យោងតាមមន្ត្រីនគរបាលម្នាក់បានឲ្យដឹងថា កម្មករសំណង់១១នាក់ក្នុងចំណោមកម្មករសំណង់ជនជាតិចិនជាង៩០នាក់ ដែលបច្ចុប្បន្ននេះស្នាក់នៅការដ្ឋានសំណង់នៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញអះអាងថា និយោជករបស់ខ្លួនមិនបើកប្រាក់ខែឲ្យពួកគេ ហើយបានដកហូតលិខិតឆ្លងដែនរបស់ពួកគេនោះ បានវិលត្រឡប់ទៅប្រទេសចិនវិញកាលពីម្សិលមិញ។
កម្មករសំណង់ទាំងនោះដែលបានតវ៉ានៅខាងក្រៅស្ថានទូតចិនកាលពីថ្ងៃសុក្រទាក់ទងនឹងស្ថានភាពលំបាករបស់ពួកគេ បច្ចុប្បន្ននេះស្នាក់នៅការដ្ឋានសំណង់ដែលប្រតិបត្តិការដោយក្រុមហ៊ុន China State Construction Engineering Corporation (CSCEC) ដែលគ្រប់គ្រងដោយរដ្ឋនៅកោះពេជ្រក្នុងរាជធានីភ្នំពេញ។
លោក ប្រាក់ វណ្ណា ប្រធានការិយាល័យនគរបាលជនបរទេសក្នុងរាជធានីភ្នំពេញបានមានប្រសាសន៍ថា កម្មករ១១នាក់ក្នុងចំណោមកម្មករ៩៦នាក់បានត្រឡប់ទៅប្រទេសចិនវិញកាលពីម្សិលមិញ ខណៈដែលអាជ្ញាធរបន្តស៊ើបអង្កេតការអះអាងរបស់ពួកគេ។
លោកបានមានប្រសាសន៍ថា ”យើងកំពុងធ្វើការដើម្បីដោះស្រាយបញ្ហានេះ។ ថ្ងៃនេះយើងបានដោះស្រាយពួកគេបាន១១នាក់ ហើយពួកគេបានយកលិខិតឆ្លងដែនរបស់ខ្លួនពីពួកយើងដើម្បីត្រឡប់ទៅស្រុករបស់ខ្លួនវិញ ហើយសំបុត្ររបស់ពួកគេត្រូវត្រឡប់ទៅស្រុកវិញនៅថ្ងៃនេះ។ យើងនៅមានលិខិតឆ្លងដែនជាង៨៥ទៀត”។
លោកបានមានប្រសាសន៍ថា “យើងបានធ្វើការជាមួយម្ចាស់ក្រុមហ៊ុនដើម្បីទិញសំបុត្របញ្ជូនពួកគេត្រឡប់ទៅស្រុកវិញ។ ពួកគេ [កម្មករ] មិនសប្បាយចិត្តនឹងប្រាក់ខែរបស់ខ្លួនឡើយ។ យើងមិនប្រាកដថា តើក្រុមហ៊ុនប៉ុន្មានដែលពួកគេបានធ្វើការឲ្យនោះ ហើយយើងកំពុងធ្វើការស៊ើបអង្កេត។ ក្រុមហ៊ុនដែលទិញសំបុត្រនោះគឺនៅកោះពេជ្រ”។
អ្នកគ្រប់គ្រងនៅការដ្ឋានសំណង់កាលពីថ្ងៃអាទិត្យបាននិយាយថា ក្រុមហ៊ុនម៉ៅការបន្ត ពីក្រុមហ៊ុនCSCEC ឈ្មោះ Sino Great Wall មិនបានបើកប្រាក់ខែឲ្យកម្មករទាំងនោះ២ខែមកហើយ ហើយថា លិខិតឆ្លងដែនរបស់ពួកគេស្ថិតក្នុងដៃមន្ត្រីអន្តោប្រវេសន៍។
ទោះជាយ៉ាងណា លោក វណ្ណា បានមានប្រសាសន៍ថា អ្នកគ្រប់គ្រងកម្មករមានលិខិតឆ្លងដែនរបស់ពួកគេ ហើយបានផ្ដល់លិខិតឆ្លងដែននោះដល់អាជ្ញាធរ។
អ្នកគ្រប់គ្រងក្រុមហ៊ុន CSCEC នៅកោះពេជ្របានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុន CSCEC នឹងទិញសំបុត្រយន្តហោះដើម្បីបញ្ជូនកម្មករទាំងនោះទៅស្រុកវិញ។
នៅសាខាក្នុងរាជធានីភ្នំពេញរបស់ក្រុមហ៊ុន Sino Great Wall International Engineering ដែលមានមូលដ្ឋាននៅប្រទេសចិនកាលពីម្សិលមិញ បុរសម្នាក់ដែលបុគ្គលិកប្រាប់ថាជាអ្នកគ្រប់គ្រងបានបដិសេធថា កម្មករទាំងនោះមិនត្រូវបានក្រុមហ៊ុន Sino Great Wall ជួលទេ។
និយាយតាមរយៈអ្នកបកប្រែភាសា ហើយបានបដិសេធមិនប្រាប់អត្តសញ្ញាណខ្លួនឯងអ្នកគ្រប់គ្រងរូបនេះបាននិយាយថា “មិនមានទំនាក់ទំនងផ្ទាល់ចំពោះក្រុមហ៊ុន Sino Great Wall ទេ។ កម្មករដែលធ្វើការតវ៉ាទាំងនោះមកពីក្រុមហ៊ុនផ្សេង”។
អ្នកគ្រប់គ្រងរូបនេះបានមានប្រសាសន៍ថា ក្រុមហ៊ុន Sino Great Wall បានម៉ៅការបន្តឲ្យក្រុមហ៊ុន CityKey Construction Engineering ជាក្រុមហ៊ុនខួងដែលពួកគេតែងតែមានទំនាក់ទំនងជាមួយ ហើយបន្ទាប់មកបានម៉ៅការបន្តឲ្យក្រុមហ៊ុន Dan Dong Shi Hong Bo Engineering Company ដែលលោកបានមានប្រសាសន៍ថា បានបោកប្រាស់កម្មករ។
លោក ចេង ហុងបូ អ្នកនាំពាក្យស្ថានទូតចិនបានបដិសេធមិននិយាយអំពីករណីនេះទេ ដោយលើកឡើងថា លោកកំពុងស្វែងរកព័ត៌មានបន្ថែម”៕ សារុន