36 C
Phnom Penh

អ្នកត​វ៉ា​នៅទីលាន​ប្រជាធិបតេយ្យ​​បដិសេធ​ការ​ចោទប្រកាន់ពីបទ​កុបកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពីឆ្វេង​ទៅ​ស្តាំ​ សកម្មជន​គណបក្ស​ប្រឆាំង​ លោក អ៊ុក ពេជ្រសំណាង លោក​ សាន គីមហេង​ លោក​ សាន សីហាក់ អង្គុយលើ​កាំ​ជណ្តើរ​តុលាការ​ក្រុង​ភ្នំពេញ​ កាលពី​ម្សិលមិញ។ រូបថត​ៈ ស៊ីវ ចាន់​ណា​

សវនាការ​ជំនុំជម្រះ​សកម្មជន​គណបក្ស​ប្រឆាំង​១១​នាក់​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ចូលរួម​ក្នុងកុបកម្មចំពោះ​វត្តមាន​របស់ពួកគេ​នៅ​ការ​តវ៉ា​កាលពី​ថ្ងៃទី​១៥ ខែ​កក្កដា ទាមទារ​ឲ្យ​អាជ្ញាធរ​បើក​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ​ឡើង​វិញនោះ បាន​បន្ត​នៅ​សាលាដំបូង​រាជធានីភ្នំពេញ​កាលពីម្សិលមិញ។

សមាជិក​សភា​គណបក្ស​ប្រឆាំង​៧រូប​ និង​សកម្មជន​​១១​រូប​ត្រូវ​បាន​ជាប់​ពន្ធនាគារ​​បន្ទាប់ពី​ការ​តវ៉ា​កាលពី​ឆ្នាំ​មុន ដែល​បាន​បណ្ដាល​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​តាម​ផ្លូវ​នៅ​ពេល​ក្រុម​អ្នក​តវ៉ា​បាន​តដៃ​ជាមួយ​សន្តិសុខ​រដ្ឋាភិបាល។

សមាជិក​សភា​ទាំង​នោះ​ទទួល​បាន​អភ័យ​ឯកសិទ្ធិ​រួច​ផុត​ពី​ការ​ផ្ដន្ទាទោស​នៅ​ពេល​ពួកគេ​ស្បថ​​ចូល​កាន់​តំណែង​ជា​សភាជិក​រដ្ឋសភា​​នៅ​ខែ​បន្ទាប់ ប៉ុន្តែ​សកម្មជន​១១​នាក់​ត្រូវបាន​បើក​សវនាការ​ជំនុំជម្រះ​លើក​ដំបូង​កាលពី​ខែ​មុន​។

បួន​នាក់​ក្នុង​ចំណោមពួកគេ​ទាំង​១១​នាក់​ត្រូវ​បាន​សាក​សួរ​លើក​ទី២​កាលពី​ម្សិលមិញ ដែល​ម្នាក់​ៗ​បាន​ប្រាប់អង្គ​ចៅក្រម​មាន​គ្នា​បី​នាក់​ថា ពួកគេ​ជឿ​ថា ការ​ប៉ះទង្គិច​គ្នា​នៅ​តាម​ផ្លូវ​បង្កឡើង​ដោយ​សន្តិសុខ​ ហើយ​បាន​បដិសេធ​​ការ​ចោទ​ប្រកាន់​មក​លើ​ពួកគេ។

លោក ឃិន ជំរឿន ប្រធាន​ក្រុម​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​បាន​ឃើញ​មនុស្ស​កាន់​ទង់ជាតិ ហើយខ្ញុំ​បាន​ឃើញ​សន្តិសុខ​ចែក​ដំបង​ឈើ​ដែលយកពី​ខាង​ក្រោយ​រថយន្ត​នៅ​ខណ្ឌដូនពេញ។ ​មនុស្ស​ទាំង​នោះ​មិន​បាន​កាន់​កាប់​តំបន់​ស្ពាន​នាគ​ទេ ពួកគេ​​គ្រាន់​តែ​ទៅ​ទាមទារ​ឲ្យ​ដោះលែង​ទីលាន​ប្រជាធិបតេយ្យ​តែ​ប៉ុណ្ណោះ​”។

សកម្មជន​ផ្សេង​ទៀត​ដូច​ជា​​លោក កែ ឃីម អ្នក​រត់​រ៉ឺម៉កម៉ូតូ​​កង់​បី​ដែល​តែងតែ​មាន​វត្តមាន​នៅ​ក្នុង​ការ​តវ៉ា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​បាន​លើក​ឡើង​ថា លោក​មិន​មែន​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​នោះ បាន​បដិសេធ​ថា គាត់​មិន​បាន​ចូល​រួម​ក្នុង​កុបកម្ម​ប្រឆាំង​រដ្ឋាភិបាល​​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដាឡើយ​។

លោក​បាន​និយាយ​ថា “​ខ្ញុំ​មិន​ដឹង​ថា ហេតុ​អ្វី​​​បាន​ជា​មនុស្ស​ទាំង​នោះ​ទៅ​ទីនោះ​ទេ ប៉ុន្តែ​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​​តាម​រយៈ​កាសែត និង​វិទ្យុ​ ដូច្នេះ​ខ្ញុំ​គ្រាន់​តែ​ទៅ​ចូល​រួម​នៅ​ទីនោះ​​ដើម្បី​ប្រើប្រាស់​សេរីភាព​របស់​ខ្ញុំ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​តែ​ប៉ុណ្ណោះ​​”។

ប៉ុន្តែ​លោក ឃីម បាន​ទទួល​ស្គាល់​ថា គាត់​មាន​ដុំថ្ម​ រយៈពេលខ្លីនៅ​ពេល​ការ​ប៉ះទង្គិច​គ្នា​មែន។ គាត់​បាន​និយាយថា នៅ​ពេល​ស្ថានភាព​ចលាចល​ ខ្ញុំ​កាន់​ដុំថ្ម​ដើម្បី​ការ​ពារ​ខ្លួន​ ពីព្រោះ​ខ្ញុំ​ខ្លាច​គេ​វាយ​ខ្ញុំ ជា​ពិសេស​នៅ​ពេល​ខ្ញុំ​ឃើញចារកម្មរបស់​​អាជ្ញាធរ​ពីរបី​នាក់​ដើរ​តាម​ខ្ញុំ​”។

លោក អ៊ុក ពេជ្រសំណាង សកម្មជន​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​បាន​និយាយ​ថា លោក​ជឿ​ថា​ មនុស្ស​ស្លៀក​ពាក់​ស៊ីវិល​ដែល​រដ្ឋ​បាន​ជួល​បាន​ចាប់​ផ្ដើម​វាយ​ប្រហារ​។

លោកបាន​និយាយ​ថា នគរ​បាល​​ និង​កង​រាជអាវុធហត្ថ​មិន​ហ៊ាន​វាយ​មនុស្ស​ក្នុង​ទីសាធារណៈ​ទេ ពីព្រោះ​ពួកគេ​ខ្លាច​រំលោភ​សិទ្ធិ​មនុស្ស ដូច្នេះ​ហើយ​ពួកគេ​ជួល​​ក្រុម​បាតដៃ​ទី៣​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋ និង​ខណ្ឌ​នានា​ក្នុង​រាជធានី​ភ្នំពេញ”។

លោក សាន សីហៈ សមាជិក​គណបក្សសង្គ្រោះ​ជាតិ​​ជាអ្នក​​​ចុង​ក្រោយក្នុង​ចំណោម​​សកម្មជន​ដែល​ត្រូវ​បាន​សាកសួរ​កាលពី​ម្សិលមិញ​បាន​ប្រាប់​តុលាការ​ថា លោក​ធ្វើ​តាម​បញ្ជា​របស់​លោក ជំរឿន កុំ​ឲ្យ​ចូល​រួម​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នោះ​។

លោក សីហៈ បាន​និយាយ​ថា “​ខ្ញុំ​​ទទួល​បាន​សំឡេង​លោក ឃិន ជំរឿន តាម​រយៈ​វិទ្យុ​ទាក់​ទង​ឲ្យ​ដក​ថយ​ ហើយ​ថា កុំ​ចូល​រួមប្រើ​អំពើ​ហិង្សា​។ ខ្ញុំ​បាន​ដើរ​ចេញ​ពី​កន្លែង​ហិង្សា​នោះ ដូច្នេះ​ខ្ញុំ​មិន​ដឹង​ថា នរណា​វាយគ្នា​ឡើយ”​។

លោក លឹម មករន្ទ ចៅក្រម​​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បាន​មាន​ប្រសាសន៍ថា សវនាការ​នឹង​បន្ត​នៅ​ថ្ងៃ​អង្គារ៕ សារុន​​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស