31 C
Phnom Penh

អាជ្ញាធរ​សន្យា​ផ្តល់ដីនៅកន្លែង​ដែលមាន​វិវាទ​​ដល់គ្រួសារដែល​មិន​មាន​ដី​ធ្លី​ក្នុង​ខេត្ត​កំពត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ខេត្ត​កំពត​ម្នាក់​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា គ្រួសារ​អ្នក​ភូមិគ្មាន​ដីធ្លី​ដែល​រស់នៅខុសច្បាប់​​លើដី​ដែលមាន​វិវាទ​ទំហំ​១.៣០០ហិកតា​នៅក្នុង​ស្រុក​ឈូក ជា​កន្លែង​ដែល​សកម្មជន​ជា​និស្សិត​រាប់រយ​នាក់​បាន​ចុះ​ទៅ​មើល​កាលពីម្សិលមិញ​នោះ នឹង​​ទទួលបាន​ដី​នៅទី​នោះ​។

អ្នកភូមិ​រាប់រយ​គ្រួសារ​រស់​នៅកន្លែង​នោះ​លើក​ឡើង​ថា តំបន់នេះ​ត្រូវ​បាន​វាស់វែង​កាល​ពី​ឆ្នាំ​២០១២ ជា​ផ្នែកមួយ​នៃ​គម្រោង​ផ្តល់​ប័ណ្ណកម្មសិទ្ធិដីទូទាំង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បា​ន​ចាប់​ផ្តើម​នា​ឆ្នាំនោះ ហើយ​មានន័យថា ត្រូវ​បាន​ផ្តល់​ជូន​ពួកគាត់​ជា​ផ្លូវការ​ ប៉ុន្តែ​ថា ចាប់តាំងពីពេលនោះមក ត្រូវ​បាន​សន្យាផ្តល់ជូន​គ្រួសារ​អតីត​យុទ្ធជន​ទៅវិញ​។

លី គឹមហុង ដែលបាន​ផ្លាស់មក​រស់នៅ​តំបន់នេះ​កាលពី​ឆ្នាំ​២០០៨លើកឡើង​ថា “​ខ្ញុំបាន​មក​ទីនេះ​យូរ​មក​ហើយ ប៉ុន្តែ​​អាជ្ញាធរ​មូលដ្ឋាន​បាន​យកដី​របស់ខ្ញុំ ហើយ​បាន​ប្រាប់​ខ្ញុំថា ពួកគេ​នឹង​ផ្តល់ទៅឲ្យ​​គ្រួសារ​អតី​តយុទ្ធជន”។

បើ​ទោះជា​គ្រួសារ​ទាំងនេះ​បាន​ផ្លាស់​មក​ដោយ​មិនបាន​ចំណាយ​ប្រាក់​សម្រាប់ដីនេះ​ ឬ​​ទទួល​បាន​សិទ្ធិស្រប​ច្បាប់​ណាមួយ​ក៏ដោយ ក៏ពួកគាត់​​លើក​ឡើង​ថា តំបន់នេះ​ជា​របស់​ពួកគាត់​ដោយ​ស្រប​ច្បាប់​ ពីព្រោះ​ពួកគាត់បានរស់នៅ​ទីនោះ​ច្រើន​ឆ្នាំមក​ហើយ។

តាម​ច្បាប់ គ្រួសារទាំងនេះ​គ្មាន​សិទ្ធិស្រប​ច្បាប់ណាមួយ​​ចំពោះតំបន់នេះឡើយ។ ទោះ​ជា​ដូចនេះក្តី ក្រុមនិស្សិត​​​មកពី​ University Youth Alliance ដែល​តស៊ូមតិ​សម្រាប់​យុត្តិធម៌សង្គម​​បាន​គាំទ្រពួកគាត់​​ បន្ទាប់ពី​ចុះ​ទៅពិនិត្យ​តំបន់​នោះ​កាលពី​ម្សិលមិញ។

លោក សំអឿន ឌីណា ប្រធាន​សម្ព័ន្ធនេះ​​បានមានប្រសាសន៍ថា សមាជិក​ក្រុម​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់នោះ​ដើម្បី​ស៊ើប​អង្កេត​ បន្ទាប់ពី​ទទួលបាន​​សំណើ​សុំជំនួយ​ពី​គ្រួសារ​ទាំង​នេះ។

លោក ឌីណា បាន​មាន​ប្រសាសន៍ថា មាន​អ្នកភូមិ​​៨១៦គ្រួសារ​​រស់នៅកន្លែង​នោះ ហើយ​បាន​ចោទ​ប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ថា​បាន​ឃុប​ឃិត​លក់ដីនេះទៅ​ឲ្យ​ឈ្មួញ ប៉ុន្តែ​​លោក​មិន​អាច​ផ្តល់​ភ័ស្តុតាង​ណាមួយ​ដើម្បី​គាំទ្រ​ការ​អះ​អាង​របស់លោក​បានទេ។

លោក ហេង វុត្ថា អភិបាល​រង​ខេត្ត​​បាន​បដិសេធ​ការ​ចោទប្រកាន់​និង​ការ​អះ​អាង​ដែល​ថា កន្លែង​នេះ​ធ្លាប់ត្រូវ​បាន​វាស់វែង​ជា​ផ្នែក​នៃគម្រោង​ផ្តល់ប័ណ្ណកម្មសិទ្ធិដីរបស់លោក​នាយក​​រដ្ឋមន្ត្រី។

លោក​បានមាន​ប្រសាសន៍ថា វា​ជាប់​នឹង​ដី​ដែលត្រូវ​បាន​វាស់វែងពិត​ប្រាកដ​ ហើយ​បាន​ចោទ​ប្រកាន់​អ្នកភូមិ​៤០០គ្រួសារ​ មិនមែន ៨១៦គ្រួសារដូច​ការ​អះ​អាង​របស់​សម្ព័ន្ធនេះ ថា បាន​មក​តាំង​ទី​លំនៅខុសច្បាប់លើដីដែលមាន​វិវាទ​ទំហំ​​១.៣០០ហិកតា​នេះ។

លោក វុត្ថា​​ បាន​មាន​ប្រសាសន៍ថា តាមពិត​ដីទំហំ​១.៣០០ហិកតា​​ត្រូវ​បាន​កំណត់​​ថា ជា​ដីសម្បទាន​សង្គមកិច្ច​សម្រាប់​គ្រួសារ​អតីតយុទ្ធជន​ ប៉ុន្តែ​បាន​បន្ថែមថា ទហាន​ទាំង​នោះ​មិនទាន់បាន​ផ្លាស់មក​ទេ ពីព្រោះ​វិវាទ​ជាមួយអ្នក​តាំង​ទី​លំនៅ​ខុស​ច្បាប់នេះ​មិន​ទាន់ត្រូវបាន​ដោះ​ស្រាយ​នៅឡើយ​។

បើ​ទោះ​ជា​ខ្វះ​សិទ្ធិស្រប​ច្បាប់​ចំពោះ​ដីនេះក៏ដោយ ក៏​លោក វុត្ថា បានលើកឡើង​ថា ខេត្ត​នឹង​ផ្តល់​ដី​ខ្លះនៅក្នុងដីទំហំ​១.៣០០ហិកតា​ដល់​អ្នក​តាំង​ទីលំនៅ​ខុស​ច្បាប់​ទាំង​នេះ​​ដែលត្រូវ​បានរក​ឃើញថា មិនមាន​ដី​នៅ​កន្លែង​ផ្សេង​។

លោក​បានមាន​ប្រសាសន៍ថា “​យើង​នឹង​ផ្តល់​ដី​ខ្លះ​ដល់​គ្រួសារ​ទាំងនេះ ប្រសិនបើ​យើង​រក​ឃើញថា ពួកគាត់​​មិន​មាន​ដី​”៕សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស