
សម្រាប់ភាពយន្តឯកសារថ្មីបំផុតរបស់លោក ផលិតករភាពយន្ត រិទ្ធី ប៉ាន់ បានសម្រេចចិត្តទុកឲ្យទស្សនិកជនធ្វើការសន្និដ្ឋានដោយខ្លួនឯង ដូច្នេះលោកបានបង្កើតខ្សែភាពយន្តមួយដោយគ្មានសំឡេងនិយាយ។
លោកប៉ាន់ បាននិយាយក្នុងបទសម្ភាសមួយថា” គេត្រូវតែទុកឲ្យរូបភាពនិយាយវិញ។ ប្រសិនបើគេនិយាយជំនួសរូបភាព ដំណើរនៃការយល់ដោយខ្លួនឯង នៃការយល់បរិបទប្រវត្តិសាស្ត្រ ពិតជាមិនបានល្អ។ ផ្ទុយទៅវិញ នៅពេលដែលលោកអ្នក អ្នកមើល អង្គុយមើលភាពយន្ត…លោកអ្នកនឹងបង្កើតបាននូវសេចក្តីអត្ថាធិប្បាយដែលផ្អែកលើលោកអ្នក គឺជានរណា”។
ដូច្នេះលោក ប៉ាន់ ដែលភាពយន្តរបស់លោកមានចំណងជើងថា”កង្វះរូបភាព” បានទទួលរង្វាន់ឆ្នើមមួយក្នុងចំណោមរង្វាន់ពីរនៅឯមហោស្រពភាពយន្តកែនន៍ ហើយបានស្ថិតក្នុងចំណោមបេក្ខជនប្រកួតផ្តាច់ព្រាត់អូស្កាប្រាំនាក់នៅក្នុងប្រភេទភាពយន្តភាសាបរទេសកាលពីឆ្នាំមុន បានផលិតភាពយន្តគ។
សំឡេង មានភ្លេងដើមដែលសរសេរដោយអ្នកនិពន្ធបទភ្លេងជនជាតិបារាំង លោក ម៉ាក ម៉ាដឺរ។អក្សរបារាំងពីរបីបន្ទាត់ បង្ហាញត្រង់នេះត្រង់នោះលើផ្ទាំង ជាស្ទីលភាពយន្តគ ដោយមានអក្សរចំណងជើង ក្នុងពេលដែលរូបភាពឯកសារបង្ហាញជាបន្តបន្ទាប់។ គ្រោងនឹងបញ្ចាំងនៅក្នុងក្រុងភ្នំពេញជាលើកដំបូងនៅខែនេះ ដែលមានចំណងជើងថា”បារាំងជាមាតុភូមិយើង” គឺជាភាពយន្តចាប់ផ្តើមឡើងដោយមានរូបភាពនៃគេហដ្ឋានដ៏ធំមួយខ្នង នៅព័ទ្ធជុំវិញដោយរុក្ខជាតិខៀវបំព្រង ជាព្រៃដែលដុះនៅក្នុងទីនោះយូរមកហើយ។
បន្ទាប់មក ក្នុងសករាជដែលគេហដ្ឋានមួយខ្នងនេះ គឺពោរពេញទៅដោយមនុស្សច្រើន មានជីវិតរស់រវើក គឺពិភពនៃអាណានិគមបារាំងក្នុងប្រទេសកម្ពុជា វៀតណាម ឡាវ និងអាហ្វ្រិក។
ពិភពនេះ ត្រូវបង្ហាញឲ្យឃើញតាមរយៈកែវមា៉ស៊ីនថតរបស់អ្នកដែលកាន់ម៉ាស៊ីនថត មានខ្លះជាមន្ត្រីជនជាតិបារាំង ឬអ្នកជំនួញ អ្នកខ្លះជាអ្នកស្រុកជនជាតិបារាំង ឬទេសចរដែលចង់បានរូបភាពដើម្បីបង្ហាញមិត្តភក្តិ និងក្រុមគ្រួសារ។
ប្រជាជនជនជាតិខ្មែរ និងវៀតណាមខ្លះនៅក្នុងរូបថត បានសុខចិត្តឲ្យគេថត ចំណែកឯមួយចំនួនទៀត បានយល់ឃើញថាការថតនេះជាការរំខាន ហើយបន្ទាប់មក បានងាកចេញពីម៉ាស៊ីនថត។ តើមានការឆ្លុះបញ្ចាំងទៅលើសម័យអាណានិគមទេ? ពិតមែនហើយ ប៉ុន្តែ ដូចដែលស្ត្រីម្នាក់ បានប្រាប់លោក ប៉ាន់ បន្ទាប់ពីបានមើលភាពយន្តនោះ គឺ “គ្មានអ្វីបានផ្លាស់ប្តូរទេ”។
រូបថតខ្លះ អាចត្រូវបានថតដោយទេសចរសព្វថ្ងៃនេះ ដែលបានមកទស្សនាទីកន្លែងប្លែកៗ ហើយបានថតរូបមនុស្សម្នា ដោយមិនបានសុំការអនុញ្ញាតជាមុន។
ហើយទេសភាពពីរបីកន្លែងនៃការកាប់បំផ្លាញព្រៃឈើ និងការអភិវឌ្ឍន៍នៅតាមតំបន់ព្រៃភ្នំក្នុងប្រទេសកម្ពុជា ឬប្រទេសវៀតណាម ដែលអាចកើតឡើងនៅពេលសព្វថ្ងៃនេះ មានសេចក្តីពិស្តារតិចតួច ដោយមានអ្នកអភិវឌ្ឍក្នុងស្រុក ឬវិនិយោគិនបរទេស ដែលជំនួសពួកបារាំង។
នៅពេលនោះ ពួកអាណានិគម មានឥរិយាបថឆ្គាំឆ្គង។ ស្ត្រីពីរនាក់ក្នុងដើមទសវត្សរ៍ឆ្នាំ១៩០០ បោះកាក់ឲ្យ”ជនជាតិដើម” ដើម្បីធ្វើឲ្យពួកគេរុញច្រានដណ្តើមយកកាក់នោះ និងមានព្រានព្រៃពីរនាក់ ត្រូវបានជួយដោយព្រានព្រៃជនជាតិដើមភាគតិចជាច្រើន ហើយបន្ទាប់មក ឈរថតជាមួយសត្វដែលពួកគេបាញ់បាន។
មានរូបភាពនៃជីវិតប្រចាំថ្ងៃ ដោយមានអ្នកធ្វើអាណានិគមឈរញញិមញញែមជាមួយបុគ្គលិកជនជាតិខ្មែររបស់ពួកគេ មានរូបភាពផ្សព្វផ្សាយនៃវេជ្ជបណ្ឌិតបារាំង ឬអ្នកបច្ចេកទេសដែលបណ្តុះបណ្តាលបុគ្គលិក និងកម្មករចម្ការកៅស៊ូជាដើម។
ហើយក៏មានរូបភាពនៃបុរសជនជាតិបារាំងនៅឯផ្ទះបន ដែលជ្រើសរើសយកស្ត្រីឥណ្ឌូចិនដែលស្លៀកតែខោស្លីបប៉ុណ្ណោះ ហើយមានការអត្ថាធិប្បាយទៅលើគុណសម្បត្តិផ្សេងៗរបស់ស្ត្រីខ្មែរ និងវៀតណាម។
រូបទាំងអស់នេះ លាយឡំគ្នាជាមួយអត្ថបទខ្លីៗ ដែលដកពី ឬជំរុញទឹកចិត្តពីភាពយន្តបារាំងនៅពេលនោះ ហើយមានសម្ភារផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបានរបស់បារាំងនៅក្នុងដែនដីអាណានិគមរបស់ខ្លួន។
រូបនេះ រួមមានអក្សរពីរបីបន្ទាប់របស់វេជ្ជបណ្ឌិត ឡឺហ្សង់ ដែលបានសរសេរថា”រាល់ការអភិវឌ្ឍន៍សំខាន់ៗនៅក្នុងប្រវត្តិសាស្ត្រពិភពលោក គឺជាកិច្ចការនៃជនជាតិស្បែកស ជាអ្នកចេះច្នៃប្រឌិតតែមួយគត់ក្នុងចំណោមអ្នកផ្សេង”។
ភាពយន្តបញ្ចប់ដោយហេតុការណ៍នាទសវត្សរ៍ឆ្នាំ១៩៥០នៃទាហានបារាំងដែលសែងសាកសពមិត្តរួមអាវុធរបស់ខ្លួន ក្នុងពេលដែលប្រទេសបារាំងកំពុងចាញ់សង្គ្រាមនឹងកងទ័ពកុម្មុយនិស្តវៀតណាមខាងជើង គឺជាការបញ្ចប់អាណានិគមបារាំងនៅក្នុងឥណ្ឌូចិន។
ភាពយន្តឯកសាររយៈពេល១១៩នាទី ប្រើរយៈពេល២ឆ្នាំដើម្បីបញ្ចប់។
លោក ប៉ាន់ បាននិយាយថា ភាពយន្តនេះ ត្រូវជំរុញទឹកចិត្តដោយការបដិសេធមិនទទួលយកជនភៀសខ្លួននៅក្នុងអឺរ៉ុប និងអូស្ត្រាលី ជាស្ថានការណ៍ដែលនៅពេលនោះ បាននាំឲ្យមានហិង្សា។
លោក ប៉ាន់បាននិយាយថា”គ្មាននរណាម្នាក់ចង់ទទួលខុសត្រូវ យកចិត្តទុកដាក់ក្នុងបញ្ហានេះទេ។ គេមិនស្នើសុំទទួលយកបញ្ហាលំបាករបស់អ្នកដទៃទេ ប៉ុន្តែគ្រាន់តែបង្ហាញនូវសាមគ្គីភាព ចែករំលែក[ការទទួលខុសត្រូវ]ចំពោះប្រជាជនទាំងនេះ ដែលជួបការលំបាកប៉ុណ្ណោះ”។
ផលិតករភាពយន្តរូបនេះ បាននិយាយថា សរុបមក ប្រជាជនមួយចំនួនក្នុងចំណោមប្រជាជនទាំងនេះ កំពុងភៀសខ្លួនទៅបស្ចឹមប្រទេស មួយផ្នែកដោយសារតែធនធានប្រទេសរបស់ពួកគេ ត្រូវកេងប្រវ័ញ្ចដោយអ្នកដទៃ។
បញ្ហានេះ បានជំរុញឲ្យលោក ប៉ាន់ ពិនិត្យមើលវិធី ដែលប្រទេសមហាអំណាច បានចាត់ទុកប្រទេសទន់ខ្សោយក្នុងពេលកន្លងមក ថាតើប្រទេសមហាអំណាចអាណនិគម មានដូចជាប្រទេសបារាំងជាដើម បានចាត់ទុកប្រជាជនមកពីប្រទេសទាំងឡាយដែលខ្លួនបានកាន់កាប់យ៉ាងដូចម្តេ៉ច។
លោក ប៉ាន់ បាននិយាយថា”ប្រទេសអាណានិគម ទំនងចាត់ទុកប្រទេសដទៃថាគ្មានអរិយធម៌ គ្មានប្រវត្តិសាស្ត្រទេ”។
លោកបានបន្ថែមថា”តាមពិតទៅ សាកលភាវូបនីយកម្ម តម្រូវឲ្យមានបញ្ហាដូចគ្នាដែរ។ ទីបញ្ចប់ អ្នកខ្សោយ នៅតែខ្សោយដដែល គឺទទួលបានតែរបស់សំណល់ប៉ុណ្ណោះ…ភាគច្រើន គេមិនគោរពទស្សនវប្បធម៌របស់ប្រទេសមួយទេ”។
ភាពយន្តនេះ ត្រូវបានបង្ហាញរួចហើយនៅតាមមហោស្រពភាពយន្តអន្តរជាតិ ចាប់តាំងពីការបញ្ចេញខ្សែភាពយន្តនេះកាលពីដើមឆ្នាំនេះមកម្លេ៉ះ។ ភាពយន្តនេះនឹងដាក់បញ្ចាំងនៅថ្ងៃទី២៥ ខែឧសភានេះនៅឯវិទ្យាស្ថានបារាំងក្នុងក្រុងភ្នំពេញ៕ រើន