38 C
Phnom Penh

លោក មឿង សុន ​​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញហើយ បន្ទាប់ពី​ព្រះ​មហាក្សត្រ​ព្រះ​រាជ​ទាន​លើក​លែង​ទោស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក មឿង សុន សកម្មជន​នយោបាយ​និរទេស​ខ្លួន​ដែល​ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធភាព​ពី​បទ​ផ្សព្វ​ផ្សាយព័ត៌មាន​មិន​ពិត​កាលពី​ខែ​កក្កដាឆ្នាំ​២០០៩ ជុំវិញ​ការ​អះអាង​ថា ការ​ដាក់​អំពូល​បំភ្លឺ​នៅ​ប្រាសាទ​អង្គរវត្ត​នឹង​ធ្វើ​ឲ្យ​ខូច​ប្រាសាទ​នោះ​ បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​កាល​ពីព្រឹក​ម្សិល​មិញ ដោយ​ប្ដេជ្ញា​ថា​នឹង​ស្រោចស្រង់​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ជាតិ​និយម​នេះ​ឡើង​វិញ ដែល​លោក​បាន​ធ្វើ​ជា​ប្រធាន​នៅ​ពេល​លោក​បាន​ភៀសខ្លួន​​ចេញ​រយៈ​ពេល​៦​ឆ្នាំ​កន្លង​មក។

តាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក មឿង សុន ត្រូវ​បាន​ព្រះ​មហាក្សត្រ​ នរោត្តម សីហមុនី ព្រះរាជទាន​លើក​លែង​ទោស​កាលពី​ខែ​មុន ដោយ​អនុញ្ញាត​​ឲ្យ​រូប​លោក​វិល​ត្រឡប់​មក​កាន់​ប្រទេស​វិញ​​ដោយ​មិន​ប្រឈម​ការ​ផ្ដន្ទាទោស​​ជាប់​ពន្ធនាគារ​រយៈ​ពេល​២​ឆ្នាំនោះឡើយ​ បន្ទាប់ពី​លោក​បាន​ភៀស​ខ្លួន​​ទៅ​ប្រទេស​បារាំង​​។

បន្ទាប់​ពី​មក​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តាម​ជើង​ហោះ​ហើរ​ពីទីក្រុង​បាងកក លោក មឿង សុន បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល ទី​ដែល​លោក​បាន​រៀបចំ​ពិធី​មួយដើម្បី​ឧទ្ទិសកុសល​ដល់​វិញ្ញាណក្ខន្ធ​សព​ឪពុក​ម្ដាយ​របស់​លោក​នៅ​ទីនោះ។

ថ្លែង​ពី​ក្រុង​តាខ្មៅ សកម្មជន​រូប​នេះ​បាន​លើក​ឡើង​ថា អាទិភាព​ទី១​របស់​លោក​គឺ​ត្រូវ​បង្កើត​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​ឡើង​វិញ ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​លោក​បាន​ធ្វើ​ជា​ប្រធាន​កាលពី​ឆ្នាំ​២០០៩ នៅ​ពេល​លោក​បាន​​ធ្វើអត្ថាធិប្បាយ​​អំពី​​អង្គរ​វត្ត​។

លោក មឿង សុន បាន​មាន​ប្រសាសន៍​ថា “​នេះ​ជា​អាទិភាព ពីព្រោះ​ចាប់​តាំង​ពី​ខ្ញុំ​បាន​ចាក​ចេញ​ពី​ប្រទេស​កំណើត​មក អង្គការ​មិន​មែន​រដ្ឋាភិបាល​របស់​ខ្ញុំ​បាន​បាត់​បង់​សមាជិក​ ដូច្នេះ​ខ្ញុំ​ត្រូវ​កសាង​ឡើង​វិញ”។

លោក មឿង សុន បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាសា៊ន​​នៅ​ដំណាច់​ឆ្នាំ​នេះ​ និង​ការ​ហូរ​ចូល​ពលករ​ចំណាក​ស្រុក​កើន​ឡើង​ចាប់​តាំងពី​លោក​បាន​ចាក​ចេញ​កាលពី​ឆ្នាំ​២០០៩នោះ​ មាន​ន័យ​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល​របស់​លោក​នឹង​ត្រូវ​ពង្រីក​ទំហំ​របស់​ខ្លួន​ហួសពី​​ប្រទេស​កម្ពុជា​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​គិត​ថា​ កន្លែង​ណាដែល​មាន​ប្រជាជន​ខ្មែរ​រស់​នៅ ទោះ​បី​ជា​ពលករ​ចំណាក​ស្រុក​ក៏ដោយ ក៏​​​នឹង​ជា​ព្រលឹង​ជាតិ​របស់​យើង​ដែរ។ ខ្ញុំនិយាយ​ថា វប្បធម៌ អរិយធម៌​ទៅ​ជាមួយ​ពួកគេ​ ហើយ​អាច​​ប្រៀប​ធៀប​​ទៅ​នឹង​ស្រមោល”។

ប៉ុន្តែ​សកម្មជន​រូប​នេះ​ដែល​ធ្លាប់​ធ្វើ​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ការស្ថិត​នៅ​យូរអង្វែងរបស់​​អង្គរ​វត្ត​​នឹងនៅតែ​​ជា​ការ​ផ្ដោត​ដ៏សំខាន់​របស់​អង្គការ​លោក​។

លោក មឿង សុន បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​ទើបតែ​មក​ដល់​នៅ​ថ្ងៃ​នេះ ហើយ​មិន​ទាន់​ទៅ​លេង ឬឃើញ​អង្គរវត្ត​នៅ​ឡើយ​ទេ​។ អ្វី​ដែល​ខ្ញុំ​ឃើញ​គឺតាម​រយៈ​ហ្វេសប៊ុក​ ហើយ​ខ្ញុំ​មិន​ដឹង​ការ​ពិត​ជា​អ្វី​នោះ​ឡើយ​…។ ប្រហែល​ជា​សប្ដាហ៍​ក្រោយ​ ខ្ញុំ​នឹង​ទៅ​លេង​អង្គរ​វត្ត”។

លោក​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​ចាប់​អារម្មណ៍​បញ្ហា​មួយ​​ដែល​ខ្ញុំ​បាន​ឃើញ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​តាម​រយៈ​វិទ្យុ​ថា រដ្ឋាភិបាល​បាន​ដាក់​ទោស​ទណ្ឌ​លើ​ជន​បរទេស​មួយ​ចំនួន​​ដែល​បាន​ថត​រូប​អាក្រាត​។ នេះ​ជា​រឿង​ត្រឹម​ត្រូវ ពីព្រោះ​វា​ជា​កន្លែង​ពិសិដ្ឋ​”។

លោក​បាន​បន្ថែម​ថា “​ខ្ញុំ​ចង់​ឃើញ​ថា តើ​កន្លែង​ទាំង​នោះ​បាន​ដាក់​ស្លាក​សញ្ញា​ប្រាប់​ភ្ញៀវ​ទេសចរ​ថា ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ថត​រូប​អាក្រាត​ និង​កុំ​ឲ្យ​ប៉ះពាល់​ថ្ម​ឬយ៉ាង​ណា​​”៕ សារុន​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស