រូបគំនូរថ្មីៗបំផុតរបស់លោក ព្រហ្ម វិចិត្រ អំពាវនាវឲ្យចែករំលែកអាហារដែលច្រើនលើសលុប

គំនូរលោក ព្រហ្ម វិចិត្រ ដែលមានចំណងជើងថា “ខគោ និងនំប័ុង” រៀបរាប់ពីតុមួយដែលមាននំប័ុង ខគោមួយចានគោមជិតពេញ ម្អមមួយចានសំប៉ែត និងទឹកកន្លះកែវ គឺអាហារពេលព្រឹកខ្មែរ។
គូរដោយប្រើពណ៌ស្រទន់ ដែលគូសបញ្ជាក់នូវភាពកក់ក្តៅនិងសុខុមាលភាពដែលអាហារគ្រប់គ្រាន់នាំមក រូបគំនូរវិចិត្រកររូបនេះដែលដាក់តាំងនៅឯវិចិត្រសាលអិនសាយដឺ ក្នុងសណ្ឋាគារអ៊ិនធឺខុន មានឈ្មោះថា”សំណល់អាហារ”។
ការបង្ហាញម្ហូបអាហារនៅក្នុងរូបគំនូរ គឺសុទ្ធតែម្ហូបអាហារសល់ ជាអ្វីដែលអ្នកបរិភោគទុកចោលក្នុងពេលដែលពួកគេបានដើរចេញពីតុ។

វិចិត្រករ អាយុ ៥៩ឆ្នាំរូបនេះ បានមានប្រសាសន៍ថា “វាជាទុក្ខវេទនារបស់ខ្ញុំ ដែលជំរុញឲ្យខ្ញុំគូរគំនូរបែបនេះ។ ខ្ញុំបានរស់នៅឆ្លងកាត់់របបប៉ុល ពត ជាពេលដែលខ្ញុំពិតជាស្រេកឃ្លានយ៉ាងខ្លាំងដោយសារតែអត់អាហារហូប។ ខ្ញុំចាំមិនភ្លេចថា អ្នកដែលបានឲ្យដំឡូងខ្ញុំមួយដុំតូច និងបាយមួយដុំនៅថ្ងៃមួយ…. ដូច្នេះខ្ញុំពិតជាយល់អំពីការស្រេកឃ្លាន”។
លោក វិចិត្រ បាននិយាយថា ពលរដ្ឋខ្មែរសព្វថ្ងៃនេះ ទំនងជាប្រើទម្លាប់បោះចោលសំណល់អាហារ។ វិចិត្រកររូបនេះ បានសោកស្តាយថា ពួកគេតែងតែរៀបចំអាហារយ៉ាងច្រើនសម្រាប់គ្រួសារ ឬពេលជួបជុំគ្នាចុងសប្តាហ៍ ហើយជាញឹកញាប់បន្សល់ទុកចោលនូវម្ហូបយ៉ាងច្រើន។

វិចិត្រកររូបនេះ បាននិយាយបន្ថែមថា “ម្ហូបនោះ គឺច្រើនណាស់សម្រាប់គ្រួសារក្រីក្រ។ ចុះហេតុអ្វីក៏មិនខ្ចប់ម្ហូបនោះ ហើយប្រាប់មនុស្សរស់នៅតាមចិញ្ចើមផ្លូវថា ម្ហូបនៅសល់នេះ អាចបរិភោគបាន មិនមែនម្ហូបហូបមិនកើតនោះទេ?”។ ដូចបង្ហាញនៅក្នុងរូបគំនូររបស់លោក មានចានសំប៉ែត និងចានគោម គឺនៅសល់ម្ហូបច្រើន នៅពេលគេបរិភោគរួច។
ជាឧទាហរណ៍ នៅក្នុងរូបគំនូរមួយដែលមានចំណងជើងថា “សំណល់បាយនិងក្តាម” សាច់ក្តាមបរិភោគអស់ ប៉ុន្តែមាននៅសល់បាយជាច្រើននៅលើស្លឹកចេក។
ប្រើក្នុងពណ៌កក់ក្តៅនិងស្រាលស្រទន់ ដែលឆ្លុះបញ្ចាំងនូវភាពសំបូរហូរហៀរនៃអាហារជាមួយមិត្តភក្តិ ឬគ្រួសារនោះ រូបគំនូរទាំង១១ផ្ទាំង ត្រូវបានគូរនៅលើផ្ទាំងក្រណាត់ដោយប្រើបច្ចេកទេសប្រេងជក់ស្ងួត។ លោក វិចិត្រ បាននិយាយថា “ជាធម្មតា យើងបន្ថែមសាំង ឬខ្លាញ់ត្រីទៅនឹងថ្នាំ” ដើម្បីធ្វើឲ្យឥទ្ធិពលចាំងរលោងឃើញច្បាស់។ តាមវិធីនេះ ពណ៌នៅតែមានពិតប្រាកដនៅក្នុងពន្លឺ។

