ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាបានលើកឡើងកាលពីម្សិលមិញថា លោកមានគម្រោងធ្វើការតវ៉ាដើម្បីទាមទារឲ្យលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសសូមអភ័យទោសចំពោះការដែលនិយាយថា ដីទំហំ១៦,៦ហិកតាដែលមានវិវាទនៅតាមព្រំប្រទល់ខេត្តត្បូងឃ្មុំជារបស់វៀតណាមនោះ។
លោក ម៉ៅ ពិសេស សកម្មជនជាតិនិយមដែលបានជួយរៀបចំការតវ៉ាស្រដៀងគ្នានេះកាលពីឆ្នាំមុនទាមទារឲ្យស្ថានទូតវៀតណាមសូមអភ័យទោសចំពោះការនិយាយថា ប្រទេសកម្ពុជាបាត់បង់តំបន់ដីសណ្ដទន្លេមេគង្គទៅប្រទេសវៀតណាម “យូរលង់ណាស់មកហើយ” នោះ កាលពីម្សិលមិញបានដឹកនាំនិស្សិតប្រហែល១៥០នាក់ចុះទៅពិនិត្យមើលដីនោះដែលស្ថិតនៅតាមព្រំដែនស្ថិតក្នុងស្រុកមេមត់។
ក្រុមអ្នកភូមិជនជាតិខ្មែរដែលបានធ្វើស្រែចម្ការលើដីនេះលើកឡើងថា ទាហានវៀតណាមបានបំផ្លាញដំណាំរបស់ពួកគាត់ដោយបាញ់ថ្នាំគីមីលើដំណាំទាំងនោះកាលពីខែមេសា។
ឆ្លើយតបទៅនឹងលិខិតរបស់ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិជុំវិញហេតុការណ៍នោះ លោក ហោ ណាំហុង បានមានប្រសាសន៍កាលពីថ្ងៃទី៤ ខែឧសភាថា តាមពិតដីនេះស្ថិតក្នុងប្រទេសវៀតណាមទេ ដោយបណ្ដាលឲ្យលោក ម៉ៅ ពិសេស ចុះទៅខេត្តត្បូងឃ្មុំ ដែលសកម្មជនរូបនេះលើកឡើងកាលពីម្សិលមិញនោះបានបង្ហើបឲ្យដឹងថា លោក ហោ ណាំហុង និយាយមិនត្រឹមត្រូវឡើយ។
លោក ពិសេស បានមានប្រសាសន៍ថា ដីទំហំ១៦,៦ហិកតាមានវិវាទដែលស្ថិតនៅចន្លោះបង្គោលព្រំដែនចំនួនពីរនោះ ត្រូវបានធ្វើស្រែចម្ការដោយអ្នកភូមិជនជាតិខ្មែរច្រើនជំនាន់មកហើយ ប៉ុន្តែថា ក្រុមមន្ត្រីវៀតណាមនិងកម្ពុជាកាលពីពេលថ្មីៗនេះទើបតែបានចាប់ផ្ដើមអនុវត្តព្រំដែននេះជាខ្សែបន្ទាត់ត្រង់រវាងបង្គោលនេះតែប៉ុណ្ណោះ។
លោក ពិសេស បានមានប្រសាសន៍ថា “យើងអាចសន្និដ្ឋានបានថា ដីនេះជារបស់ប្រជាជនខ្មែរយើង ហើយថា អាជ្ញាធរកម្ពុជាបានបោះបង្គោលព្រំដែនមួយចំនួនកាលពីឆ្នាំ២០០៨ ប៉ុន្តែពួកគេមិនបានប្រាប់ប្រជាជនអំពីបន្ទាត់ព្រំដែនឡើយ។ ប្រជាជនខ្មែរបានធ្វើស្រែចម្ការលើដីនោះចាប់តាំងពីជំនាន់ដូនតារបស់ខ្លួនមកម្លេ៉ះ”។
យោងតាមលោក ពិសេស បានឲ្យដឹងថា ពីមុនព្រំដែនមិនមែនស្ថិតនៅត្រឹមខ្សែបន្ទាត់រវាងបង្គោលទាំងនេះទេ ដែលលោកលើកឡើងថា គឺនៅឆ្ងាយជាងនេះទៅទៀត។
លោកបានមានប្រសាសន៍ថា “យើងនឹងរៀបចំកិច្ចប្រជុំជាមួយក្រុមយុវជនរបស់យើង បន្ទាប់ពីយើងមកដល់រាជធានីភ្នំពេញវិញ ពីព្រោះយើងមានគម្រោងធ្វើការតវ៉ាទាមទារឲ្យលោក ហោ ណាំហុង កែតម្រូវសកម្មភាពរបស់លោក បើមិនដូច្នោះទេយើងនឹងទាមទារឲ្យលោកលាលែងពីតួនាទី ពីព្រោះលោកធ្វើផ្ទុយទៅនឹងមាត្រា៥២ និង៥៥នៃរដ្ឋធម្មនុញ្ញ”។
មាត្រា៥២នៃរដ្ឋធម្មនុញ្ញចែងថា រដ្ឋាភិបាល “ត្រូវការពារឯករាជភាព អធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា” រីឯមាត្រា៥៥ចែងថា សន្ធិសញ្ញាណាដែលមិនស្របគ្នានឹងការទទួលខុសត្រូវទាំងនេះ ត្រូវទុកជាមោឃៈ។
លោក លី ឡេង អភិបាលរងខេត្តត្បូងឃ្មុំបានមានប្រសាសន៍ថា លោកបានចុះទៅពិនិត្យមើលដីដែលមានវិវាទនេះដាច់ដោយឡែកកាលពីថ្ងៃសៅរ៍ ដោយប្រាប់ក្រុមអ្នកភូមិថា ផែនទីផ្លូវការបញ្ជាក់ថា ខ្សែបន្ទាត់ត្រង់រវាងបង្គោលទំាងពីរ កំណត់យ៉ាងច្បាស់ពីទឹកដីកម្ពុជា។
លោក លី ឡេង បានមានប្រសាសន៍ថា “យើងអាចសន្និដ្ឋានបានថា តំបន់នេះជារបស់វៀតណាម ពីព្រោះអ្នកជំនាញព្រំដែនបានបង្ហាញផែនទីព្រំដែននៃប្រទេសទាំងពីរ”។
លោកបានបន្ថែមថា “យើងបានជួបជាមួយក្រុមអ្នកភូមិ ហើយបានពន្យល់ប្រាប់ប្រជាជនទាំងនោះថា ពួកគាត់ត្រូវស្វែងយល់ពីបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ ហើយចៀសវាងការយល់ខុសអំពីបន្ទាត់ព្រំដែន។ ក្រុមអ្នកភូមិបានបង្ហាញប្រាប់យើងពីតំបន់ដែលពួកគាត់ធ្លាប់ធ្វើស្រែចម្ការ ប៉ុន្តែពួកគាត់ខកចិត្តបន្ទាប់ពីយើងបានពន្យល់ពីបង្គោលព្រំដែន និងវិធីសាស្ត្រច្បាប់”។
ប៉ុន្តែលោក ម៉ៅ មុន្នីវណ្ណ សមាជិកសភាគណបក្សប្រឆាំងដែលបានសរសេរលិខិតផ្ញើជូនលោក ហោ ណាំហុង ស្នើសុំឲ្យលោកធ្វើអន្តរាគមន៍ក្នុងករណីនេះកាលពីខែមុន និងដែលបានរៀបចំវេទិកាសាធារណៈផ្ទាល់ខ្លួនស្ដីពីបញ្ហានៅក្នុងខេត្តត្បូងឃ្មុំកាលពីថ្ងៃសៅរ៍នោះបានមានប្រសាសន៍ថា លោកមិនពេញចិត្តនឹងសេចក្ដីសម្រេចផ្លូវការនេះទេ។
លោក មុន្នីវណ្ណ បានមានប្រសាសន៍ថា “ក្រុមអ្នកភូមិបានចោទអាជ្ញាធរកម្ពុជាថា មិនបានការពារទ្រព្យសម្បត្តិរបស់ប្រជាជន ប៉ុន្តែផ្ទុយទៅវិញពួកគេស្ដាប់សម្ដីរបស់អាជ្ញាធរវៀតណាមទៅវិញ”។
លោកបានមានប្រសាសន៍ថា “ខ្ញុំនឹងសរសេរលិខិតផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅសប្ដាហ៍ក្រោយសុំឲ្យលោកមកធ្វើការពន្យល់នៅរដ្ឋសភា”។ លោកបានបន្ថែមថា លោកគាំទ្រផែនការរបស់លោក ពិសេស។
លោកបានមានប្រសាសន៍ថា “ខ្ញុំសូមគាំទ្រទាំងស្រុងចំពោះការតវ៉ាទាមទារឲ្យលោកឧបនាយករដ្ឋមន្ត្រីរូបនេះចុះចេញពីតំណែង”៕ សារុន