មួយថ្ងៃបន្ទាប់ពីមហាសេដ្ឋីរុស្ស៊ី សេរហ្គេ ប៉ូលុនស្គី ត្រូវបាននិរទេសចេញពីប្រទេសកម្ពុជា ក្រុមគ្រួសារ និងមិត្តភក្ដិរបស់មហាសេដ្ឋីដែលមានចរិតចម្លែកខុសគេរូបេនះ បានចោទប្រកាន់អាជ្ញាធរកម្ពុជាជាសាធារណៈកាលពីម្សិលមិញថា “បំពានសិទ្ធិរបស់លោក ប៉ូលុនស្គី និងបំពានទាំងច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ”។
លោក ប៉ូលុនស្គី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្ររួមជាមួយសហការីប្រាំនាក់នៅលើកោះដំឡូង ជាកោះមួយក្នុងចំណោមកោះចំនួនប្រាំបីរបស់គាត់នៅឆ្នេរសមុទ្រក្រុងព្រះសីហនុ ពីបទស្នាក់នៅដោយផុតសុពលភាពទិដ្ឋាការ។ លោក ប៉ូលុនស្គី ត្រូវបានបញ្ជូនខ្លួនតាមឧទ្ធម្ភាគចក្រមកកាន់រាជធានីភ្នំពេញនៅរសៀលថ្ងៃនោះ មុនពេលបញ្ជូនខ្លួនឡើងជើងហោះហើរឆ្ពោះទៅក្រុងមូស្គូ កាត់តាមក្រុងហូជីមិញ។
យោងតាម រូបលី (Ruptly) ដែលជាទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់រុស្ស៊ីបានឲ្យដឹងថា យន្តហោះដែលដឹកលោក ប៉ូលុនស្គី បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិដូម៉ូដេដូវ៉ូ (Domodedovo International Airport) ក្នុងទីក្រុងមូស្គូកាលពីល្ងាចថ្ងៃអាទិត្យ ហើយអ្នកស្រី អូលហ្គា ដេរីប៉ាស្កូ (Olga Deripasko) ភរិយារបស់លោក និងមេធាវី ស្លាវិក ប្រសូយា៉ន (Slavik Brsoyan) និងមេធាវី សេរហ្គេ វ្លា៉ឌី (Sergei Vladi) បានធ្វើសន្និសីទកាសែតនៅទីនោះ។
លោក ស្លាវិក ប្រសូយ៉ាន បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានដែលជួបជុំគ្នានៅទីនោះថា កូនក្ដីរបស់លោកមិនបានបំពានច្បាប់អន្តោប្រវេសន៍នៅក្នុងប្រទេសកម្ពុជាទេ។ មេធាវីរូបនេះបានលើកឡើងថា “មិនចាំបាច់ឆ្ងល់ទេ រាល់វិធានការនៅក្នុងប្រទេសកម្ពុជាត្រូវបានធ្វើឡើងផ្ទុយទាំងច្បាប់របស់កម្ពុជា និងច្បាប់អន្តរជាតិ”។
ផៅវើខត គ្រុប (Powerscourt Group) ជាទីភ្នាក់ងារផ្នែកទំនាក់ទំនងសាធារណៈដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ និងដែលតំណាងឲ្យលោក ប៉ូលុនស្គី បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញ ជួសមុខឲ្យ “មិត្តភក្ដិ និងសាច់ញាតិ” របស់គាត់។ សេចក្ដីថ្លែងការណ៍នោះបញ្ជាក់ថា ការចាប់ខ្លួន និងការនិរទេសមហាសេដ្ឋីជនជាតិរុស្ស៊ីរូបនេះចេញ គឺ “បំពានសិទ្ធិរបស់គាត់” និងមាន “កិច្ចព្រមព្រៀងសម្ងាត់” រវាងកម្ពុជា និងរុស្ស៊ី។
សេចក្ដីថ្លែងការណ៍នេះមានខ្លឹមសារយ៉ាងដូច្នេះថា “សូម្បីផ្នែកមួយនៃដំណើរការនិរទេសធម្មតា ក៏បុគ្គលដែលត្រូវនិរទេសត្រូវបានផ្ដល់ឱកាសឲ្យចាកចេញទៅកាន់ប្រទេសមួយទៀតដែរ។ ប៉ុន្តែលោក ប៉ូលុនស្គី ត្រូវបានគេបង្ខំឲ្យឡើងជិះយន្តហោះឆ្ពោះទៅប្រទេសរុស្ស៊ី អមដំណើរដោយនគរបាលរុស្ស៊ី”។
សេចក្ដីថ្លែងការណ៍នេះក៏បានលើកឡើងដែរថា មេធាវីមួយរូបដែលតំណាងឲ្យលោក ប៉ូលុនស្គី នៅក្នុងប្រទេសកម្ពុជា “បានចាញ់បោក” មន្ត្រីដែលធានាអះអាងចំពោះលោកថា លោកអាចចូលជួបកូនក្ដីរបស់ខ្លួនបានកាលពីម្សិលមិញ ដោយមិនបានរំឭកលោកថាការនិរទេសនឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យនោះទេ។
លោក ប៉ែន សុនសម័យ ជាមេធាវីកម្ពុជាដែលតំណាងឲ្យលោក ប៉ូលុនស្គី មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ។ លោក ប៉ែន សុនសម័យ បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា លោកលែងទទួលបានព័ត៌មានស្ដីពីសំណុំរឿងនេះទៀតហើយ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានឲ្យដឹងថា លោក ប៉ូលុនស្គី ដែលត្រូវក្រសួងមហាផ្ទៃរុស្ស៊ីចោទប្រកាន់កាលពីខែកក្កដា ឆ្នាំ២០១៣ ពីបទបន្លំកិបកេងប្រាក់ជាច្រើនលានដុល្លារពីវិនិយោគិននៅក្នុងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យចំនួនពីរ ត្រូវបានដឹកចេញពីអាកាសយានដ្ឋានក្នុងក្រុងមូស្គូឆ្ពោះត្រង់ទៅពន្ធនាគារ។
ទីភ្នាក់ងារទំនាក់ទំនងសាធារណៈរបស់លោក ប៉ូលុនស្គី បានអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍ខាងលើថា ការចោទប្រកាន់ទាំងនេះមិនមែនជាការពិតទេ ហើយវាជាហេតុផលនយោបាយ ដោយនិយាយថា រដ្ឋអាជ្ញា អូឡេក ស៊ីលឆេនកូ (Oleg Silchenko) បានផ្ដើម “យុទ្ធនាការធ្វើទុក្ខបុកម្នេញជាយូរមកហើយ” ចំពោះលោក ប៉ូលុនស្គី។ សេចក្ដីថ្លែងការណ៍ដដែលបានលើកឡើងថា “នៅក្នុងដំណើរការមួយដែលអយុត្តិធម៌បែបនេះ ឱកាសដែលលោក ប៉ូលុនស្គី ទទួលបានសវនាការជំនុំជម្រះដោយយុត្តិធម៌ គឺមានតិចតួចណាស់”។
លោក ប៉ូលុនស្គី ធ្លាប់គេចរួចពីការប៉ុនប៉ងធ្វើបត្យាប័នលោកពីប្រទេសកម្ពុជាទៅកាន់ប្រទេសរុស្ស៊ីប៉ុន្មានលើករួចមកហើយ ដោយទាំងសាលាឧទ្ធរណ៍ និងតុលាការកំពូលបានច្រានចោលសំណើធ្វើបត្យាប័នពីក្រុងមូស្គូ។ កាលពីខែមីនា មានព័ត៌មានលេចឮថា ប្រទេសទាំងពីរបានចាប់ផ្ដើមធ្វើសេចក្ដីព្រាងសន្ធិសញ្ញាបត្យាប័នផ្លូវការមួយ ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងកាលពីថ្ងៃសុក្រថា សេចក្ដីព្រាងបត្យាប័ននេះមិនទាន់ឈានដល់ដំណាក់កាលបញ្ចប់នៅឡើយទេ ហើយអាជ្ញាធរបានអះអាងថា លោក ប៉ូលុនស្គី ត្រូវបាននិរទេសដោយសារបញ្ហាអន្តោប្រវេសន៍។
អ្នកស្រី អូលហ្គា ដេរីប៉ាស្កូ ដែលជាភរិយារបស់លោក ប៉ូលុនស្គី បានបញ្ជាក់ជាថ្មីម្ដងទៀតនៅឯសន្និសីទកាសែតកាលពីថ្ងៃអាទិត្យថា ស្វាមីរបស់អ្នកស្រីមានទិដ្ឋាការដែលមានសុពលភាព ទោះបីជាមន្ត្រីអះអាងផ្ទុយពីនេះក្ដី។ អ្នកស្រីនិយាយថា “វាមិនសមហេតុផលទាល់តែសោះ ពីព្រោះយើងបានពន្យារទិដ្ឋាការរបស់យើងរួមគ្នាកាលពីខែវិច្ឆិការួចហើយ។ ទាំងគាត់ទាំងខ្ញុំមានទិដ្ឋាការកម្ពុជាប្រចាំឆ្នាំ”។
នគរបាលបាននិយាយកាលពីថ្ងៃអាទិត្យថា លោក ប៉ូលុនស្គី ត្រូវបានចាប់ខ្លួនផ្អែកតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលប្ដឹងចោទថា លោកបានបង្កចលាចលនៅក្នុងក្រុងព្រះសីហនុ ហើយថា លោកបានបង្កើតក្រុមអង្គរក្សប្រដាប់អាវុធទៀតផង។ ដំបូងឡើយថា លោក ប៉ូលុនស្គី គ្មានទិដ្ឋាការដែលមានសុពលភាព ប៉ុន្តែនគរបាលបានលើកឡើងកាលពីថ្ងៃអាទិត្យថា មហាសេដ្ឋីជនជាតិរុស្ស៊ីរូបនេះត្រូវបាននិរទេសដោយសារគ្មានលិខិតឆ្លងដែន។
លោកស្រី អេលីណា អាឡេកសេយេវ៉ា (Elena Alekseyeva) អ្នកនាំពាក្យក្រសួងកិច្ចការផ្ទៃក្នុងរុស្ស៊ី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ប្រទេសរបស់លោកស្រីគឺជាអ្នករៀបចំឲ្យមានការនិរទេសនេះ។ លោកស្រីត្រូវបានដកស្រង់សម្ដីយ៉ាងដូច្នេះថា “មន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងរុស្ស៊ីបាននិរទេសលោក ប៉ូលុនស្គី ទៅកាន់ទឹកដីនៃសហព័ន្ធរុស្ស៊ី ហើយគាត់នឹងត្រូវផ្ដន្ទាទោសទៅតាមច្បាប់រុស្ស៊ី”។
កាលពីម្សិលមិញ លោក ជួន ណារិន ស្នងការខេត្តព្រះសីហនុបានច្រានចោលការអះអាងថា មន្ត្រីនគរបាលកម្ពុជាបានចាត់វិធានការដោយមិនត្រឹមត្រូវ។
លោកបានមានប្រសាសន៍ថា “មេធាវីបរទេស ពួកគេនិយាយអ្វីតាមពួកគេចង់ ហើយមេធាវីបរទេសមិនយល់ច្បាស់អំពីច្បាប់របស់កម្ពុជាទេ”។ លោកបានលើកឡើងបន្ថែមថា បច្ចុប្បន្ន កងកម្លាំងរបស់លោកកំពុងល្បាតកោះដែកគោលរបស់លោក ប៉ូលុនស្គី ដើម្បីការពារទ្រព្យសម្បត្តិរបស់គាត់ ខណៈរដ្ឋាភិបាលពិចារណាថាត្រូវសម្រេចចាត់ចែងទ្រព្យសម្បត្តិទាំងនោះដោយរបៀបណា។
មហាសេដ្ឋីរូបនេះបានបោះទុនជាច្រើនលានដុល្លារដើម្បីអភិវឌ្ឍកោះរបស់លោក ហើយលោកមានគម្រោងប្រែក្លាយកោះទាំងនោះទៅជាគោលដៅទេសចរណ៍ធម្មជាតិមួយ ដែលចំណាយអស់ទឹកប្រាក់១ពាន់លានដុល្លារ។
លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា គួរតែស្វែងរកវិនិយោគិនមួយរូបទៀតដើម្បីគ្រប់គ្រងកោះរបស់លោក ប៉ូលុនស្គី ប៉ុន្តែថា នគរបាល និងកងទ័ពជើងទឹកនឹងបន្តល្បាតតំបន់នោះរហូតទាល់តែមានអ្នកអភិវឌ្ឍន៍ថ្មីរើចូលទៅទីនោះ។ លោកបានលើកឡើងបន្ថែមថា ពេលនេះកងពលតូចលេខ៣១នៃកងយោធពលខេមរភូមិន្ទកំពុង “ការពារ” កោះមួយចំនួនក្នុងចំណោមកោះទាំងនោះ។
លោក ឈិត សុខុន បានមានប្រសាសន៍ថា “កោះទាំងអស់របស់គាត់ដែលគាត់បានជួលសម្រាប់ការវិនិយោគ គួរតែមាននរណាម្នាក់ថែរក្សាទ្រព្យសម្បត្តិរបស់គាត់។ ការវិនិយោគនេះត្រូវមានការសម្រេចពីលោក សុខ ចិន្តា ដែលមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា [CDC] យើងមិនអាចឆ្លើយបានទេ ប៉ុន្តែពេលនេះយើងចាំបាច់ត្រូវការពារវា ខណៈម្ចាស់មិននៅក្នុងប្រទេស”។
លោក សុខ ចិន្តា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានមានប្រសាសន៍ថា លោកមិនដឹងអ្វីទេជុំវិញករណីនេះ។
សូមបញ្ជាក់ថា សហការីប្រាំនាក់ដែលត្រូវបានចាប់ខ្លួនរួមជាមួយលោក ប៉ូលុនស្គី កាលពីថ្ងៃសុក្រ សុទ្ធតែជាជនបរទេស។ លោក អ៊ុក ហៃសិលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សហការីដែលលោកបដិសេធមិនបញ្ចេញអត្តសញ្ញាណទាំងនោះ ទំនងជាត្រូវនិរទេសពីកម្ពុជានៅសប្ដាហ៍នេះ។
លោកបានមានប្រសាសន៍ថា “ពួកគេកំពុងជាប់ឃុំនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហើយពួកគេប្រហែលជាត្រូវនិរទេសនៅថ្ងៃស្អែក ឬថ្ងៃខាងស្អែក”៕ សុខុម
(រាយការណ៍បន្ថែមដោយ Holly Robertson)