លោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញ បានមានប្រសាសន៍កាលពីថ្ងៃពុធថា ដរាបណាលោកនៅជាចៅហ្វាយក្រុង ដរាបនោះនឹងមិនមានការដោះដូរអចលនទ្រព្យក្រុងជាមួយក្រុមហ៊ុនឯកជនទៀតទេ ជាការអនុវត្តយូរអង្វែងមកហើយរបស់រដ្ឋាភិបាលដែលមានការលាក់លៀម និងជាប់ពាក់ព័ន្ធនឹងការចោទថាមានអំពើពុករលួយ។
ការដោះដូរឃើញរដ្ឋាភិបាលផ្តល់ដីធ្លីដែលមានតម្លៃថ្លៃឲ្យក្រុមហ៊ុនឯកជន ដែលសន្យាថាសាងសង់អគារជាថ្នូរនៅលើដីដែលមានតម្លៃថោកនិងដាច់ស្រយាល។
លោកអភិបាលក្រុងរូបនេះ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំមួយនៅឯសាលាក្រុងភ្នំពេញកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីការអនុវត្តជាមួយមន្ត្រីក្រុងភ្នំពេញ ដោយប្រកាសថា លោកនឹងចាប់ផ្តើមរៀបចំធ្វើបញ្ជីសារពើភណ្ឌរាល់អចលនទ្រព្យក្រុងទាំងអស់។ ក្នុងបទសម្ភាសមួយកាលពីថ្ងៃពុធ លោក សុជាតិវង្ស បានមានប្រសាសន៍ថា ការដោះដូរដី បានធ្វើឲ្យការិយាល័យរដ្ឋមួយចំនួនត្រូវផ្លាស់ទៅកាន់ជាយក្រុងឆ្ងាយៗ។
លោក សុជាតិវង្ស ដែលចូលកាន់តំណែងជាចៅហ្វាយក្រុងបន្ទាប់ពីលោក កែប ជុតិមាកាលពីខែឧសភា ឆ្នាំ២០១៣ បានមានប្រសាសន៍ថា”យើងត្រូវតែបញ្ចប់ការដោះដូរ”។
លោក សុជាតិវង្ស បានមានប្រសាសន៍សំដៅលើចៅហ្វាយក្រុងមុនថា”យើងត្រូវតែបញ្ចប់បញ្ហាកាលពីមុន។ ការិយាល័យខ្លះ មានកន្លែងស្រួលធ្វើការ ប៉ុន្តែ ត្រូវដូរទីតាំងទៅជាយក្រុង ដូច្នេះ វាធ្វើឲ្យមានការលំបាកច្រើន”។
លោក ជុតិមា ដែលបានធ្វើជាចៅហ្វាយក្រុងភ្នំពេញអស់រយៈពេល១០ឆ្នាំ ហើយបច្ចុប្បន្នជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បដិសេធមិនធ្វើអត្ថាធិប្បាយទេ។
ការដោះដូរដីរដ្ឋ មិនមែនជាបញ្ហាផ្តាច់មុខរបស់សាលាក្រុងភ្នំពេញទេ ជួនកាលមានការទាក់ទិននឹងក្រសួងរដ្ឋាភិបាលផងដែរ។ ប៉ុន្តែការដោះដូរ មានភាពសម្ងាត់ តែងតែមិនមានព័ត៌មានទេដែលទាក់ទងនឹងក្រុមហ៊ុនដែលទទួលកាន់កាប់ដីដែលមានតម្លៃនោះ តើគេបង់លុយប៉ុន្មាន ហើយថាតើមានហេតុផលអ្វីដែលនាំឲ្យមានការដោះដូរនោះទេ។
កង្វះតម្លាភាព បាននាំឲ្យមានការចោទថា ការដោះដូរដី គឺជាគម្រោងរកលុុយកាក់សម្រាប់មន្ត្រីរដ្ឋាភិបាល ដែលរកបានប្រាក់ចំណេញពីការដោះដូរនោះ។
លោក អំ សំអាត មន្ត្រីបច្ចេកទេសជាន់ខ្ពស់អង្គការលីកាដូ បានស្វាគមន៍ចំពោះការសម្រេចរបស់លោកអភិបាលក្រុង ហើយបានស្នើឲ្យរដ្ឋាភិបាលជួសជុលអគារចាស់ៗជាជាងលក់ដូរ។
លោក សំអាត បាននិយាយថា” ខ្ញុំគិតថា ការដោះដូរដីមិនល្អទេ ពីព្រោះប្រាក់ចំណេញបានពីការដោះដូរ ភាគច្រើនចូលហោប៉ៅបុគ្គល ជាជាងចូលរដ្ឋ”៕