អ្នកភូមិប្រហែល១០០នាក់ ដែលជាប់ពាក់ព័ន្ធនៅក្នុងវិវាទដីធ្លីចំនួនពីរផ្សេងគ្នានៅក្នុងខេត្តក្រចេះ និងខេត្តព្រះវិហារបាននាំគ្នាធ្វើដំណើរទៅកាន់រដ្ឋសភានៅក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីស្នើឲ្យសមាជិកសភាជួយដោះស្រាយបញ្ហារបស់ពួកគាត់។
ក្នុងចំណោមអ្នកភូមិទាំងអស់នេះ មានប្រហែល៦០នាក់ បានមកពីខេត្តព្រះវិហារដោយតំណាងឲ្យអ្នកភូមិចំនួន២៥៣គ្រួសារដែលត្រូវបានបណ្តេញចេញពីដីស្រែចម្ការរបស់ខ្លួនក្បែរប្រាសាទព្រះវិហារនៅក្នុងឆ្នាំ២០១២ ដើម្បីបើកផ្លូវសម្រាប់ការសាងសង់អគារថ្មីមួយរបស់រដ្ឋាភិបាល។ គ្រួសារទាំងនេះបានលើកឡើងថា ដីទំហំ៣០គុណ១០០ម៉ែត្រដែលពួកគាត់ទទួលបាននៅកន្លែងថ្មីក្នុងការផ្តល់ជាសំណងនោះ គឺមិនគ្រប់គ្រាន់ឡើយ ហើយកំពុងទាមទារដីចាស់របស់ពួកគាត់ត្រឡប់មកវិញ។
អ្នកស្រី គឹម សុម៉ន ដែលលើកឡើងថា ខ្លួនបានបាត់បង់ដីសម្រាប់ដាំបន្លែ និងផ្លែឈើទំហំពីរហិកតានៅពេលរដ្ឋបានរឹបអូសយកនោះបាននិយាយថា “យើងនឹងត្រឡប់ទៅរស់នៅលើដីចាស់របស់យើងវិញប្រសិនបើគ្មានដំណោះស្រាយ។
នៅពេលទាក់ទងតាមក្រោយ លោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលព្រះវិហារមកពីគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា គេកំពុងខិតខំស្វែងរកដីបន្ថែមជូនគ្រួសារទាំងនេះហើយ ប៉ុន្តែមិនមែននៅក្បែរដីចាស់របស់ពួកគាត់ទេ។
លោកបានមានប្រសាសន៍ថា “យើងកំពុងតែរកដីមួយកន្លែងទំហំពីរហិកតានៅកន្លែងផ្សេងដែលគ្រប់គ្រងដោយក្រសួងបរិស្ថានដើម្បីផ្តល់ជូនពួកគាត់។ យើងបានសន្យាថា ពួកគេនឹងទទួលបានដីទំហំពីរហិកតាបន្ថែមលើដីលំនៅដ្ឋានរបស់ពួកគាត់”។
អ្នកភូមិដែលបានប្រមូលផ្តុំនៅខាងមុខរដ្ឋសភាកាលពីព្រឹកម្សិលមិញផងដែរនោះ គឺអ្នកភូមិប្រហែល៤០នាក់មកពីខេត្តក្រចេះដែលតំណាងឲ្យអ្នកភូមិប្រហែល១០៤គ្រួសារ នៅក្នុងវិវាទមួយជាមួយក្រុមហ៊ុនចម្ការកៅស៊ូ Binh Phuoc 2 គ្រប់គ្រងដោយវៀតណាមជុំវិញដីទំហំ២៥០ហិកតា។
អាជ្ញាធរបានព្យាយាមដោះស្រាយវិវាទនេះកាលពីឆ្នាំ២០១៣ ដោយកាត់ដីមានវិវាទចេញពីក្រុមហ៊ុនចម្ការកៅស៊ូនេះ ហើយអនុញ្ញាតឲ្យគ្រួសារដែលរស់នៅទីនោះស្នាក់នៅបន្តទៀត។ ប៉ុន្តែ គ្រួសារទាំងនេះបានលើកឡើងថា អាជ្ញាធរជាពិសេសលោក ស ចំរ៉ុង អភិបាលខេត្តនេះមិនបានគោរពពាក្យសន្យាដែលថា ពួកគាត់អាចរក្សាដីដែលខ្លួនមាននោះទេ។នៅក្នុងខែមេសា អាជ្ញាធរបានចាប់ផ្តើមឲ្យគ្រួសារទាំងនេះទៅរស់នៅលើដីថ្មីដោយធ្វើការចាប់ឆ្នោត ប៉ុន្តែ គ្រួសារមួយចំនួនក្នុងចំណោមគ្រួសារទាំងនេះបានបដិសេធមិនព្រមធ្វើការចាប់ឆ្នោតឡើយ។
លោក លី ឆេង ដែលជាអ្នកតវ៉ាម្នាក់បាននិយាយថា “យើងមិនព្រមទទួលយកដំណោះស្រាយថ្មី ព្រោះពួកគេផ្តល់ដីទំហំ៣០គុណ៤០ម៉ែត្រ ប៉ុន្តែ ខ្ញុំមានដីទំហំបីហិកតាកាលពីពេលមុន។ ពួកគេបានមកបំផិតបំភ័យយើង។ ពួកគេនិយាយថា ប្រសិនបើយើងមិនព្រមធ្វើការចាប់ឆ្នោតទេ ពួកគេនឹងមិនអនុញ្ញាតឲ្យយើងរស់នៅលើដីនេះតទៅទៀតឡើយ”។
លោកបាននិយាយបន្ថែមថា អាជ្ញាធរបានក៏បានអនុញ្ញាតឲ្យគ្រួសារដែលមិនធ្លាប់រស់នៅលើដីនេះចាប់ឆ្នោតផងដែរ។
នៅពេលទាក់ទងតាមក្រោយ លោក ស ចំរ៉ុង បានលើកឡើងថា ការចាប់ឆ្នោតគឺយុត្តិធម៌ ហើយលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។
អ្នកតវ៉ាបាននាំគ្នាប្រមូលផ្តុំនៅខាងក្រៅរដ្ឋសភាប្រហែល១ម៉ោងកន្លះ ហើយបានចាកចេញបន្ទាប់ពីអ្នកភូមិមួយចំនួនត្រូវបានអនុញ្ញាតឲ្យចូលទៅខាងក្នុងដើម្បីដាក់ញត្តិជូនគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភា៕ ស៊ុយឈាង