26 C
Phnom Penh

លោក ប៉ូលុនស្គី មហាសេដ្ឋីរុស្ស៊ី​ត្រូវ​បាន​និរទេស​ខ្លួន​ទៅ​ប្រទេស​កំណើត​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

polonsky 5

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញ​​អាជ្ញាធរ​កម្ពុជា​​បាន​និរទេស​ខ្លួន​លោក សេរហ្គេ ប៉ូលុនស្គី អ្នក​ជំនួញ​ជនជាតិ​រុស្ស៊ី និង​ជា​អតីត​មហាសេដ្ឋី​ដែល​ប្រទេស​រុស្ស៊ី​តាម​ចាប់ខ្លួន​ពីបទ​កិប​កេង​ប្រាក់​រាប់​លាន​ដុល្លារ​ និង​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ពីបទ​កាន់​លិខិត​ឆ្លង​ដែន​​ហួស​សុពលភាព​។

លោក អ៊ុក ហៃសិលា​ ​ប្រធាន​ផ្នែក​ស៊ើបអង្កេត និង​អនុវត្ត​​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​ក្រសួង​មហាផ្ទៃ​​បាន​លើក​ឡើង​ថា លោក ប៉ូលុនស្គី ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​បក្ខពួក​ជន​បរទេស​ចំនួន​ប្រាំនាក់​ទៀត​នោះ​​ត្រូវ​បាន​​ប្រគល់​​ឲ្យ​មន្ត្រី​រុស្ស៊ី​មួយ​ក្រុម​ដែល​មាន​គ្នា​ចំនួន​ប្រាំពីរ​នាក់​ក្នុង​នោះ​មាន​រួម​ទាំង​នគរ​​បាល​អន្តរជាតិ​អាំងទែប៉ូល​​របស់​រុស្ស៊ី​ម្នាក់​ផង​កាលពីព្រឹក​ម្សិលមិញ។

ឧត្ដម​សេនីយ៍​ទោ អ៊ុក ហៃសិលា បាន​មាន​ប្រសាសន៍​ថា “​ព្រឹក​នេះ​ យើង​បាន​និរទេស​គាត់​នៅ​ម៉ោង​ប្រហែល​៦និង​៤០​នាទី​ ហើយ​មាន​តែ​លោក​ ប៉ូលុនស្គី ម្នាក់​ទេ​។ លោក ប៉ូលុនស្គី ត្រូវ​បាន​បញ្ជូន​តាម​ជើង​យន្តហោះ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​​អង្គរអ៊ែរ ឆ្លង​កាត់​តាម​ទីក្រុង​ហូជីមិញ ហើយ​បន្ទាប់​មក​​ឆ្ពោះ​​ទៅ​ទីក្រុង​មូស្គូ​តែ​ម្ដង​”។

នគរ​បាល​​បាន​ចាប់​ខ្លួន​លោក ប៉ូលុនស្គី ​កាលពី​ថ្ងៃ​សុក្រ​នៅ​លើ​កោះ​ដំឡូង​ ​ជា​កោះ​មួយ​​ក្នុង​ចំណោម​កោះ​ចំនួន​ប្រាំបី​ដែល​លោក​គ្រប់​គ្រង​នៅ​​ដែន​ទឹក​ក្រុង​ព្រះសីហនុ ពីបទ​ស្នាក់​នៅ​​ដោយ​ប្រើ​ទិដ្ឋាការ​​ផុត​កំណត់​។

ឧត្ដម​សេនីយ៍​ទោ​ អ៊ុក ហៃសិលា បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ​ក្រោយ​មក​អគ្គនាយកដ្ឋាន​របស់​លោកបាន​កំណត់​ថា ទិដ្ឋាការ​របស់​លោក​​ ប៉ូលុនស្គី មិន​ហួស​សុពលភាព​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​និរទេស​គាត់​ ព្រោះ​គាត់​គ្មាន​លិខិត​ឆ្លង​ដែន”។

លោក​បាន​បន្ថែម​ថា ​​តាម​ពិត​ទៅនគរ​បាល​មិន​មែន​ចាប់​ខ្លួន​លោក ប៉ូលុនស្គី ដោយ​សារ​គ្មាន​លិខិត​ឆ្លង​ដែន​ ឬទិដ្ឋាការ​ឡើយ ប៉ុន្តែ​ដោយ​សារ​អ្នក​ភូមិ​មូលដ្ឋាន​​​រអ៊ូរទាំ​ថា ​លោក​បង្ក​ភាព​ចលាចល​នៅ​ក្នុង​ក្រុង​ព្រះសីហនុ។ យោង​តាម​ឧត្ដម​សេនីយ៍​​ទោ​ អ៊ុក ហៃសិលា បាន​លើក​ឡើង​ថា លោក ប៉ូលុនស្គី បាន​បង្កើត​​​ក្រុម​​អង្គរក្ស​ខុស​ច្បាប់​មួយ ហើយ​នគរ​បាល​​បាន​រក​ឃើញ​អាវុធ​នៅ​លើ​ទូក​របស់​គាត់​។

លោក​បាន​មាន​ប្រសាសន៍​ថា “​រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ខ្លួន​លោក ប៉ូលុនស្គី ព្រោះ​គាត់​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិរបស់​យើង បាន​បង្កើត​​​ក្រុម​អង្គរក្ស​ និង​​មាន​អាវុធ​”។

ឧត្ដម​សេនីយ៍ទោ អ៊ុក ហៃសិលា បាន​លើក​ឡើង​ទៀត​ថា បុរស​ចំនួន​ប្រាំនាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ជាមួយ​លោក ប៉ូលុនស្គី ក្នុង​នោះ​​មាន​រួម​ទាំង​​មេធាវី​ម្នាក់​របស់​លោក​ផង​​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​គ្មានលិខិត​ឆ្លង​ដែន​ដែរ ហើយ​កំពុង​ឃុំខ្លួន​នៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្នុងរាជធានី​ភ្នំពេញ។

លោក​បាន​បន្ថែម​ថា ពួកគេ​នឹង​ទំនង​ជា​ត្រូវ​និរទេស​ខ្លួន​តាម​ក្រោយ​នៅ​ក្នុង​សប្ដាហ៍​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​កំពុង​រង់ចាំ​លិខិត​ផ្លូវ​ការ​ពី​ស្ថានទូត​រុស្ស៊ី​សម្រាប់​ការ​និរទេស​ខ្លួន​”។

លោក បែន សុនសម័យ មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​ផ្សេង​ៗ​ទៀត​របស់​លោក ប៉ូលុនស្គី បាន​លើក​ឡើង​ថា គេ​លេង​ផ្ដល់​ព័ត៌មាន​អំពី​ករណី​នេះ​មក​ឲ្យ​លោក​ទៀត​​ហើយ។

លោក​បាន​មាន​ប្រសាសន៍​នៅ​ខាង​ក្រៅ​ការិយាល័យ​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ​ថា “​ខ្ញុំ​គ្មាន​ដឹង​អ្វី​ទេ​អំពី​ករណី​នេះ គេ​មិន​បាន​ផ្ដល់​ព័ត៌មាន​មក​ឲ្យ​ខ្ញុំ​ឡើយ​”។

លោក ជួន ណារិន ស្នង​ការ​នគរ​បាល​ខេត្ត​ព្រះសីហនុ​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា នគរ​បាល​បាន​ចាប់​ខ្លួន​​បុគ្គលិក​ចំនួន​១៥​នាក់​ក្នុង​ចំណោម​បុគ្គលិក​ផ្សេងៗ​ទៀត​របស់​លោក ប៉ូលុនស្គី ក្នុង​នោះ​មាន​ដូច​ជា ជនជាតិ​រុស្ស៊ី ជន​ជាតិ​ម៉ុលដាវី និង​ជនជាតិ​អ៊ុយក្រែន​ជា​ដើម​​កាលពី​យប់​ថ្ងៃសៅរ៍​នៅ​លើ​កោះ​ដំឡូង​ពីបទ​គ្មាន​លិខិត​ឆ្លង​ដែន​ដូច​គ្នា។ ប៉ុន្តែ​ក្នុង​ចំណោម​អ្នក​ទាំង​១៥នាក់​នេះ​ មាន​១៤​នាក់​ត្រូវ​បាន​ដោះលែង​វិញ​កាលពី​ម្សិលមិញ បន្ទាប់ពី​ពួកគេ​បាន​បង្ហាញ​ឯកសារ​រួច​។

លោក​បាន​មាន​ប្រសាសន៍​ថា “​បុគ្គលិក​ទាំង​១៤​នាក់​នេះ​ត្រូវ​បាន​ដោះលែង​ ព្រោះ​ពួកគេ​មាន​លិខិត​ឆ្លង​ដែន ប៉ុន្តែ​​ក្នុង​ចំណោម​ពួកគេ​​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​គឺ​ជនជាតិ​រុស្ស៊ី​នៅ​ឃុំ​ខ្លួន​នៅ​ឡើយ ខណៈ​យើង​កំពុង​រង់ចាំ​មិត្ត​ភក្តិ​របស់​គេ​យក​លិខិត​ឆ្លង​ដែន​មក​”។

ឧត្ដម​សេនីយ៍​ត្រី ជួន ណារិន បាន​បន្ថែម​ទៀត​ថា នគរ​បាល​កំពុង​ស៊ើបអង្កេត​បទល្មើស​ដែល​អាច​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​លោក ប៉ូលុនស្គី ​នៅ​ឡើយ​ ហើយ​ថា កង​ទ័ព​ជើង​ទឹក​នឹង​ល្បាត​តំបន់​ជុំវិញ​កោះ​ដំឡូង រហូត​ទាល់​តែ​រដ្ឋាភិបាល​សម្រេច​ថា​តើ​នឹង​ធ្វើ​អ្វី​ចំពោះ​កោះ​​នេះ​។

តាំង​ពី​ពេល​មុន​​មក​រហូត​ដល់​ពេល​ចាប់​ខ្លួន លោក ប៉ូលុនស្គី បាន​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​នៅ​ក្នុង​ការ​អភិវឌ្ឍ​កោះ​ចំនួន​ប្រាំបី​របស់​ខ្លួន​​ ដែល​​លោក​មាន​​គម្រោង​ប្រែ​ក្លាយ​ឲ្យ​ទៅ​ជា​តំបន់​​ទេសចរណ៍ធម្មជាតិ​ក្នុង​ទឹក​ប្រាក់​១ពាន់​លាន​ដុល្លារ ដោយ​ការ​សាង​សង់​​ដំបូង​ត្រូវ​ផ្ដោត​​លើ​កោះ​ដំឡូង​នេះ​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​នៅ​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ​ថា តើ​នឹង​​ធ្វើ​អ្វី​ចំពោះ​កោះ​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​រដ្ឋាភិបាល​កំពុង​តែ​ពិចារណា​ថា​ តើ​​នឹង​​​មាន​ផែន​ការ​អ្វី​បន្ទាប់​មក​ទៀត​​សម្រាប់​កោះ​ដំឡូងនេះ​ ប៉ុន្តែ​​កោះ​នេះ​ត្រូវ​ការ​​ធ្វើ​អ្វីៗ​ដែល​នឹង​អភិវឌ្ឍ​ប្រទេស​”។

កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣ ក្រសួង​មហាផ្ទៃ​រុស្ស៊ី​បាន​ចោទ​ប្រកាន់​លោក ប៉ូលុនស្គី ​ពីបទ​កិប​កេង​ប្រាក់​រាប់​លាន​ដុល្លារ​ពី​វិនិយោគិន​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍អចលនទ្រព្យ​ចំនួន​ពីរ​នៅ​ក្នុង​ទីក្រុង​មូស្គូ។ ក្រោយ​មក​ លោក​ត្រូវ​បាន​គេ​កត់​ត្រា​ចូល​ក្នុង​បញ្ជី​ដែល​នគរ​បាល​​អន្តរជាតិ​អាំងទែប៉ូល​ចង់​​ចាប់​ខ្លួន​បំផុត។

ទោះបី​ជា​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ស្នើ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​ប្រទេស​កម្ពុជា​ធ្វើ​បត្យាប័ន​លោក​ក៏ដោយ ប៉ុន្តែ​ទាំង​សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល​នៅ​កម្ពុជា​សុទ្ធតែ​បាន​ច្រាន​ចោល​សំណើ​ទាំង​នេះ​។ ទោះ​ជាយ៉ាង​ណា ​មាន​ការ​លេច​ឮ​កាលពី​ខែ​មីនា​ថា ​រដ្ឋាភិបាល​កម្ពុជា និង​រុស្ស៊ី​បាន​ចាប់​ផ្ដើម​ធ្វើ​សេចក្ដី​ព្រាង​សន្ធិ​សញ្ញាបត្យាប័ន​ផ្លូវ​ការ​មួយ​ ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​របស់​រុស្ស៊ី​បាន​ចុះ​ផ្សាយ​ថា គឺ​ជា​ការ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ជួយ​ឲ្យ​មាន​ការ​​ធ្វើ​បត្យាប័ន​លោក ប៉ូលុនស្គី។

ទោះជាយ៉ាង​ណា លោក ជិន ម៉ាលីន បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ការ​និរទេស​លោក ប៉ូលុនស្គី គ្មាន​អ្វី​ជាប់​ពាក់​ព័ន្ធ​នឹង​សន្ធិសញ្ញា​នេះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “​គាត់​ត្រូវ​បាន​និរទេស​ខ្លួន​ ព្រោះ​គាត់​គ្មាន​លិខិត​ឆ្លង​ដែន​ស្រប​ច្បាប់​”។

ក្រៅពី​រឿង​ធ្វើ​បត្យាប័ន លោក ប៉ូលុនស្គី ក៏​មាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​​ការ​តតាំង​ផ្នែក​ច្បាប់​ផ្សេងៗ​​មួយ​ចំនួន​ទៀត​ផង​ដែរ​អំឡុង​លោក​រស់​នៅ​ប្រទេស​កម្ពុជា​អស់​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ។

កាលពី​ខែ​មករា ឆ្នាំ​២០១៣ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ពីបទ​បង្ខំ​ឲ្យ​កម្មករ​ខ្មែរ​ចំនួន​ប្រាំមួយ​នាក់​លោត​ចេញពី​ទូក​ចូល​ក្នុង​សមុទ្រ​ដោយ​ប្រើ​កាំបិត​ភ្ជង់។ លោក​ក៏មាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ជម្លោះ​ផ្លូវ​ច្បាប់​ដែល​គេ​ដឹក​ឮ​យ៉ាង​សុះសាយ​ជាមួយ​អតីត​ដៃគូ​ជំនួញ​របស់​លោក គឺ​លោក នីកូឡៃ ដូរ៉ូសិនកូ ដែល​​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​​​ក្នុង​ពេល​ថ្មីៗ​នេះ​ពីបទ​មិន​បាន​បង្ហាញ​ខ្លួន​​នៅ​ក្នុង​តុលាការ​​​​សម្រាប់​ការ​សាក​សួរ​ជុំវិញ​ការ​ចោទ​ប្រកាន់​ពីបទ​ឆបោក​ពាក់​ព័ន្ធ​នឹង​ជម្លោះ​របស់​ពួកគេ​​ផង​ដែរ​។

លោក ជិន ម៉ាលីន បាន​លើក​ឡើង​ថា សំណុំ​រឿង​ទាំង​នេះ​​ឥឡូវ​នេះ​នឹង​​ត្រូវ​តម្កល់​ទុក​សិន។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​មិន​ធ្វើ​អ្វី​នោះ​ឡើយ​ចំពោះ​សំណុំរឿង​របស់​គាត់ ព្រោះ​គាត់​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​របស់​គាត់​វិញ​ហើយ”៕ ស៊ុយឈាង​

(រាយការណ៍​បន្ថែម​ដោយ Chris Mueller)​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស