្លៃ​១.០០០ដុល្លារ​”។

នៅ​ក្នុង​ខ្សែអាត់​វីដេអូ​ លោក សម រង្ស៊ី បាន​លើក​ឡើង​ថា លោក​ជឿថា វា​នឹង​ជា​ការ​​ងាយ​ស្រួល​ក្នុង​ការ​រៃអង្គាស​ប្រាក់​ ប្រសិន​បើ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ទាំង​ក្នុង​​ប្រទេស​កម្ពុជា និង​ប្រជា​ជន​ខ្មែរ​ដែល​រស់​នៅ​ក្រៅ​ប្រទេស​ទិញ​ភាគហ៊ុន​នៅ​ពេល​ភាគ​ហ៊ុនទាំងនោះ​​ត្រូវ​បាន​ដាក់​លក់​​។

មេដឹក​នាំ​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា “នៅ​ពេល​ខ្ញុំ​ត្រឡប់​មក​ដល់​រាជធានី​ភ្នំពេញ​វិញ ខ្ញុំ​នឹង​ប្រកាស​ប្រាប់​ដល់​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​នៅ​ទូទាំង​ពិភព​លោក​ ដូច​ជា​ក្នុង​ប្រទេស​កាណាដា​ជាដើម​…​សុំ​ឲ្យ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិទាំង​អស់​​​ផ្ដល់​ព័ត៌មាន​​ដល់​បង​ប្អូន​របស់​យើង​ដែល​ចង់​ទិញភាគ​ហ៊ុន​ ពីព្រោះ​វា​មាន​តម្លៃ​តែ​១.០០០​ដុល្លារ​ប៉ុណ្ណោះ”។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទូរទស្សន៍​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​លើស​លប់​ដោយ​ស្ថានីយ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សន្យា​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ស្ថានីយទូរទស្សន៍​ជាផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ​កាលពី​ថ្ងៃទី២២ ខែ​កក្កដា ដែល​បាន​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​របស់​គណបក្ស​ប្រឆាំង​ជុំវិញ​លទ្ធផល​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ដ៏ចម្រូងចម្រាស៕ សារុន​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស