27 C
Phnom Penh

កម្មករ​សំណង់​ចិន​៩៥​នាក់​តវ៉ា​និង​ចង់​ទៅ​ស្រុក​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជនជាតិ​ចិន​៩៥​នាក់​ដែល​ធ្វើការ​នៅ​ការដ្ឋាន​សំណង់​លើ​កោះ​ពេជ្រ បាន​តវ៉ា​នៅ​ក្រៅ​ស្ថានទូត​ចិន​កាលពី​ថ្ងៃ​សុក្រ​ ហើយ​បន្ទាប់មក​បាន​ទៅ​ការិយាល័យ​សង្កាត់​នៅ​ថ្ងៃ​សៅរ៍​ដើម្បី​ដាក់​ពាក្យ​បណ្តឹង​តវ៉ា​នឹង​និយោជក​របស់​ពួកគេ ចំពោះ​ការ​ដកហូត​លិខិត​ឆ្លងដែន​របស់​ខ្លួន។

លោក ពា ហន ចៅ​សង្កាត់​អូឡាំពិក ខណ្ឌ​ចំការ​មន បាន​មាន​ប្រសាសន៍​ថា កម្មករ​ទាំង​នោះ​បាន​មក​សង្កាត់​របស់​លោក​បន្ទាប់ពី​ការ​តវ៉ា​នៅ​ស្ថានទូត​ចិន ពីព្រោះ​ពួកគេ​ជឿ​ថា មេ​របស់​ពួកគេ​ស្នាក់​នៅ​ក្នុង​សង្កាត់​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា “ពួកគេ​បាន​មក​សង្កាត់​របស់​ខ្ញុំ ពីព្រោះ​ពួកគេ​ចង់​ឲ្យ​យើង​ជួយ​អន្តរាគមន៍​ស្វែង​រក​មេការ​របស់​ពួកគេ​ដែល​ស្នាក់​នៅ​​ក្នុង​ផ្ទះ​សំណាក់​ក្នុង​មូលដ្ឋាន​របស់​ខ្ញុំ។ យើង​បាន​ទៅ​ពិនិត្យ​មើល​នៅ​ទី​នោះ ប៉ុន្តែ​គាត់​បាន​ចេញ​បាត់​ទៅ​ហើយ”។

លោក ហន បាន​និយាយ​ថា ពិបាក​ទាក់ទង​ជាមួយ​កម្មករ ដែល​និយាយ​តែ​ភាសា​ចិន ហើយ​លោក​មិន​ដឹង​ក្រុមហ៊ុន​ណា​ដែល​ជួល​ពួកគេ​នោះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ទើប​តែ​ដឹង​ថា ពួកគេ​ចោទ​ប្រកាន់​មេការ​របស់​ពួកគេ​អំពី​ការ​ដក​ហូត​លិខិត​ឆ្លងដែន​របស់​ពួកគេ ប៉ុន្តែ​ខ្ញុំ​មិន​ច្បាស់​ទេ ពីព្រោះ​ពួកគេ​មិន​អាច​និយាយ​ភាសា​ខ្មែរ​បាន”។

លោក ចេង ហុង ប៉ូ អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​ចិន បាន​បដិសេធ​មិន​ពិភាក្សា​អំពី​ករណី​នេះ​ទេ។ លោក​បាន​និយាយ​ថា “​ខ្ញុំ​មិន​មាន​ព័ត៌មាន​ណា​មួយ​ទេ​នៅ​ពេល​នេះ”។

នៅ​ការដ្ឋាន​សំណង់ ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន​វិស្វកម្ម​សំណង់​ចិន (CSCEC) ជា​ក្រុមហ៊ុន​រដ្ឋ កាលពី​ថ្ងៃ​អាទិត្យ កម្មករ​ចង់​ផ្តល់​ព័ត៌មាន ប៉ុន្តែ​អ្នក​បកប្រែ​នៅ​ការដ្ឋាន​នោះ​មិន​ព្រម​ជួយ​ពួកគេ។

កម្មករ​ម្នាក់​បាន​សរសេរ​អក្សរ​លើ​សៀវភៅ​កត់ត្រា​របស់​អ្នក​កាសែត​ជា​ភាសា​ចិន។ គាត់​បាន​សរសេរ​ថា “យើង​ចង់​ត្រឡប់​ទៅ​ប្រទេស​របស់​យើង​វិញ។ ការ​ដាក់​កំហិត​សេរីភាព​បុគ្គល។ គ្មាន​សិទ្ធិ​មនុស្ស”។

អ្នក​បកប្រែ​ភាសា ដែល​គ្រាន់តែ​ប្រាប់​ភិនភាគ​ខ្លួន​ថា​ជា​បុគ្គលិក​ការិយាល័យ បាន​ប្រើ​ទូរស័ព្ទ​របស់​គាត់​ហៅ​ទៅ​ចៅហ្វាយ។ ពេល​មក​ដល់ បុរស​នោះ​បាន​បង្គាប់​ឲ្យ​កម្មករ​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ​បណ្តោះ​អាសន្ន​របស់​ខ្លួន​វិញ។

ដោយ​មិន​ប្រាប់​ភិនភាគ​របស់​ខ្លួន មេការ​រូប​នេះ​បាន​អង្គុយ​ជាមួយ​អ្នក​កាសែត​ម្នាក់ និង​បាន​និយាយ​តាម​រយៈ​អ្នក​បកប្រែ។

លោក​បាន​និយាយ​ថា ក្រុមហ៊ុន​ម៉ៅការ​បន្ត CSCEC មិន​បាន​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​ពីរ​ខែ។ បុរស​នេះ​បាន​និយាយ​ថា លិខិត​ឆ្លង​ដែន​របស់​កម្មករ​កំពុង​ត្រូវ​ពិនិត្យ​បែបបទ​ដោយ​អាជ្ញាធរ​អន្តោប្រវេសន៍ បន្ទាប់​មក​ទៀត CSCEC នឹង​ទិញ​សំបុត្រ​យន្តហោះ​ឲ្យ​ពួកគេ​ត្រឡប់​ទៅ​ស្រុក​វិញ។

ប៉ុន្តែ​នៅ​ពេល​ការ​សម្ភាស​បញ្ចប់ បុរស​រូប​នេះ​បាន​បញ្ជា​សហការី​ម្នាក់​ឲ្យ​ដក​ហូត​ក្រដាស​កត់ត្រា​របស់​អ្នក​កាសែត ដោយ​មិន​ព្រម​ប្រគល់​ឲ្យ​វិញ ទាល់តែ​បង្ហាញ​ប័ណ្ណ​កាសែត។

ពេល​បាន​បង្ហាញ​ប័ណ្ណ​ប្រហែល​៣០​នាទី​ក្រោយ​មក មេការCSCEC នៅ​តែ​មិន​ព្រម​ប្រគល់​សៀវភៅ​កត់ត្រា។

អ្នក​បកប្រែ​ម្នាក់​ទៀត​ដែល​និយាយ​ជំនួស​ក្រុម​មេការ ដែល​ប្រាប់​ថា​គាត់​ឈ្មោះ ម៉ី បាន​និយាយ​ថា អ្នក​យក​ព័ត៌មាន​មិន​មាន​ការ​អនុញ្ញាត​ឲ្យ​ចូល​ការដ្ឋាន​សំណង់​នេះ​ទេ។

អ្នក​ស្រី​បាន​និយាយ​ថា “និយាយ​តាម​ត្រង់​ទៅ យើង​បាន​បញ្ជូន​សៀវភៅ​កត់ត្រា​របស់​អ្នក​ទៅ​ការិយាល័យ​សន្តិសុខ​របស់​យើង ហើយ​ពិបាក​យក​មក​វិញ​ណាស់”និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស