27 C
Phnom Penh

ពលករ​​​ខ្មែរ​​​គ្រោង​​​ទៅ​​​ចូល​​​រួម​​​ជាមួយ​​​ពលករ​​​​​​ក្នុង​​​គម្រោង​​​សាង​​​សង់​​​សម្រាប់​​​ការ​​​ប្រកួត​​​បាល់ទាត់​​​ពិភព​​​លោក​​​នៅ​ប្រទេស​​​​​កាតា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ ទីភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពល​​​ករ​​​មួយ​​​ និង​​​ក្រុមហ៊ុន​​​សំណង់​មួយ​​​របស់​​​​​ប្រទេស​​​កាតា​​​​​​បាន​​​សម្ភាស​​​កម្មករ​​​ប្រហែល​​​១០០នាក់​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ ដោយ​​​សង្ឃឹម​​​ថា​​​ ពួកគេ​​​នឹង​​​ស្ថិត​​​ក្នុង​​​ចំណោម​​​ក្រុម​​​ដំបូង​​​នៃ​​​ពល​​​រដ្ឋ​​​ខ្មែរ​​​​​​ដែល​​​​​​នឹង​​​ទៅ​​​ចូល​​​រួម​​​ជាមួយ​​​កម្មករ​ចំណាកស្រុក​រាប់​​​មឺុន​​​នាក់​​​​​​ដែល​​​កំពុង​​​ធ្វើ​​​ការ​​​​​​នៅ​​​ក្នុង​​​គម្រោង​​​សាង​​​សង់​​​ដែលរង​​​ការ​​​រិះ​​​គន់​​​យ៉ាង​​​ខ្លាំង​​​​​​របស់​​​ប្រទេស​​​កាតា​​​ សម្រាប់​​​ការ​​​ប្រកួត​​​បាល់ទាត់​​​ពិភព​​​លោក​​​​​​ឆ្នាំ​​​២០២២ ​​​​។

លោក គៀត​​​ ថាវរ័ត្ន​​​ ប្រធាន​​​គ្រប់​​​គ្រង​​​​​​ក្រុមហ៊ុន​​​ KCTC Manpower Supply នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ និង​​​លោក​​​ អាលី កាន​​​សា (Ali Kansa) ប្រធាន​​​គ្រប់​​​គ្រង​​​ក្រុមហ៊ុន​​​ Tawasol Group Qatar បាន​​​សម្ភាស​​​កម្មករ​​​នៅ​​​ឯវិទ្យាស្ថាន​​​ជាតិ​​​បច្ចេកវិទ្យា​​​។ ប្រធាន​​​គ្រប់គ្រង​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​​​​នឹង​​​ព្យាយាម​​​បញ្ជូន​​​កម្មករ​​​ទាំង​​​នេះ​​​ទៅ​​​ប្រទេស​​​កាតា ក្នុង​​​ពេល​​​ឆាប់​​​ៗតាម​​​​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​។

លោក ថាវរ័ត្ន បាន​​​មានប្រសាសន៍​​​ថា “ឥឡូវ​​​នេះ​​​យើង​​​បាន​​​រៀប​​​ចំ​​​អ្វី​​​ៗ​​​រួច​​​អស​​​់​​​ហើយ​​​ ហើយ​​​នឹង​​​បញ្ជូន​​​ពួក​​​គេ​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ”។

លោក​​​ កាន​​​សា បាន​​​លើក​​​ឡើង​​​ថា លោក​​​នឹង​​​សម្ភាស​​​កម្មករ​​​ប្រមាណ​​​១០០នាក់​​​ផ្សេង​​​ទៀត​​​នៅ​​​ថ្ងៃ​​​នេះ​​​​​ ហើយ​​​​​​ចង់​​​ជួល​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ដែល​​​មាន​​​សមត្ថភាព​​​ក្នុង​​​ចំនួន​​​ច្រើន​​​​​​តាម​​​ដែល​​​អាច​​ធ្វើ​​​ទៅ​​​បាន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​កំពុង​​​ព្យាយាម​​​រក​​​មនុស្ស​​​ដែល​​​ល្អ​​​បំផុត​​​” ។ លោក​​​បាន​​​បន្ថែម​​​ថា ក្រុមហ៊ុន​​​របស់​​​លោក​​​មាន​​​ផែន​​​ការ​​​ជួល​​​ពល​​​រដ្ឋ​​​ខ្មែរ​​​រាប់​​​រយ​​​នាក់​​​បន្ថែម​​​ទៀត​​​ប្រសិន​​​បើ​​​ក្រុម​​​ទី​​​១​​​មាន​​​ដំណើរ​​​ការ​​​ទៅ​​​មុខ​​​។

ចាប់​​​តាំង​​​ពី​​​ទទួល​​​បាន​​​​​ជោគ​​​ជ័យ​​​ក្នុង​​​ការ​​​ដេញ​​​ថ្លៃ​​​ធ្វើ​​​ជា​​​ម្ចាស់​​​ផ្ទះ​​​​​​សម្រាប់​​​ការ​​​ប្រកួត​​​បាល់​​​ទាត់​​​ពិភព​​​​​​លោក​​​កាល​​​ពីឆ្នាំ​​​២០១០​​​រួច​​​មក​​​ ប្រទេស​​​កាតា​​​ជា​​​ប្រទេស​​​​​​ដែល​​​មាន​​​អត្រា​​​ពល​​​រដ្ឋ​​​ប្រហែល​​​២លាន​​​នាក់​​​នោះ​​​បាន​​​ទទួល​​​រង​​​ការ​​​រិះ​​​គន់​​​​​​ជុំ​​​វិញ​​​ការ​​​កេងប្រវ័ញ្ច និង​​​​​​​​​រំលោភ​​​បំពាន​​​ពលករ​​​ចំណាក​​​ស្រុក​​​ប្រមាណ១,៤លាន​​​នាក់​​​ ដែល​​​ភាគ​​​ច្រើន​​​ជាកម្មករ​​​កំពុង​​​សាង​​​សង់​​​អគារ​​​នានា​​​សម្រាប់​​​ព្រឹត្តិការណ៍​​​​​​ឆ្នាំ​​​២០២២​​​។

កាល​​​ពីថ្ងៃ​​​ច័ន្ទ អង្គការ​​​តស៊ូ​​​មតិ New Fifa Now និងក្រុម​​​​​​អង្គការ​​​ពល​​​កម្ម​​​អន្តរជាតិ​​​​​​​​​បាន​​​រៀប​​​ចំ​​​សន្និសីទ​​​កាសែត​​​មួយ​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​ឡុងដ៍​​​ ដើម្បី​​​បញ្ចុះ​​​បញ្ចូល​​​អ្នក​​​ឧបត្ថម​​​ដល់សហព័ន្ធ​​​បាត់​​​ទាត់​​​ពិភព​​​លោក (​​​ FiFa) ​​​ឲ្យ​​​​​​ជួយ​​​ជំរុញ​​​ស្ថាប័ន​​​បាល់​​​ទាត់​​​នេះ​​​​​​គិត​​​គូរ​​​ពិចារណា​​​​​​ឲ្យ​​​បាន​​​កាន់​​​តែ​​​ហ្មត់​​​ចត់​​​ចំពោះ​​​ប្រទេស​​​កាតា​​​​​​​​​​​។

លោក​​​ សារ៉ាន បឺរ៉ូ (Sharan Burrow) អគ្គលេខាធិការ​​​សម្ព័ន្ធ​​​សហជីព​​​អន្តរជាតិ (International Trade Union Confederation) ​​​បាន​​​លើក​​​ឡើង​​​​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា “កាតាគឺជា​​​រដ្ឋ​​​ទាស​​​ករ​​​។ ការ​​​រើស​​​អើង​​​ ការ​​​ប្រកាន់​​​ពូជ​​​សាសន៍​​​ ការ​​​មិន​​​គោរព​​​សិទ្ធិ​​​របស់​​​ពលករ​​​ចំណាក​​​ស្រុក​​​ប្រមាណ១,៤​​​លាន​​​​​​នាក់​​​​​​បង្ហាញ​​ឲ្យ​​​ឃើញ​​​​​​ពី​​​របប​​​ប្រកាន់​​​ពូជ​​​សាសន៍​​​នៅ​​​អាហ្វ្រិក​​​ខាង​​​ត្បូង​​​ និង​​​គំរូ​​​​​​នៃ​​​ការ​​​ជួល​​​កម្មករ​​​តាម​​​លក្ខណៈ​​​បែប​​​ទាស​​​ករ​​​ទាំង​​​ស្រុង”។

ប្រទេស​​​កម្ពុជា​​​ និង​​​ប្រទេស​​​កាតា​​​ បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​អនុស្សរណៈ​​​នៃ​​​ការ​​​យោគយល់​​​គ្នា (MoU) ​​​​​​​​​កាល​​​ពី​​​ឆ្នាំ​​​២០១១ ដែល​​​អនុញ្ញាត​​​ឲ្យ​​​ក្រុមហ៊ុន​​​មក​​​ពី​​​ប្រទេស​​​កាតា​​​អាច​​​ជ្រើស​​​រើស​​​ពល​​​ករ​​​ខ្មែរ​​​បាន​​​។

លោក ហេង សួរ អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការងារ​​​មិន​​​អាច​​​​​​ទាក់ទង​​​សុំ​​​ការ​​​​​​ធ្វើអត្ថាធិប្បាយ​​​បាន​​​ទេ​​​​​​នៅ​​​ក្នុង​​​សប្តាហ៍​​​នេះ​​​។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​កាល​​​ពី​​​ចុង​​​ខែ​​​មុន​​​​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា អនុស្ស​​​រណៈ​​​នៃ​ការ​​​យោគ​​​យល់​​​គ្នា​​​​​ជា​​​មួយ​​​ប្រទេស​​​កាតា​​​នៅ​​​តែ​​​មាន​​​នៅ​​​ឡើយ​​​ ប៉ុន្តែ​​​ថា ប្រទេស​​​កម្ពុជា​​​គ្មាន​​​ផែន​​​ការ​​​បញ្ជូន​​​ពល​​​ករ​​​ទៅ​​​ទី​​​នោះ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​បាន​​​យល់​​​ព្រម​​​ទេ​​​ ហើយ​​​យើង​​​មិន​​​បាន​​​អនុវត្ត​​​កិច្ច​​​ព្រម​​​ព្រៀង​​​ជាមួយ​​​ប្រទេស​​​កាតា​​​ឡើយ​​​។ យើង​​​កំពុង​​​រង់​​​ចាំ​​​មើល​​​ស្ថាន​​​ភាព​​​ជាក់​​​ស្តែង​​​នៅ​​​ឡើយ​​​”។

ប៉ុន្តែ លោក ថាវ​​​រ័ត្ន បាន​​​លើក​​​ឡើង​​​​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា ក្រសួង​​​ការ​​​ងារ​​​បាន​​​ផ្តល់អាជ្ញាប័ណ្ណ​​​អនុញ្ញាត​​​ឲ្យ​​​ក្រុមហ៊ុន​​​លោក​​​​​​ជ្រើស​​​រើស​​​​​​ពល​​​ករ​​​សម្រាប់​​​ប្រទេស​​​កាតា ​​​​​​នៅ​​​ពេល​​​​​​លោក​​​បាន​​​បើក​​​ក្រុមហ៊ុន​​​របស់​​​ខ្លួន​​​​​​លើក​​​ដំបូង​​​កាល​​​ពី​​​ប្រហែល​​​មួយ​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​។ លោក​​​បាន​​​​​​លើក​​​ឡើង​​​ថា លោក​​​បាន​​​ជ្រើស​​​រើស​​​ពល​​​ករ​​​យ៉ាង​​​សកម្ម​​​ចាប់តាំង​​​ពី​​​ខែ​​​វិច្ឆិកា​​​មក​​​ម្លេ៉ះ។

លោក ថាវរ័ត្ន បាន​​​លើក​​​​​​ឡើង​​​ទៀត​​​ថា ការ​​​ផ្តល់​​​អាជ្ញាប័ណ្ណ​​​​​​ត្រូវ​​​បាន​​​រៀប​​​ចំ​​​ឡើង​​​តាម​​​រយៈ​​​លោក​​​ អ៊ុំ មៀន រដ្ឋលេខាធិការ​​​ក្រសួង​​​ការងារ​​​ និង​​​លោក សេង​​​ សក្កដា ​​​អគ្គនាយក​​​នៃ​​​អគ្គនាយកដ្ឋាន​​​នៅ​​​ក្រសួង​​​ការ​​​ងារ​​​។

នៅ​​​ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ លោក អ៊ុំ មៀន បាន​​​លើក​​​ឡើង​​​ថា លោក​​​មិន​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​និយាយ​​​ជាមួយ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ឡើយ​​​ ហើយ​​​បាន​​​បង្វែរ​​​សំណួរ​​​ទៅ​​​លោក សក្កដា ។ នៅ​​​ឯ​​​ការិយាល័យ​​​របស់​​​លោក​​ក្នុង​​​​​​ក្រសួង​​​ការ​​​ងារ​​​កាល​​​ពីម្សិល​​​មិញ​​​​​​ លោក សក្កដា ដែល​​​​​​និយាយ​​​តាម​​​រយៈ​​​លេខា​​​របស់​​​លោក​​​ បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​សំណួរ​​​របស់​​​អ្នក​​​ព័ត៌​​​មានទេ​​​​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​ប្រទេស​​​កាតា​​​។

ទោះ​​បី​​​ជា​​​មាន​​​សេចក្តី​​​រាយ​​​ការណ៍​​​អំពី​​​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​ដោយ​​​ក្រុម​​​ហ៊ុន​​​នៅក្នុង​​​ប្រទេស​​​កាតា​​​ក៏​​​ដោយ​​​ តែ​​​លោក ថាវរ័ត្ន បាន​​​លើក​​​ឡើង​​​ថា ពល​​​ករ​​​ខ្មែរ​​​​​​​​​នឹង​​​មាន​​​សុវត្ថិភាព​​​​​​ពេល​​​​​ស្ថិត​​​​​​ក្រោម​ការ​​​គ្រប់គ្រង​​​របស់​​​ក្រុមហ៊ុន Tawasol Group Qatar ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “យើង​​​ចង់​​​បញ្ជាក់​​​​​​ឲ្យ​​​បាន​​​ច្បាស់​​​ថា អ្វីៗ​​​គ្មាន​​​បញ្ហា​​​ទេ ហើយ​​​ពួក​​​គេ​​​គោរព​​​ពល​​​ករ​​​។ នៅ​​​ពេល​​​យើង​​​បាន​​​​​​និយាយ​​​ជាមួយ​​​​​​ក្រុមហ៊ុន​​​​​​ដែល​​​មក​​​ជ្រើស​​​​​​រើស​​​ពលករ​​​ យើង​​​បាន​​​ធ្វើ​​​ការ​​​បញ្ជាក់​​​ថា ពួក​​​គេ​​​ត្រូវ​​​តែ​​​អនុវត្ត​តាម​​ច្បាប់​​​ការ​​​ងារ​​​របស់​​​ប្រទេសកាតា និង​​​ច្បាប់​​​ការ​​​ងារ​​​អន្តរជាតិ​​​”។

លោក ថាវរ័ត្ន បាន​​​បន្ថែម​​​ថា ពលករ​​​ដែល​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ប្រទេស​​​កាតា​​​នឹងទទួល​​​បាន​​​ប្រាក់​​​ខែ​​​ប្រហែល​​​៣០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ ហើយ​​​ក្រុមហ៊ុន Tawasol Group Qatar  នឹង​​​រ៉ាប់រង​​​លើ​​​ការ​​​ចំណាយ​​​លើ​​​​​​ម្ហូប​​​អាហារ​​​ និង​​​ការ​​​ស្នាក់​​​នៅ​​​របស់​​​ពួក​​​គេ​​​។

លោក​​​ កានសា បាន​​​លើក​​​ឡើ​​​ងថា ក្រុមហ៊ុន​​​របស់​​​លោក​​​អនុវត្ត​​​​​​តាម​​​ច្បាប់​​​ការ​​​ងារ​​​របស់​​​​​​ប្រទេស​​​កាតា​​​ទាំង​​​ស្រុង​​​ ហើយ​​​មិន​​​រំលោភ​​​បំពាន​​​កម្មករ​​​​​​របស់​​​ខ្លួន​​​ឡើយ​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្រុមហ៊ុន​​​របស់​​​យើង​​​ជាប់​​​ចំណាត់​​​ថ្នាក់​​​លេខ​​​១​​​ គឺមាន​​​ន័យ​​​ថា រដ្ឋាភិបាល​​​បាន​​​ចុះ​​​មក​​​ត្រួត​​​ពិនិត្យ​​​រាល់​​​បញ្ហា​​​ទាំង​​​អស់​​​នៅក្នុង​​​​​​ក្រុមហ៊ុន​​​របស់​​​ខ្ញុំ​​​។

យោង​​​តា​​​ម​​​លោក កានសា បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ពល​​​ករ​​​ខ្មែរ​​​នឹង​​​ត្រូវ​​​​​​ជួល​​​ឲ្យ​​​ទៅ​​​ធ្វើ​​​ជា​​​ជាង​​​កំបោរ​​​ ឬ​​​ជាង​​​ភ្លើង​​​ក្នុង​​​គម្រោង​​​សាង​​​សង់​​​សណ្ឋាគារ​​​ដែល​​​កំពុង​​​ត្រូវ​​​បាន​​​សាង​​​សង់​​​សម្រាប់​​​ភ្ញៀវ​​​ទេស​​​ចរ​​​អំឡុង​​​​​​ការ​​​ប្រកួត​​​បាល់​​​ទាត់​​​ពិភព​​​លោក​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “វា​​​ជា​​​រឿង​​​ល្អ​​​សម្រាប់​​​អ្នក​​​ទាំង​​​នេះ​​​។ ពួក​​​គេ​​​នឹង​​​ទទួល​​​បាន​​​ការ​​​បង្ហាត់​​​បង្រៀន​​​”។

​​​នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​អំពី​​​សេចក្តី​​​រាយការណ៍​​​​​​ទាក់​​​ទិន​​​ការ​​​រំលោភបំពាន​​​នៅ​​​ប្រទេស​​​កាតា​​​ លោក​​​ កានសា បាន​​​លើក​​​ឡើង​​​ថា ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ និង​​​អង្គការ​​​សិទ្ធិ​​​កំពុង​​​តែ​​​បំផ្លើស​​​រឿង​​​នេះ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “វា​​​មិន​​​ពិត​​​ទេ​​​។ សត្រូវ​​​ទាំ​​​ងអស់​​​របស់​​​ប្រទេស​​​កាតា​​​​​​​​​កំពុង​​​ព្យាយាម​​​បង្ហាញ​​​ឲ្យឃើញ​​​អំពី​​​បញ្ហា​​​មួយ​​​ចំនួន​​​ដែល​​​មិន​​​ពិត​​​ ខ្ញុំ​​​សូម​​​ប្រាប់​​​​​​តាម​​​ត្រង់​​​ថា វា​​​ត្រូវ​​​បាន​​​គ្រប់គ្រង​​​បាន​​​យ៉ាង​​​ល្អ​​​។ រដ្ឋាភិបាល​​​ គឺ​​​មាន​​​ការ​​​តឹង​​​រឹុ​​​ងខ្លាំង​​​ណាស់​​​អំពី​​​អ្វី​​​ៗ​​​គ្រប់​​​យ៉ាង​​​”។

លោក នីកូឡាស ម៉ាក​​​ហ្គីហាន​​​ (Nicholas McGeehan) អ្នក​​​ស្រាវជ្រាវ​​​​​​នៅ​​​អង្គការ​​​ឃ្លាំមើល​​​សិទ្ធិ​​​មនុស្ស​​​បាន​​​លើក​​​ឡើង​​​ថា សេចក្តី​​​ថ្លែង​​​ការណ៍​​​របស់​​​លោក កាន​​​សា គឺ “​​​​​​មិន​​​សម​​​ហេតុផល​​​ទេ​​​”។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “អ្វីៗ​​​ដែល​​​គេ​​​បាន​​​អះ​​​អាង​​​នោះ​​​​​​ គឺ​​​ភូត​​​កុហក​​​ ឬ​​​ផ្ទុយ​​​ពី​​​ស្ថានភាព​​​ទាំង​​​ស្រុង​​​។ បញ្ហា​​​មិន​​​មែន​​​ស្ថិត​​​លើ​​​​​​ក្រុមហ៊ុន​​​ទេ​​​ បញ្ហា​​​គឺ​​​ស្ថិត​​​នៅត្រង់​​​ប្រព័ន្ធ​​​​​​របស់​​​​​​ក្រុមហ៊ុន។ ហើយ​​​នៅ​​​ក្នុង​​​សង្វាក់​​​ផ្គត់​​​ផ្គង់ ​​​ការរំលោភ​​​បំពាន​​​បាន​​​កើត​​​មាន​​​យ៉ាង​​​ច្រើន​​​”។

លោក​​​ ឌី ថេហូយ៉ា មន្ត្រីកម្មវិធី​​​ទទួលបន្ទុក​​​ផ្នែក​​​អន្តោប្រវេសន៍​​​​​​ និង​​​ការ​​​​ជួញ​​​ដូរ​​​នៅ​​​មជ្ឈមណ្ឌល​​​អប់​​​រំ​​​ច្បាប់​​​សហគមន៍​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​បាន​​​លើក​​​ឡើង​​​ថា វា​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​ខ្លាច​​​ក្រែង​​​រដ្ឋាភិបាល​​​​​​​​​បាន​​​ធ្វើ​​​ការ​​​សម្រេច​​​ចិត្ត​​​របស់​​​ខ្លួន​​​ដោយ​​​​​​អនុញ្ញាត​​​ឲ្យ​​​ពល​​​ករ​​​ចំណាក​​​​​​ស្រុក​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ប្រទេស​​​កាតា​​​ ដោយ​​​​​​សម្ងាត់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា រដ្ឋាភិបាល​​​កម្ពុជា​​​ត្រូវ​​​តែ​​​រៀប​​​ចំ​​​វេទិកា​​​​​​​​​​​សាធារណៈ​​​មួយ​​​ដើម្បី​​​អញ្ជើញ​​​ដៃ​​​គូ​​​ដូច​​​ជា​​​​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ជា​​​ដើម​​​មក​​​ពិភាក្សា​​​ និង​​​ជជែក​​​អំពី​​​ MoU ។ ហើយ​​​យើង​​​ត្រូវ​​​តែ​​​បង្កើត​​​អនុព័ន្ធ​​​ការ​​​ងារ​​​មួយ​​​រូប​​​ដែល​​​អាច​​​​​​ត្រួស​​​ត្រាយ​​​ផ្លូវ​​​ និង​​​មើល​​​ថែទាំ​​​ពលករ​​​ចំណាក​​​ស្រុក​​​នៅ​​​ក្នុង​​​ប្រទេស​​​កាតា”។

លោក កន សុខឡេង ​​​​​​អាយុ​​​២៤​​​ឆ្នាំ​​​ជា​​​ជាង​​​ផ្សា​​​រដែក​​​មក​​​ពី​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​​បាន​​​លើក​​​ឡើង​​​​​​បន្ទាប់​​​ពី​​​សម្ភាស​​​​​​កាល​​​ពី​​​ម្សិលមិញ ជាមួយ​​​ក្រុមហ៊ុន​​​Tawasol Group Qatar  ថា ខ្លួន​​​ចង់​​​ទៅ​​​ប្រទេស​​​កាតា​​​ ព្រោះខ្លួន​​​​​​អាច​​​រក​​​ប្រាក់​​​បាន​​​ច្រើនជាង​​​ប្រាក់ខែ​​​ប្រហែល​​​២០០​​​ដុល្លារ​​​ដែល​​​គាត់​​​ទទួលបាន​​​នៅ​​​ពេល​​​នេះ​​​។

ជាង​​​ផ្សារ​​​ដែក​​​រូប​​​នេះ​​​ បាន​​​និយាយ​​​ថា ​​​”ប្រាក់​​​ខែ​​​គឺ​​​វា​​​ច្រើន​​​ជាង​​​នៅ​​​កម្ពុជា​​​ឆ្ងាយ​​​ណាស់​​​”។

លោក​​​ សុខឡេង បានបន្ថែម​​​​​​ថា ខ្លួន​​​មិន​​​ដែល​​​​​ឮ​​​ថា មាន​​​ការ​​​រំលោភ​​​​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​ក្នុង​​​ប្រទេស​​​កាតា​​​ទេ ហើយ​​​គ្មាន​​​ការ​​​ព្រួយបារម្ភ​​​ឡើយ​​​។

លោក​​​បាន​​​និយាយ​​​ទៀត​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ឡើយ​​​ថា តើ​​​អ្វី​​​នឹង​​​កើត​​​ឡើង​​​នៅ​​​ប្រទេស​​​កាតា​​​ ប៉ុន្តែ ខ្ញុំ​​​គិត​​​​​​ថា ប្រសិន​​​បើ​​​ក្រុមហ៊ុន​​​នា​​​ំ​​​យើង​​​ទៅ​​​ធ្វើ​​​ការ​​​ វា​​​នឹង​​​គ្មាន​​​បញ្ហា​​​ឡើយ​​​”។

លោក អេង ភារុណ អាយុ​​​៣២ឆ្នាំ​​​ ជា​​​កម្មករ​​​ម្នាក់​​​ទៀត​​​មក​​​ពីរាជ​​​ធានី​​​ភ្នំពេញ​​​ដែល​​​រំពឹង​​​ថា នឹង​​​ទៅ​​​ប្រទេស​​​កាតា​​​ដែរ​​​នោះ​​​បាន​​​លើក​​​ឡើង​​​ថា ខណៈ​​​ខ្លួន​​​ព្រួយ​​​បារម្ភ​​​​​​អំពី​​​ស្ថាន​​​ភាព​​​នៅ​​​ក្នុង​​​ប្រទេស​​​កាតា​​​ ខ្លួន​​​នៅ​​​តែ​​​ចង់​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ទី​​​នោះ​​​​​​ដដែល​​​។

លោក​​​បាន​​​និយាយ​​​ថា “ខ្ញុ​​​ំព្រួយបារម្ភ ព្រោះវា​​​គឺជា​​​ដំណើរ​​​ដ៏​​​វែង​​​ឆ្ងាយ​​​ ហើយ​​​យើង​​​មិន​​​ដឹង​​​ថា​​​នរណា​​​នឹង​​​ការ​​​ពារ​​​យើង​​​ទេ​​​ នៅ​​​ពេល​​មាន​​​​ហេតុ​​​ការណ៍​​​​​​កើត​​​ឡើង​​​។ ពួក​​​គេ​​​បាន​​​ប្រាប់​​​យើង​​​ឲ្យ​​​ចុះ​​​ឈ្មោះ​​​ បន្ទាប់​​​ពី​​​សម្ភាស​​​រួច​​​ ហើយ​​​នៅ​​​ពីរ​​​សប្តាហ៍​​​ក្រោយ ​​​ពួក​​​គេ​​​នឹង​​​នាំ​​​យើង​​​ទៅ​​​ប្រទេស​​​កាតា”៕ ស៊ុយឈាង​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស