31 C
Phnom Penh

គណបក្ស​ប្រឆាំង​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​​អំពាវ​នាវ​ឲ្យ​មាន​តម្លាភាព​​ក្នុង​ថវិកា​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក អូន ពន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ មាន​ប្រសាសន៍​នៅ​ឯ​វេទិកាសាធារណៈ​ស្តីពី​ថវិកាឆ្នាំ​២០១៦​ នៅ​រដ្ឋសភា ​កាលពី​ម្សិលមិញ។ រូប​ថតៈ ស៊ីវ ចាន់​ណា​

លោក អូន ព័ន្ធ​មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​​ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​សង្ឃឹម​ថា​នឹង​មាន​សេចក្ដី​ព្រាង​ចុង​ក្រោយ​​នៃ​ថវិកាជាតិសម្រាប់​​ឆ្នាំ​២០១៦ ដើម្បី​ដាក់​ជូនទៅទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ត្រឹម​ថ្ងៃទី០១ ខែ​មិថុនា ទោះបី​ជា​សេចក្ដី​ព្រាង​​​នោះខ្វះ​សេចក្ដី​លម្អិត​នៅ​ឡើយ​ និង​​មាន​កំណើន​សេដ្ឋកិច្ច​​​​​ប្រកប​ដោយ​ស្ថិរភាព​ចំនួន​៧ភាគរយ​នៅ​ឆ្នាំ​នេះ និង​នៅ​ឆ្នាំ​ក្រោយ​ក្ដី​។

ក្រសួង​ហិរញ្ញវត្ថុ​បាន​លាត​ត្រដាង​អំពី​ទំហំ​​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​ក្រោយ​​ជា​លើក​ដំបូង​កាល​ពី​ខែ​មុន​​ថា​មាន​​ចំនួន​​៤,៣៤​ពាន់​លាន​ដុល្លារ​ជាមួយ​នឹង​​ការ​វិភាគ​តិច​តួច​លើ​​របៀប​ចំណាយ​​។

លោក អូន ព័ន្ធ​មុនីរ័ត្ន មិន​បាន​ផ្ដល់​​សេចក្ដី​​លម្អិត​ថ្មី​ៗ​ទេ​នៅ​ឯ​វេទិកា​សាធារណៈ​​មួយ​កាលពី​​ម្សិលមិញ​ស្ដីពី​ដំណើរ​ការ​ថវិកា​ដែល​​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​ដំណើរ​ការ​ដែល​មាន​តម្លាភាព​តិច​បំផុត​ក្នុង​ពិភព​លោក​។

លោក​គ្រាន់​តែ​បាន​លើក​ឡើងអំពី​​​អត្រា​ភាគ​រយ​តិច​តួច​​ប៉ុណ្ណោះ​ដែល​ក្នុង​នោះ​មាន​ដូច​ជា​ការ​ចំណាយ​សរុប​​កើន​ឡើង​១១ភាគរយ​ ចំណូល​រដ្ឋ​ស្មើ​នឹង​២១​,៧ភាគរយ​នៃ​ GDP និង​កំណើន​សេដ្ឋកិច្ច​៧ភាគរយ​ជា​ដើម​​ ប៉ុន្តែ​មិន​បាន​​លើក​ឡើង​ពី​ចំនួន​ជាប្រាក់​​ដុល្លារ​ទេ។

ក្រុម​តំណាង​រាស្ត្រ​​មក​ពី​គណបក្ស​ប្រឆាំង​ និង​បណ្ដា​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​មាន​វត្តមាន​នៅ​ឯ​វេទិកា​ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា​​នេះ បាន​ស្នើ​សុំ​សេចក្ដី​លម្អិត​បន្ថែមទៀត​​។

លោក សុន ឆ័យ តំណាង​រាស្ត្រ​ជាន់​ខ្ពស់​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​មាន​ប្រសាសន៍​ថា “​និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ វា​ជាការ​ប្រសើរ​បើ​មាន​ឯកសារ​ដែល​មាន​ផែន​ការ​ចំណាយ​​លម្អិត​ ដើម្បី​ងាយ​ស្រួល​តាម​ដាន​”។

​ដោយ​ប្រើ​ពាក្យ​សម្រាល​ជំនួស​ឲ្យ​ពាក្យ​អំពើ​ពុក​រលួយ​ លោក​បាន​​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “​​ពី​ព្រោះ​ការ​ងារ​របស់​សភា​តម្រូវ​ឲ្យ​មាន​ឯកសារ​ដើម្បី​​ឲ្យ​សភា​​មាន​លទ្ធភាព​អាច​ពិនិត្យ​តាមដាន និង​ទប់​ស្កាត់​ការ​ចំណាយ​ក្រៅ​ផ្លូវ​ការ​”។

លោកស្រី គឹម ណាតាចា ​ដែល​មាន​វត្តមាន​នៅ​ទីនោះ​​ក្នុង​នាម​តំណាង​ឲ្យ​ក្រុម​ការ​ងារ​ថវិកា​​ (Budget Working Group) ជា​សម្ព័ន្ធ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ ដែល​តស៊ូមតិ​ដើម្បី​ដំណើរ​ការ​ថវិកា​បើក​ចំហ​ ក៏​បាន​យល់​ស្រប​​ដូច​​នេះ​ដែរ​។ លោកស្រី​បាន​មាន​ប្រសាសន៍​ថា “​រដ្ឋាភិបាល​ត្រូវ​តែ​​បង្កើន​ការ​​ចូល​រួម​របស់​សាធា​រណ​ជន​តាម​រយៈ​ការ​ផ្ដល់​ឱកាស​ឲ្យ​សាធារណជន​ចូល​រួម​ក្នុង​សវនាការ​សភា និង​ការ​ពិភាក្សា​អំពី​ថវិកា​”។

លោក ឈាង វុន តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​នាំពាក្យ​រដ្ឋ​សភា​បាន​អះអាង​ថា អ្នក​រិះគន់​ទាំង​នេះ​និយាយ​មិន​ត្រឹម​ត្រូវ​​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “​នៅ​ពេល​ត្រៀម​រៀបចំ​​ថវិកា​ តំណាង​រាស្ត្រ​ចុះ​ទៅ​ថ្នាក់​ក្រោម​ជាតិ​ដើម្បី​ជួប​ជាមួយ​អ្នកភូមិ ហើយ​សាក​សួរ​​ថា តើពួកគាត់​ត្រូវ​ការ​អ្វី​”។ លោក​បាន​សួរ​ទៅ​លោកស្រី គឹម ណាតាចា​ ថា “​ដូច្នេះ តើ​លោក​ស្រី​ចង់​ចូល​រួម​ពាក់​ព័ន្ធ​កន្លែង​ណា?”។

ប្រទេស​កម្ពុជា ​តែង​តែ​រង​ការ​រិះគន់​ចំពោះ​ដំណើរ​ការ​ថវិកា​ជាតិ​ដែល​គ្មាន​តម្លាភាព។ កាលពី​ឆ្នាំ​២០១៣ អង្គ​ការដៃ​គូ​ថវិការ​អន្តរជាតិ (International Budget Partnership) ដែល​​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋអាមេរិក ​​បាន​ដាក់​ចំណាត់​ថ្នាក់​​កម្ពុជា​ ជិត​បាត​តារាង​នៃ​បញ្ជី​ឈ្មោះ​​ប្រទេស​ចំនួន​១០០​សម្រាប់​ការ​​ដាក់​ចំណាត់​ថ្នាក់​​តម្លាភាព​​ថវិកា​របស់​ប្រទេស​ទាំង​នោះ​ ដោយ​​ផ្ដោត​ជា​សំខាន់​​លើ​​ការ​មាន​ និង​ភាព​ទូលំទូលាយ​នៃ​ឯកសារ​សំខាន់ៗ​ចំនួន​ប្រាំបី។ ប្រទេស​កម្ពុជា​ ទទួល​បាន​១៥ពិន្ទុ​ក្នុងចំណោម​១០០​ពិន្ទុ ដែល​​ធ្វើ​ឲ្យ​ខ្លួន​ស្ថិត​​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៥​​នៅ​បាត​តារាង​។

កាលពី​ឆ្នាំ​២០១៣ គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ បាន​​​អនុម័ត​ថវិកា​ជាតិ​ដោយ​ខ្លួន​ឯង​​តាម​រយៈ​សភា​ ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពហិការ​មិន​ចូល​សភា​​ដើម្បី​ជំទាស់​​លទ្ធផល​ដ៏ចម្រូង​ចម្រាស​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ក្នុង​ឆ្នាំ​នោះ។

កាលពី​ឆ្នាំ​២០១៤ គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រឡប់​ចូល​សភា​វិញ​ បាន​​បោះ​ឆ្នោត​អនុប្បវាទ​លើ​ថវិកា​​ជាតិ​ដើម្បី​ជំទាស់​នឹង​ការ​ខ្វះ​សេចក្ដី​លម្អិត​របស់វា​។

រដ្ឋាភិបាល​ក៏​បាន​រង​ការ​រិះគន់​​ជា​ហូរហែ​​ដែរ​​ចំពោះ​ការ​និយាយ​ច្រើន​ពេក​អំពី​​ការ​ការ​ពារ​ និង​សន្តិសុខ​ផ្ទៃ​ក្នុង​​ ដោយ​បាន​មិន​លើក​ឡើង​អំពី​បញ្ហា​សុខាភិបាល និង​ការ​អប់រំ​ឡើយ​។ យោង​តាម​ការ​ដាក់​ចំណាត់​ថ្នាក់​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុកខុល (Stockholm International Peace Research Institute) លើ​បណ្ដា​ប្រទេស​ជា​សមាជិក​​ទាំង​១០​របស់​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​២០១៣​បង្ហាញ​ថា កម្ពុជា​ មាន​កម្រិត​ថវិកា​ការ​ពារ​ខ្ពស់​បំផុត​ទី៤​ ដែល​ស្មើ​នឹង​១ភាគរយ​នៃ​ GDP​ នៅ​ក្នុង​តំបន់​ ពោល​គឺ​តិច​ជាង​វៀតណាម​តែ​០.១ភាគរយ​ប៉ុណ្ណោះ៕ សុខុម​​​​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស