34 C
Phnom Penh

ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ឡាវពីបទ​ជួញដូរ​គ្រឿង​ញៀន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​ប្រឆាំង​ការ​ជួញដូរ​គ្រឿង​ញៀន​​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា នគរ​បាល​នៅ​ក្នុង​ប្រទេស​ឡាវ​​បាន​ចាប់​ខ្លួន​ស្ត្រី​ខ្មែរ​ម្នាក់​​រួម​ជាមួយ​នឹង​ជនជាតិ​ឡាវ​ពីរ​នាក់​​​ទៀត​បន្ទាប់ពី​អ្នក​ទាំង​បី​ព្យាយាម​​ឆ្លង​ដែន​​នៅ​ភាគឦសាន​របស់​កម្ពុជា​​​ជាមួយ​នឹង​ថ្នាំញៀន​មេតំហ្វេតាមីន​​ទម្ងន់​៦គីឡូក្រាម​កាលពី​ថ្ងៃ​អាទិត្យ​។

លោក អុិន សុង អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​​គ្រឿង​ញៀន​​នៃ​​​ក្រសួង​មហាផ្ទៃ​ បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យទាំង​បី​ដែល​រួម​មាន​ទាំង​ស្ត្រី​ខ្មែរ​ម្នាក់​ឈ្មោះ ប៊ុន នាថ អាយុ​៤៨​ឆ្នាំ​ផង​​ បាន​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​​ពី​សំណាក់​កង​កម្លាំង​សន្តិសុខ​ខេត្ត​ស្ទឹង​ត្រែង។ នៅ​ពេល​​ពួកគេ​​ជិះ​រថយន្ត​មួយបាំង​កន្លះ​ឆ្លង​ដែន​ភ្លាមៗ​កាលពី​រសៀល​ថ្ងៃ​អាទិត្យ​ នគរ​បាល​ឡាវ​បាន​ឃាត់​ខ្លួន​ពួកគេ​ ហើយ​ដកហូត​បាន​ថ្នាំ​ញៀន​ទាំង​នេះ​ដែល​គេ​ស្គាល់​​ថា​ “ម៉ាទឹកកក” ក្នុង​ចំនួន​យ៉ាង​ច្រើន​។

លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា “​យើង​សង្ស័យ​ថា ពួកគេ​គឺ​ជាអ្នក​រត់ពន្ធ​គ្រឿង​ញៀន​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ប្រទេស​ឡាវ ហើយ​នគរ​បាល​ប្រឆាំង​គ្រឿង​ញៀន​របស់​យើង​បាន​រាយការណ៍​រឿង​នេះ​ទៅ​នគរ​បាល​ឡាវ ហើយ​យើង​បាន​បន្ត​ឃ្លាំមើល​ពួកគេ។ នៅ​ពេល​​​រថយន្ត​វីហ្គោមួយ​បាំង​កន្លះ​របស់​ពួកគេ​ត្រូវ​បាន​ឃាត់​ទុក នគរ​បាល​បាន​​ឆែក​ឆេរ​​ឃើញ​​ម៉ាទឹកកក​ទម្ងន់​​៦គីឡូក្រាម​ដែល​ពួកគេ​រក្សាទុក​។

លោក​បាន​លើក​ឡើង​ទៀត​ថា នគរ​បាល​​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​​បាន​ធ្វើ​សហប្រតិបត្តិ​ការ​ជិត​ស្និទ្ធ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៥​មក ដើម្បី​បង្ក្រាប​ការ​រត់ពន្ធ​​​ឆ្លង​ដែន​។

លោក​បាន​​មាន​ប្រសាសន៍​បន្ត​ថា “​រហូត​មក​ទល់​​ពេល​​នេះ​​ មាន​ប្រតិបត្តិការ​ចំនួន​បួន​ ដែល​ក្នុង​នោះ​មាន​ការ​ដោះ​ដូរ​ព័ត៌មាន​គ្នា​ឈាន​ទៅ​ដល់​ការ​ដក​ហូត​ម៉ាទឹកកក​បាន​ទម្ងន់​១៣​គីឡូក្រាម​ ហើយ​ជន​ជាប់​សង្ស័យ​​ជា​អ្នក​រត់ពន្ធ​គ្រឿង​ញៀន​ចំនួន​២១​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ក្នុង​នោះ​រួម​មាន​​កម្ពុជា​បួន​នាក់​ផង”។

ព្រំដែន​​ដែល​ធូររលង់​របស់​កម្ពុជា​ជាប់​​​ប្រទេស​ឡាវ លាន​សន្ធឹង​ប្រវែង​ប្រហែល​៥០០​គីឡូ​ម៉ែត្រ​ ហើយ​ភ្ជាប់​​ទៅ​​តំបន់​ផលិត​ថ្នាំ​ញៀន​​ដែល​គេ​​ឲ្យ​ឈ្មោះ​ថា​​តំបន់​ត្រីកោណមាស ជា​តំបន់​ភ្នំ​​ត្រួត​ស៊ីគ្នា​រវាង​ប្រទេស​ឡាវ ប្រទេស​ថៃ និង​ប្រទេស​ភូមា ដែល​បង្កើត​បាន​​ជា​ចំណុច​ស្នូល​មួយ​ក្នុង​ចំណោម​​ចំណុច​ស្នូល​នៃ​របរ​រត់ពន្ធ​​គ្រឿង​ញៀន​ខុស​ច្បាប់។

នៅ​មុន​ការ​ចាប់​ខ្លួន​កាលពី​​ម្សិលមិញ នគរ​បាល​ព្រំដែន​កម្ពុជា​បាន​ឃាត់​ខ្លួន​ជន​ជាតិ​ឡាវ​ប្រាំពីរ​នាក់​ចាប់​តាំង​ពី​ខែ​មករា​មក ហើយ​ដកហូត​បាន​ថ្នាំញៀន​ទម្ងន់​១៨​គីឡូក្រាម​ ដែល​ភាគច្រើន​ជា​ម៉ាទឹកកក និង​មេតំហ្វេតាមីន​។

លោក មាស វីរិទ្ធ អគ្គលេខាធិការ​​រង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ បាន​មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​ក្នុង​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ពី​ភាព​ជោគ​ជ័យ​កាន់​តែ​ច្រើន​ឡើង​នៃ​កិច្ច​សហប្រតិបត្តិការ​ឆ្លង​ដែន​រវាង​នគរ​បាល​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​​​នៃ​ប្រទេស​ទាំងពីរ។

តួលេខ​ដែល​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​​បាន​បញ្ចេញ​កាលពី​ឆ្នាំ​មុន​ ​បង្ហាញ​ពី​ការ​កើន​ឡើង​​​ការ​ចាប់​ខ្លួន​ពាក់​ព័ន្ធ​​គ្រឿង​ញៀន​ និង​ការ​ដក​ហូត​គ្រឿង​ញៀន​នៅ​ក្នុង​រយៈ​ពេល​បួន​ខែ​ដើម​ឆ្នាំ​​នេះ​ ពោល​គឺ​កើន​ឡើង​១៦៣ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៤៕ សុខុម​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស