26 C
Phnom Penh

ញត្តិ​ទាមទារ​ឲ្យ​ដកអភិបាល​ក្រុង​បានលុង​ចេញ​ ត្រូវបាន​ច្រាន​ចោល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក អ៊ុក សំអុល អភិបាល​ក្រុង​បានលុង​​នឹង​មិន​ត្រូវ​បាន​ដក​ចេញ​ពី​តួនាទី​របស់​លោក​ទេ ហើយ​ផ្ទុយ​ទៅវិញ​នឹង​ធ្វើ​ការ​ស៊ើបអង្កេត​ដើម្បី​ស្វែង​រក​ការ​ពិត​ចំពោះ​ញត្តិ​ដែល​ទាមទារ​​ឲ្យ​ដក​រូប​លោក​ចេញ​កាលពី​ខែ​មុន នេះ​បើ​តាម​​អភិបាល​ក្រុង​រូប​នេះ​ និង​មន្ត្រី​ដទៃ​ទៀត​បាន​លើក​ឡើង​កាលពី​ម្សិលមិញ។

លោក អ៊ុក សំអុល ត្រូវ​បាន​ចោទ​ប្រកាន់​ជា​សាធារណៈ​កាលពី​សប្ដាហ៍មុន​ដោយ​លោក ប៊ូ ឡាំ សមាជិក​​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ថា បាន​រឹបអូស​ដី​ពី​ក្រុម​អ្នកភូមិ​នៅជិត​ផ្សារ​ក្នុង​ទីរួម​ខេត្ត​រតនគិរី​យក​ទៅ​សាង​សង់​តូប​ថ្មី ហើយ​បន្ទាប់​មក​​យក​ថ្លៃ​ឈ្នួលតូបទាំងនោះ​។

លោក ប៊ូ ឡាំ បាន​ផ្អែក​ការ​ចោទ​ប្រកាន់​របស់​លោក​ទៅ​លើ​ញត្តិ​ដែល​បាន​ដាក់​កាលពី​ខែ​មុនដោយ​អាជីវករ និង​អ្នកភូមិ​​២១១​នាក់​។

លោក លី ធុច ទេសរដ្ឋមន្ត្រី​ដែល​ជា​ប្រធាន​កិច្ច​ប្រជុំ​​បាន​មាន​ប្រសាសន៍​ថា ទោះ​ជាយ៉ាង​ណា​ នៅ​កិច្ច​ប្រជុំ​​ក្នុង​ក្រុង​បានលុង​កាលពី​​ថ្ងៃ​អាទិត្យ​មាន​ការ​សម្រេច​ថា ការ​ទាម​ទារ​របស់​អ្នកភូមិ​ឲ្យ​ដក​អភិបាល​ក្រុង​រូប​នេះ​​ចេញ​នោះ​គឺ​ជា​ការ​យល់​ច្រឡំ។

លោក​បាន​មាន​ប្រសាសន៍​ថា ផ្ទុយ​ទៅវិញ​មាន​តែ​ពាក្យ​បណ្ដឹង​ទាក់​ទង​​ថ្លៃ​ឈ្នួល​ដែល​ត្រូវ​​បង់​ឲ្យ​ផ្សារ​មិន​ប្រក្រតី​តែ​ប៉ុណ្ណោះ​ នឹង​ត្រូវ​ពិនិត្យ​មើល​។

លោក​ លី ធុច បាន​មាន​ប្រសាសន៍​ថា “​លទ្ធផល​នៃ​កិច្ច​ប្រជុំ​គឺ​សម្រេច​បង្កើត​ក្រុម​ការ​ងារ​រួម​មួយ​ដើម្បី​ស៊ើបអង្កេត​ការ​ចោទ​ប្រកាន់នេះ​​ ពីព្រោះ​យើង​រក​ឃើញ​ថា ការ​អនុវត្ត​របស់​អាជ្ញាធរ​ក្រុង​​ទាក់ទង​នឹង​ការ​យក​ថ្លៃ​ឈ្នួលពី​អាជីវករ​​មិន​ប្រក្រតី។