កើតនៅជាយក្រុងភ្នំពេញ លោក វិចិត្រ គឺជានិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅពេលដែលខ្មែរក្រហម បានឡើងកាន់អំណាចក្នុងឆ្នាំ ១៩៧៥។ ពីទសវត្សរ៍ឆ្នាំ១៩៨០ រហូតដល់ឆ្នាំ ១៩៩៥ លោកបានបង្រៀនគណិតវិទ្យាថ្នាក់បឋមសិក្សា និងមធ្យមសិក្សា។ ពីឆ្នាំ១៩៩៥មក លោកបានបែងចែកពេលវេលារវាងការបង្រៀន និងធ្វើការនៅឯនាយកដ្ឋានស្រាវជ្រាវនិងគរុកោសល្យនៃក្រសួងអប់រំ ក៏ដូចជាគ្រប់គ្រងសៀវភៅកុមារបោះពុម្ភដោយអង្គការក្រៅរដ្ឋាភិបាល។
ចាប់តាំងពីចូលនិវត្តន៍ក្នុងឆ្នាំ២០១៣ លោក វិចិត្រ បង្រៀនសិល្បៈដល់កុមារមកពីតំបន់ក្រីក្រតាមរយៈអង្គការវិចិត្រករខ្មែរសម្រាប់កុមារ។ លោកក៏បង្រៀនគំនូរបច្ចេកទេសដល់និស្សិតវិស្វករនៅតាមសាកលវិទ្យាល័យឯកជននានាដែរ។
បញ្ជូនសារសង្គមតាមរយៈគំនូររបស់លោក មិនមែនជារឿងថ្មីចំពោះលោក វិចិត្រទេ។ ក្នុងឆ្នាំ ២០១២ លោកគឺស្ថិតក្នុងវិចិត្រករដំបូងគេក្នុងការនិយាយអំពីការបំផ្លិចបំផ្លាញ ដែលបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជា។
ហើយនៅក្នុងការតាំងពិព័រណ៍ម្នាក់ឯងនាឆ្នាំ២០១២ស្តីពីកម្ពុជាអស់រយៈពេលរាប់ទសវត្សរ៍ វិចិត្រកររូបនេះ រៀបរាប់អំពីការទាក់ទាញនៃទឹកប្រាក់នៅក្នុងសង្គមទំនើប ដោយបង្ហាញបុរសម្នាក់ដោយមានសញ្ញាប្រាក់ដុល្លារក្នុងភ្នែករបស់គាត់ និងការញញិមសប្បាយរីករាយនៅលើផ្ទៃមុខ អង្គុយនៅឯតុដោយមានកុំព្យូទ័រយួរដៃ និងទូរស័ព្ទដៃនៅកៀកនឹងប៊ិច និងក្រដាស។

វិចិត្រកររូបនេះ បាននិយាយថា នៅពេលនេះ “សាររបស់ខ្ញុំ គឺចង់ឃើញពលរដ្ឋកម្ពុជា ដែលរកប្រាក់កាសបានបន្តិចបន្តួច ចាប់ផ្តើមគិតពីការសន្សំសំចៃដោយរៀបចំម្ហូបទៅតាមតម្រូវការពិតប្រាកដ។ លោកបានបញ្ជាក់ថា គ្រួសារខ្លះចំណាយប្រាក់កាសច្រើនលើម្ហូបអាហារនៅដើមខែនីមួយៗ ហើយម្ហូបត្រូវសល់ចោល ហើយបន្ទាប់មកមាននៅសល់ប្រាក់កាសតិចតួចសម្រាប់ទិញអាហាររយៈពេលបួនអាទិត្យក្រោយមក។ សរុបមក មានមនុស្សជាច្រើន ដែលតែងតែចំណាយខ្ជះខ្ជាយ ហើយគ្រវែងចោលម្ហូប ដែលគេមិនអាចបរិភោគអស់។ លោក វិចិត្រ បាននិយាយថា”ខ្ញុំចង់និយាយថា គេគួរបញ្ឈប់ទម្លាប់បោះចោលម្ហូបអាហារដោយខ្ជះខ្ជាយ”។
ការតាំងពិព័រណ៍នេះធ្វើរហូតដល់ថ្ងៃទី៧ ខែមិថុនា៕រើន