យោងតាមអង្គការតស៊ូមតិមួយដែលរៀបចំសិក្ខាសាលានៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញបានឲ្យដឹងថា ស្ត្រីរកស៊ីផ្លូវភេទប្រហែល២.០០០នាក់ ត្រូវបានចាប់ខ្លួននៅតាមផ្លូវក្នុងរាជធានីភ្នំពេញក្នុងរយៈពេលប្រាំពីរឆ្នាំកន្លងមកនេះ ហើយជារឿយៗត្រូវបានគេរំលោភបំពាន និងជំរិតទារប្រាក់ ខណៈត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំងរបស់នគរបាល។
លោកស្រី កែវ ថា ប្រធានអង្គការបណ្តាញការងារស្ត្រីរួបរួមគ្នាបានឲ្យដឹងថា ទោះបីជាសិក្ខាសាលានេះត្រូវបានគេរៀបចំដើម្បីជួយឲ្យស្ត្រីរកស៊ីផ្លូវភេទបានពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋានស្តីពីបញ្ហាសុវត្ថិភាពក្តី ប៉ុន្តែ មានតែមន្ត្រីចំនួនពីរនាក់ប៉ុណ្ណោះ ក្នុងចំណោមមន្ត្រីមូលដ្ឋាន ដែលត្រូវបានអញ្ជើញចំនួនប្រាំបួននាក់បានមកចូលរួមក្នុងសិក្ខាសាលានេះ។
លោកស្រី កែវ ថា បានលើកឡើងថា មន្ត្រីនគរបាលគឺជាបុគ្គលដែលបង្កការគំរាមកំហែងខ្លាំងបំផុតចំពោះស្ត្រីរកស៊ីផ្លូវភេទក្នុងរាជធានី។
លោកស្រីបានអះអាងថា “នៅពេលនគរបាលខណ្ឌចាប់ខ្លួនស្ត្រីរកស៊ីផ្លូវភេទ ពួកគេបានវាយដំ រើសអើង ជំរិតទារប្រាក់ពីស្ត្រីរកស៊ីផ្លូវភេទ។ ហើយបង្ខំឲ្យស្ត្រីទាំងនេះលាងបង្គន់និងបង្ខំពួកគេឲ្យរួមភេទ ប្រសិនបើចង់ត្រូវបានដោះលែងវិញ”។
ចាប់តាំងពីច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្សនិងការកេងប្រវ័ញ្ចផ្លូវភេទបានចូលជាធរមានកាលពីឆ្នាំ២០០៨មក លោកស្រី កែវ ថា បានបា៉ន់ប្រមាណថា មានស្ត្រីរកស៊ីផ្លូវភេទជាង២.០០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញ។ លោកស្រីបានលើកឡើងទៀតថា ច្បាប់ដែលធ្វើឲ្យស្ត្រីពេស្យាចារត្រូវគេដាក់ទោសទណ្ឌពីមួយថ្ងៃដល់ប្រាំមួយថ្ងៃនៅក្នុងពន្ធនាគារ គឺត្រូវបានរំលោភបំពានយ៉ាងខ្លាំង។
លោកស្រីបានមានប្រសាសន៍ថា “វាគឺជាច្បាប់ដែលត្រូវបានប្រើជាលេសដើម្បីរំលោភបំពានស្ត្រីរកស៊ីផ្លូវភេទ ហេតុដូច្នេះយើងចង់លុបបំបាត់ចោលមាត្រាទាំងនេះនៅក្នុងច្បាប់នេះ”។
នៅពេលត្រូវបានសួរថា តើអ្វីដែលអាជ្ញាធរមូលដ្ឋាននឹងធ្វើដើម្បីដោះស្រាយបញ្ហានេះ លោកស្រី ញឿន មុំ មន្ត្រីខណ្ឌទួលគោក ដែលបានចូលរួមក្នុងសិក្ខាសាលាេនះបានលើកឡើងថា លោកស្រីនឹង “លើកឡើងពីបញ្ហានេះ យកមកសិក្សា និងធ្វើរបាយការណ៍”។ លោកស្រីបន្ថែមថា “យើងមានការសោកស្តាយដែលគ្មាននគរបាលមកនៅក្នុងថ្ងៃនេះ”។
នៅពេលទាក់ទងតាមទូរស័ព្ទ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញដែលមិនបានបញ្ជូនតំណាងមកចូលរួមសិក្ខាសាលាកាលពីម្សិលមិញ បានបដិសេធថា គ្មានការរំលោភបំពានស្ត្រីរកស៊ីផ្លូវភេទទេនៅក្នុងខណ្ឌរបស់លោក។
លោកបានមានប្រសាសន៍ថា “សូមរកឲ្យឃើញភ័ស្តុតាងដែលថាយើងជាអ្នកទទួលខុសត្រូវ។ ហើយសូមបោសសំអាត [ស្ត្រីរកស៊ីផ្លូវភេទ] ពីផ្លូវសាធារណៈ”៕ស៊ុយឈាង