លោក​បាន​បន្ថែម​ថា “​យើង​មិន​បាន​ពិភាក្សា​អំពី​​ការ​ដក​អភិបាល​ក្រុង​បាន​លុង​ទេ ពីព្រោះ​អាជីវករ​បាន​ប្រាប់​យើង​ថា ពួកគាត់​បាន​ផ្ដិត​មេដៃ​មិន​មែន​ទាម​ទារ​ឲ្យ​ដក​អភិបាល​ក្រុង​រូប​នេះ​ទេ ពួកគាត់​ចង់​​រារាំង​អាជ្ញាធរ​មិន​ឲ្យ​សាង​សង់​ផ្ទះ​ល្វែង​នៅ​ជុំវិញ​ផ្សារ​តែ​ប៉ុណ្ណោះ​”។

លោក​បាន​បន្ថែម​ថា “​ខ្ញុំ​គិត​ថា អ្នក​ដែល​ប្រមូល​ស្នាម​មេដៃ​មាន​ការ​យល់​ច្រឡំ​ ហើយឥឡូវនេះ​​យើង​​នឹង​ស៊ើបអង្កេត​ដើម្បី​ស្វែង​រក​មនុស្ស​នោះ ពីព្រោះ​ពួកគេ​បាន​​ក្លែង​ឯកសារ​សម្រាប់​ការ​ផ្ដិត​មេដៃ​នោះ”។

លោក ប៊ូ ឡាំ ដែល​បាន​សរសេរ​លិខិត​អំពាវ​នាវ​ឲ្យ​ដក​លោក សំអុល ចេញ​នោះ មិន​អាច​ទាក់​ទង​បាន​ទេ​កាលពី​ម្សិលមិញ។​ ទោះ​ជាយ៉ាង​ណា លោក​ សំអុល បាន​មាន​ប្រសាសន៍​ថា លោក​គ្មាន​កំហុស​ទេ។

លោក សំអុល បាន​មាន​ប្រសាសន៍​ថា “​តាម​ការ​ស៊ើបអង្កេត​បឋម​របស់​យើង យើង​រក​ឃើញ​ថា ​អ្នក​វិនិយោគ​ផ្សារ​បាន​ក្លែង​ឯកសារ​ញុះញង់​អាជីវករ​ឲ្យ​តវ៉ា​ជំទាស់​នឹង​ការ​សាង​សង់​តូប​ថ្មី ពីព្រោះ​ពួកគាត់​នឹង​បាត់​បង់​ប្រាក់​កម្រៃរបស់​ខ្លួន​”។

ទោះ​យ៉ាង​ណា លោក សា លាង អ្នកវិនិយោគដ៏សំខាន់នៅ​ក្នុង​​ផ្សារ​នេះ​ដែល​លោក សំអុល ចោទ​ថា​ បាន​ញុះញង់​អាជីវករ​​ឲ្យ​ដក​រូប​លោក​ចេញ​នោះ​ បាន​បដិសេធ​ថា​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ញត្តិ​នេះ​ទេ ហើយ​បាន​លើក​ឡើង​ថា អាជីវករ​គ្រាន់​តែ​មិន​សប្បាយ​ចិត្ត​នឹងអភិបាល​ក្រុង​រូប​នេះ​តែ​ប៉ុណ្ណោះ។

លោក សា លាង បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​មិន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​អាជីវករ​ទេ”។ លោក​បាន​បន្ថែម​ថា កាលពីពេល​ថ្មីៗនេះ​លោក សំអុល បាន​​គ្រប់​គ្រង​ផ្សារ​េនះ ហើយ​បាន​អនុវត្ត​ការ​យក​ថ្លៃ​ឈ្នួល​ថ្មី​ទៅ​លើ​អាជីវករ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​លោក​ សំអុល បាន​យក​របរ​រក​ស៊ី​របស់​ខ្ញុំ ហើយ​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង ហើយ​អាជីវករ​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​នេះ​ទេ ពីព្រោះ​អភិបាល​ក្រុង​រូប​នេះ​បាន​យក​តម្លៃ​ខ្ពស់​ចំពោះ​​ពន្ធ​ច្រើន​ប្រភេទ។ អភិបាល​ក្រុង​រូប​នេះ​មិន​សប្បាយចិត្តជាមួយ​​ខ្ញុំ ពីព្រោះ​ខ្ញុំ​បាន​ដាក​់​ពាក្យ​បណ្ដឹង​ទៅ​ស្ថាប័ន​រដ្ឋ​សុំ​ឲ្យ​រក​យុត្តិធម៌​ជូន​រូប​ខ្ញុំ ពីព្រោះ​គាត់​បាន​រំលោភ​អាជីវ​កម្ម​ស្រប​ច្បាប់​របស់​ខ្ញុំ”៕ សារុន​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស