27 C
Phnom Penh

កម្មករ​​​សំណង់​​​ត្រូវ​​​បាន​​​​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​​​​វាយ​​​គេ​​​ដល់​​​ស្លាប់​​​ ខណៈ​​​ទាហាន​​​​​​ម្នាក់​​​​​​កំពុង​​​រត់​​​គេ​​​ច​​​ខ្លួន​​​នៅ​​​ឡើយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ចោទ​​​ប្រកាន់​​​កម្មករ​​​សំណង់​​​ម្នាក់​​​ពី​​​បទ​​​បង្ក​​​អំពើ​​​ហិង្សា​​​ដោយ​​​​​​ចេតនា ជុំវិញ​​​ការ​​​វាយ​​​បុរស​​​ម្នាក់​​​រហូត​​​ដល់​​​ស្លាប់​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​ នៅ​​​ក្នុង​​​ការ​​​ប្រវាយ​​​ប្រតប់​​​គ្នា​​​មួយ​​​ដែល​​​កើត​​​ឡើង​​​បន្ទាប់​​​ពី​​​ជន​​​រង​​​គ្រោះ​​​បាន​​​បើក​​​រថយន្ត​​​របស់​​​ខ្លួន​​​​​​ឆ្លង​​​កាត់​​​ការដ្ឋាន​​​​​​សំណង់​​​មួយ​​​កន្លែង​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ជ្រោយ​​​ចង្វា​​​ដោយ​​​ធ្វើ​​​ឲ្យ​​​មាន​​​ដី​​​ហុយ។

លោក​​​ ជ័យ ប៊ុន​​​​​​ធឿន​​​ អាយុ​​​៤០​​​ឆ្នាំ​​​​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​របួស​​​នៅ​​​តាម​​​ផ្លូវ​​​ពេល​​​បញ្ជូន​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​ភ្លាម​​​ៗ​​​ក្រោយ​​​ការប្រវាយ​​​ប្រតប់​​​គ្នា​​​។ យោង​​​តាម​​​​​​នគរ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​រង​​​គ្រោះ​​​រូប​​​នេះ​​​បាន​​​បើក​​​រថយន្ត​​​ត្រឡប់​​​ទៅកាន់​​​ការ​​​ដ្ឋាន​​​សាង​​​សង់​​​នេះ​​​វិញ បន្ទាប់​​​ពី​​​កម្មករ​​​បាន​​​ស្រែក​​​ដាក់​​​ខ្លួន​​​​​​ថា ​​​បើក​​​រថយន្ត​​​​​​លឿន​​​អី​​​លឿន​​​ម្លេ៉ះ​​​​​​​​​​​​​​​​​​ដោយ​​​ធ្វើ​​​ឲ្យ​​​ដី​​​ហុយ​​​។

នួន សុខ អាយុ​​​២៨​​​ឆ្នាំ ដែល​​​ជា​​​កម្មករ​​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ថ្ងៃ​​​បន្ទាប់​​​។ ជន​​​សង្ស័យ​​​ទី​​​២​​​ជា​​​ទាហាន​​​យាម​​​​​​​​​ការដ្ឋាន​​​សាង​​​សង់​​​ក្នុ​​​ងដី​​​ឡូតិ៍​​​របស់​ឧត្តម​​​សេនីយ៍​​​ទោ​​​ វង្ស ខាន់​​​សារិទ្ធ​​​ ​​​​​​​​​​​​ដែល​​​បម្រើ​​​ការ​​​នៅ​​​កង​​​ពល​​​តូច​​​ ង​​​​​៧០​​​នៃ​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​នៅ​​​ឡើយ​​​។

កាល​​​ពី​​​ម្សិលមិញ​​​ លោក​​​ អៀក សេរីវុធ អធិការ​​​រង​​​នគរ​​​បាល​​​ខណ្ឌ​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា នួន សុខ ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​បង្ក​​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា​​​ដោយ​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស​​​ដែល​​​រួម​​​មាន​​​ទាំង​​​អំពើ​​​​​​មនុស្ស​​​ឃាត​​​​​​ដោយ​​​អចេតនា​​​ផង​​​ដែរ​​​ ហើយ​​​​​​មាន​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​រហូតដល់​​​ទៅ​​​១៥​​​​​​ឆ្នាំ​​​។

លោក សេរីវុធ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា កម្មករ​​​សំណង់​​​រូប​​​​​​នេះ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​​​​ដោយ​​​ព្រះរាជ​​​អាជ្ញារង​​​ តុប ឈុនឡុង ហើយ​​​​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​ដើម្បី​​​ឃុំ​​​ឃាំង​​​ជា​​​បណ្តោះ​​​អាសន្ន​​​នៅ​​​ថ្ងៃ​​​េនះ​​​។

​​​លោក សុង​​​ លី ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​បាន​​​លើក​​​ឡើ​​​ងថា​​​ អាជ្ញាធរ​​​កំពុង​​​ស្វែង​​​រក​​​ជន​​​សង្ស័យ​​​ទី​​​២​​​ឈ្មោះ ម៉ែន ម៉ន ដែល​​​ជា​​​ទាហាន​​​នៅ​​​កង​​​ពល​​​តូច​​​ ង៧០​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ចាប់​​​ខ្លួន​​​ម្នាក់​​​ ហើយ​​​ឥឡូវ​​​យើង​​​កំពុង​​​ស្នើ​​​តុលាការ​​​ឲ្យ​​​ចេញ​​​ដីការ​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​ម្នាក់​​​ទៀត​​​”។

មុន​​​ពេល​​​ការ​​​ប្រវាយ​​​ប្រតប់​​​គ្នា​​​បាន​​​ចាប​់​​​ផ្តើម​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ លោក ជ័យ ប៊ុនធឿន បាន​​​ហៅទូរស័ព្ទ​​​ទៅ​​​ប្អូន​​​ប្រុស​​​របស់​​​ខ្លួន​​​ឈ្មោះ ជ័យ សុភ័ក្រ​​​ ដែល​​​ជា​​​មន្ត្រី​​​នគរ​​​បាល​​​នៅ​​​ក្នុង​​​សង្កាត់​​​ព្រែក​​​តាសេក​​​​​​ឲ្យ​​​មក​​​ជួយ​​​ខ្លួន​​​ដើម្បី​​​តទល់​​​ជាមួយ​​​នឹង​​​កម្មករ​​​នៅ​​​ការ​​​ដ្ឋាន​​​សាង​​​សង់​​​។ លោក សុភ័ក្រ ក៏​​​ត្រូវ​​​បាន​​​គេ​​​​​​វាយ​​​ផង​​​ដែរ​​​ ប៉ុន្តែ បាន​​​រួច​​​ពី​​​ការ​​​ស្លាប់​​​ ហើយ​​​បាន​​​ចេញ​​​ពី​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត​​​កាល​​​ពីម្សិលមិញ។

លោក សុភ័ក្រ បាន​​​លើក​​​​​​ឡើង​​​ថា មាន​​​មនុស្ស​​​យ៉ាង​​​តិច​​​បួន​​​នាក់​​​បាន​​​វាយ​​​​​​ខ្លួន និង​​​បង​​​ប្រុស​​​ខ្លួន​​​មិន​​​មែន​​​មនុស្ស​​​ពីរ​​​នាក់​​​ទេ​​​ក្នុង​​​នោះ​​​រួម​​​ទាំង​​​​​​ទាហាន​​​ម្នាក់​​​ទៀត​​​ដែល​​​នគរ​​​បាល​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ថ្ងៃ​​​កើត​​​ហេតុ​​​ ប៉ុន្តែ បាន​​​ដោះ​​​លែង​​​វិញ​​​ភ្លាម​​​ៗដោយ​​​អះ​​​អាង​​​ថា មិន​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​រឿង​​​នេះ​​​ផងដែរ​​​។ លោក សុភ័ក្រ ក៏​​​បាន​​​លើក​​​ឡើង​​​ទៀត​​​​​​ផង​​​ដែរ​​​ថា ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​តុលាការ​​​ដាក់​​​បន្ទុក​​​លើក​​​ នួន សុខ គឺ​​​វា​​​ស្រាល​​​ពេក​​​ហើយ​​​។

លោក​​​ សុភ័ក្រ ដែល​​​ចង់​​​ឲ្យ​​​តុលាការ​​​ចោទ​​​ប្រកាន់​​​ជន​​​សង្ស័យ​​​ពីបទ​​​មនុស្ស​​​ឃាត​​​ និង​​​បទ​​​ប៉ុន​​​ប៉ង​​​មនុស​​​្ស​​​ឃាត​​​នោះ​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​អាច​​​ទទួល​​​យក​​​​​​សេចក្ដី​​​សម្រេច​​​នេះ​​​បាន​​​​​​ឡើយ​​​ ព្រោះ​​​ពួក​​​គេ​​​មាន​​​បំណង​​​សម្លាប់​​​ខ្ញុំ និង​​​បង​​​ប្រុស​​​របស់​​​ខ្ញុំ​​​”។

លោក​​​បាន​​​លើក​​​​​​ឡើង​​​ទៀត​​​ថា លោក​​​​​​បាន​​​មក​​​ការដ្ឋាន​​​សាង​​​សង់​​​ដើម្បី​​​​​​ធ្វើ​​​របាយការណ៍​​​​​​អំពី​​​អ្វី​​​ដែល​​​កម្មករ​​​បាន​​​ស្រែក​​​ដាក់​​​បង​​​ប្រុស​​​ខ្លួន​​​មិន​​​មែន​​​មក​​​ប្រវាយ​​​ប្រតប់​​​គ្នា​​​ទេ​​​។

លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា “ខ្ញុំ​​​គ្រាន់​​​តែ​​​មក​​​​​​ដើម្បី​​​មើល​​​ និង​​​ធ្វើ​​​របាយការណ៍​​​​​​​​​ប៉ុណ្ណោះ​​​ ព្រោះ​​​​​​ខ្ញុំ​​​គឺជា​​​មន្ត្រី​​​នគរ​​​បាល​​​។ ប៉ុន្តែ នៅ​​​ពេល​​​ខ្ញុំ​​​ចត​​​ម៉ូតូ​​​របស់​​​ខ្ញុំ​​​ ខ្ញុំ​​​មិន​​​ដឹង​​​ថា ហេតុ​​​អ្វី​​​​​បាន​​ជា​​​ពួក​​​គេ​​​ចាប់​​​ផ្តើម​​​វាយ​​​ខ្ញុំ​​​​​​​​​​​​ឡើយ​​​”៕ស៊ុយឈាង​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស