27 C
Phnom Penh

នគរបាល​ជាតិ​​ចេញ​ផ្សាយ​កាសែត​របស់ខ្លួន​រំឭក​ដល់​ខួប​លើកទី​៧០​នៃ​ការ​បង្កើត​កង​​កម្លាំង​នគរ​បាល​ជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

Siv channa05

កាសែត​ផ្ទាល់​ខ្លួន​របស់​នគរ​បាល​ជាតិ​​ជា​កាសែត​ប្រចាំ​ថ្ងៃ​មាន​១២ទំព័រ ដែល​នឹង​ផ្ដោត​លើ​បទល្មើស និង​សន្តិសុខ​នោះ​ ត្រូវ​បាន​ចេញ​ផ្សាយ​ផ្លូវ​ការ​កាលពី​ថ្ងៃសៅរ៍ អំឡុង​ពិធី​រំឭក​ខួប​លើក​ទី៧០​នៃ​ការ​បង្កើតកង​​កម្លាំង​នគរ​បាល​ជាតិ​។

អំឡុង​ពិធី​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្នុង​រាជធានី​ភ្នំពេញដើម្បី​រំឭក​ដល់​ខួប​និង​ការ​ចេញ​ផ្សាយ​កាសែត​ពណ៌​ធម្មជាតិនោះ លោក នេត សាវឿន អគ្គស្នង​ការ​នគរ​បាល​ជាតិ​បាន​មាន​ប្រសាសន៍​ថា នគរ​បាល​បង្ហាញ​ថា​ខ្លួន​សំខាន់ណាស់​​ចំពោះ​សន្តិសុខ​នៅ​ប្រទេស​កម្ពុជា​តាម​រយៈ​ប្រវត្តិ​របស់​ខ្លួន​។

លោក សាវឿន បាន​មាន​ប្រសាសន៍​ថា “​កង​កម្លាំង​នគរ​បាល​ជាតិ​​ជា​ស្នូល​ដ៏រឹងមាំ​ជាមួយ​កង​រាជអាវុធ​ហត្ថ​ជាតិ កង​យោធពល​ខេរមភូមិន្ទ និង​អាជ្ញាធរ​មូលដ្ឋានដោយមាន​មនសិការ​ជាតិ និង​មាន​ភាព​អត់​ធ្មត់​​ដើម្បី​​យក​ឈ្នះ​ការ​ប្រើ​ល្បិច​កល​របស់​គណបក្ស​ប្រឆាំង និង​ក្រុម​របស់​ខ្លួន​”។

សកម្មភាព​របស់​នគរ​បាល​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ជា​ពិសេស​អំឡុង​ភាព​វឹកវរ​នយោបាយ​​ជុំវិញ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ បាន​ជួយ​កាត់​បន្ថយអំពើ​ហិង្សា​និង​ហានិភ័យធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គម ហើយ​បាន​​​រក្សា​សណ្ដាប់​ធ្នាប់ និង​សន្តិសុខ​សាធារណៈ ដើម្បី​ធ្វើ​ឲ្យ​សង្គម​​ត្រឡប់​មករក​ភាព​ប្រក្រតី​ឡើង​វិញ”។

រូបភាព​វីដេអូ​បង្ហាញពី​នគរ​បាល កង​រាជអាវុធហត្ថ និង​យោធា​បង្ក្រាប​ទៅ​លើ​ការ​តវ៉ា​អំឡុង​រយៈ​ពេល៦ខែ​បន្ទាប់ពី​ការ​បោះ​ឆ្នោត រួម​ទាំង​ការ​បង្ក្រាប​ការ​តវ៉ា​នៅ​តាម​ផ្លូវ​វេង​ស្រេង​​កាល​ពី​ខែ​មករា ឆ្នាំ​២០១៤ ដែល​​បណ្ដាល​ឲ្យ​កម្មករ​កាត់​ដេរ​យ៉ាង​តិច​​ប្រាំនាក់​ស្លាប់​នោះ បាន​បញ្ចាំង​នៅ​លើ​​អេក្រង់​ធំមួយ​នៅ​ស្នង​ការដ្ឋាន​ ខណៈដែល​​​ច្បាប់​ចម្លង​នៃ​កាសែត​នគរ​បាល​ជាតិ​ត្រូវ​បាន​ចែក​ចាយ​​។

ដោយ​គ្រោង​ចេញ​ផ្សាយ​ថ្ងៃច័ន្ទ​ដល់​ថ្ងៃ​សុក្រ ការ​បោះ​ពុម្ព​​ផ្សាយ​ទំព័រ​វិចារណកថា​ដំបូង​​សរសើរ​ពី​ការ​បង្កើត​កាសែត​នគរ​បាល​ដែល​ចេញ​ផ្សាយ​​តែ​តាម​ប្រព័ន្ធ​អុីនធើណិត​​កាលពី​ឆ្នាំមុននោះ​ថា ជា​សមិទ្ធផល​ដ៏ធំធេង​របស់​នគរ​បាល​​។

បទ​វិចារណកថា​នោះ​មាន​ខ្លឹម​សារ​ថា “កាសែត​នេះ​នឹង​ចុះ​ផ្សាយ​ពីស្នាដៃ​ដែល​បាន​ធ្វើ​សម្រាប់​ប្រទេស​ជាតិ និង​ប្រជាជន​ ជា​ពិសេស​ឆ្លុះ​បញ្ចាំងពី​លក្ខណៈ​របស់​ថ្នាក់​ដឹកនាំ​រដ្ឋា​ភិបាល និង​មន្ត្រី​​ក្រសួង​មហាផ្ទៃ​ក្នុង​ការ​រក្សា​សន្តិសុខ ​សុវត្ថិភាព​សង្គម ព្រមទាំង​ស្នាដៃ​របស់​នគរ​បាល​ជាតិ​ផង​ដែរ”។

បទវិចារណកថា​ដដែល​នេះ​បន្ថែម​ថា ​នៅពេល​ចេញផ្សាយ​ដោយ​នគរ​បាល​ កាសែត​នេះ​នឹង​លុប​បំបាត់​បញ្ហា​ទាក់​ទង​នឹង​ការ​ធ្វើសេចក្ដី​រាយការណ៍​របស់​អ្នក​កាសែត​អំពី​សកម្មភាព​របស់​នគរ​បាល និង​​អនុញ្ញាត​ឲ្យ​នគរ​បាល​និយាយ​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រជាជន​។

បទវិចារណកថា​នេះ​លើក​ឡើង​ទៀត​ថា “​កាសែត​នគរ​បាល​ជាតិ​នឹង​ទប់​ស្កាត់​ការ​បំពុល​បរិយាកាស​សន្តិសុខ​​ពីសំណាក​់​មនុស្ស​មួយ​ចំនួន​ដែល​ឆ្លៀត​ឱកាស​​និយាយ​ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​​ដើម្បី​បង្ក​ភាព​ចលាចល​សង្គម​ជាដើម”៕ សារុន​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស