34 C
Phnom Penh

កម្មករ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​វាយ​គេ​រហូត​ដល់​ស្លាប់​ ខណៈ​ទាហាន​ម្នាក់​កំពុង​រត់គេច​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​រាជធានី​ភ្នំពេញ​​បាន​ចាប់​ខ្លួន​​កម្មករ​សំណង់​ម្នាក់​កាលពី​ថ្ងៃ​សៅរ៍ ហើយ​កំពុង​​ស្វែង​រក​​​​ជន​សង្ស័យទី២​ពីបទ​វាយ​​បុរស​ម្នាក់​រហូត​ដល់​ស្លាប់​នៅ​ក្នុង​ជម្លោះ​មួយ​ដែល​កើត​ឡើង​បន្ទាប់ពី​ជន​រងគ្រោះ​បាន​បើក​រថយន្ត​​ធ្វើ​ហុយ​ដី​នៅ​ខាង​មុខ​ការដ្ឋាន​សាង​សង់។

លោក សុខ ភាដែន មន្ត្រី​នគរ​បាល​ម្នាក់​នៅ​សង្កាត់​ព្រែក​លាប ខណ្ឌ​ជ្រោយចង្វារ បាន​លើក​ឡើង​ថា ការ​ប្រវាយ​​ប្រតប់គ្នា​បាន​កើត​ឡើង​​កាលពី​ថ្ងៃ​សុក្រ ហើយ​បាន​ចាប់​ផ្ដើម​នៅ​ពេល​ជន​រងគ្រោះ​ឈ្មោះ ជ័យ ប៊ុនធឿន អាយុ​៤០​ឆ្នាំ បាន​បើក​រថយន្ត​​ក្បែរ​ការដ្ឋាន​សាង​សង់មួយ​កន្លែង​គ្រប់គ្រង​ដោយ​ឧត្ដម​សេនីយ៍ទោ​ វង្ស ខាន់សារិទ្ធ បម្រើ​ការ​នៅ​កង​ពលតូច​ ង​៧០​នៃ​កង​យោធពល​ខេមរភូមិន្ទ​​​។

លោក សុខ ភាដែន បាន​លើក​ឡើង​ថា កម្មករ​មិន​ពេញ​ចិត្ត​ចំពោះ​ដីហុយ​​ដោយ​សារ​រថយន្ត​មួយ​គ្រឿង​ដែល​បើក​​នៅ​លើ​ផ្លូវ​មួយ​​ដែល​គេ​កម្រ​ធ្វើ​ដំណើរ​ ប៉ុន្តែ​មិនបាន​បិទ​នោះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “​នៅ​ពេល​គាត់​បើក​រថយន្ត​របស់​ខ្លួន​ឆ្លង​កាត់​ទីនោះ មាន​បុរស​ម្នាក់​ស្រែក​ថា ‘​បើក​លឿន​អី​លឿន​ម៉េះហា៎ ប្រញាប់​ទៅ​ងាប់​ហេះ?’”។ លោក​បាន​លើក​ឡើង​ទៀត​ថា បន្ទាប់​មក​ជន​រងគ្រោះ ជ័យ ប៊ុនធឿន បាន​ទូរស័ព្ទ​ហៅ​ប្អូន​ប្រុស​របស់​ខ្លួន​ឈ្មោះ ជ័យ សុភ័ក្រ ជា​មន្ត្រី​នគរ​បាល​នៅ​ក្នុង​សង្កាត់​ព្រែក​តាសេក ដែល​ជិះម៉ូតូ​មក​។ ហើយ​នៅ​ត្រង់​ចំណុច​នេះ​ហើយ​ដែល​បង​ប្អូន​ទាំង​ពីរ​នាក់​នេះ​បាន​ចាប់​ផ្ដើម​ប្រវាយ​ប្រតប់​ជាមួយ​កម្មករ​សំណង់​ឈ្មោះ នួន សុខ និង​​ទាហាន​កង​ពលតូច​ ង៧០​ម្នាក់​ទៀត​ឈ្មោះ ម៉ែន ម៉ន ដែល​យាម​នៅ​ការដ្ឋាន​សាង​សង់​នេះ​។

លោក​ សុខ ភាដែន បាន​មាន​ប្រសាសន៍​ថា “​ភ្លាមៗ​នោះ​​នគរ​បាល​បាន​មក​ដល់​កន្លែង​កើត​ហេតុ ប៉ុន្តែ​ជន​រងគ្រោះ​បានសន្លប់​បាត់​ទៅ​ហើយ”។

លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ជន​រងគ្រោះ ជ័យ ប៊ុនធឿន បាន​ស្លាប់​ដោយសារ​​របួស​នៅ​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត ហើយ​ថា ប្អូន​ប្រុស​របស់​ជន​រងគ្រោះ​រូប​នេះ​​កំពុង​​ព្យាបាល​របួស​នៅ​មន្ទីរ​ពេទ្យ​នៅ​ឡើយ​ ប៉ុន្តែ​បាន​ធូរ​ស្រាល​ជា​បណ្ដើរ​ៗ​ហើយ​។

លោក ឃួន ឈាង ​នាយប៉ុស្តិ៍​សង្កាត់​ព្រែក​តាសេក បាន​លើក​ឡើង​ថា ដំបូង​ឡើយ​អាជ្ញាធរ​​បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន​បួននាក់​នៅ​ល្ងាច​ថ្ងៃ​កើត​ហេតុ​នោះ រួម​ទាំង​​ទាហាន​​កង​ពលតូច​ ង៧០​​ ម្នាក់​ផង ប៉ុន្តែ​​បាន​ដោះ​លែង​ពួកគេ​វិញ​ភ្លាមៗ។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​​ចំនួន​បួន​នាក់​មក​សាក​សួរ។ ប៉ុន្តែ​យើង​បាន​សម្រេច​ដោះលែង​ពួកគេ​វិញ​ដោយ​សារ​ពួកគេ​មិន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​​ប្រវាយប្រតប់នេះឡើយ”។

លោក ឃួន ឈាង បាន​លើក​ឡើង​ទៀត​ថា ជន​សង្ស័យ​ទាំង​បួន​នាក់​នេះ​បាន​ឃើញ​ការ​ប្រវាយ​ប្រតប់​គ្នា ហើយ​បាន​កំណត់​អត្តសញ្ញាណ​ថា នួន សុខ និង ម៉ែន ម៉ន គឺ​ជា​ជន​ដៃដល់។ នួន សុខ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ ហើយ​ មែ៉ន ម៉ន កំពុង​រត់គេច​ខ្លួន​នៅ​ឡើយ។

មន្ត្រី​នគរបាល​ខណ្ឌម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ដោយ​សារ​ខ្លាច​ឧត្ដម​សេនីយ៍​ទោ ខាន់សារិទ្ធ បាន​លើក​ឡើង​ថា ម៉ែន ម៉ន ក៏​ជា​អង្គរក្ស​ផ្ទាល់​របស់​ម្ចាស់​ដី​រូប​នេះ​​ផង​ដែរ។ មន្ត្រី​នគរ​បាល​ខណ្ឌ​រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា នួន សុខ បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នេះ​មែន។

មន្ត្រី​នគរ​បាល​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា “​នួន សុខ បាន​សារភាព​ថា ពិត​ជាបាន​វាយ​ជន​រងគ្រោះ​មែន ព្រោះ​ពួកគេ​ខឹង​នឹង​ជន​រងគ្រោះ​ដែល​បើក​រថយន្ត​លឿន​ពេក​នៅ​ខាង​មុខ​ការដ្ឋាន​សាង​សង់”។

គេ​មិន​អាច​ទាក់​ទង​ឧត្ដម​សេនីយ៍ទោ ខាន់សារិទ្ធ បាន​ទេ​កាលពី​ម្សិលមិញ​៕ ស៊ុយឈាង​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស