សាស្ត្រាចារ្យ៤០នាក់នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រក្នុងរាជធានីភ្នំពេញបានធ្វើកូដកម្មកាលពីម្សិលមិញ ដោយអះអាងថា នាយកវិទ្យាស្ថានមិនបានបើកប្រាក់ជាង៣០.000ដុល្លារដល់ពួកគាត់ជាប្រាក់បង់ថ្លៃសាលារបស់សិស្សឡើយ។
លោក ឈឹម ធឿន សាស្ត្រាចារ្យផ្នែកភាសាអង់គ្លេសបានមានប្រសាសន៍ថា លោកនិងសហសេវិករបស់លោកមិនទាន់ទទួលបានប្រាក់បង់ថ្លៃសាលារបស់សិស្ស៤០ភាគរយក្នុងចំណោមប្រាក់ទាំងនោះសម្រាប់ឆ្នាំសិក្សា២០១៣-២០១៤ដែលបានសន្យាផ្ដល់ឲ្យពួកគេបន្ថែមពីលើប្រាក់ខែរបស់ពួកគាត់ឡើយ។
លោកបានមានប្រសាសន៍ថា សាស្ត្រាចារ្យ៤០នាក់ក្នុងចំណោម៤៨នាក់នៅវិទ្យាស្ថាននេះបានចូលរួមធ្វើកូដកម្ម។
លោក ឈឹម ធឿន បានមានប្រសាសន៍ថា “តាមគោលការណ៍វិទ្យាស្ថាន ប្រាក់ដែលបានមកពីការបង់ថ្លៃសាលារបស់សិស្សត្រូវផ្ដល់ឲ្យសាស្ត្រាចារ្យ៤០ភាគរយ ហើយវិទ្យាស្ថានទុក៦០ភាគរយ ប៉ុន្តែក្នុងឆ្នាំសិក្សា២០១៣-២០១៤ គណៈគ្រប់គ្រងសាលាមិនបានបើកប្រាក់នោះដល់សាស្ត្រាចារ្យឡើយ ហើយវារហូតដល់៣១.៥០០ដុល្លារឯណោះ”។
លោកបានបន្ថែមថា “យើងត្រូវលះបង់ពេលវេលា និងការប្រឹងប្រែងបង្រៀន។ យើងចង់បានយុត្តិធម៌ និងចង់ដឹងថា តើប្រាក់៤០ភាគរយនោះទៅណា?”។
លោក ឈឹម ធឿន បានមានប្រសាសន៍ថា សាស្ត្រាចារ្យទាំងអស់បានដាក់ពាក្យបណ្ដឹងទៅក្រសួងការងារកាលពីថ្ងៃទី២៥ ខែមេសា ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។ មន្ត្រីនៅក្រសួងការងារមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។
លោក ឈឹម ធឿន បានមានប្រសាសន៍ថា សាស្ត្រាចារ្យទាំងអស់នឹងបន្តមិនចូលបង្រៀនឡើយ ដែលធ្វើឲ្យប៉ះពាល់និស្សិតប្រហែល៣.០០០នាក់រហូតដល់ពួកគាត់ទទួលបានប្រាក់តាមការទាមទារ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើមិនមានដំណោះស្រាយទេនោះ យើងនឹងបន្តមិនចូលបង្រៀនឡើយ រហូតដល់មានដំណោះស្រាយ ពីព្រោះអ្វីដែលយើងទាមទារគឺស្របច្បាប់ នេះគឺជាញើសឈាម និងការប្រឹងប្រែងរបស់យើង”។
លោក ទឹម ផាណាត និស្សិតឆ្នាំទី២នៅវិទ្យាស្ថាននេះបានសម្ដែងការគាំទ្រចំពោះសាស្ត្រាចារ្យដែលធ្វើកូដកម្មទាំងនោះ ហើយបានលើកឡើងថា និស្សិតទាំងអស់នឹងចូលរួមជាមួយពួកគាត់ដែរប្រសិនបើស្ថានភាពនេះមិនប្រសើរឡើងទេនោះ។
លោកបាននិយាយថា “យើងមានការព្រួយបារម្ភ ពីព្រោះយើងមិនអាចសិក្សាបាន ហើយយើងស្នើឲ្យរដ្ឋបាលជួយរកដំណោះស្រាយ ដើម្បីឲ្យសាស្ត្រាចារ្យទាំងអស់ត្រឡប់មកបង្រៀនវិញ។ យើងចង់ឲ្យនាយកវិទ្យាស្ថានទទួលខុសត្រូវចំពោះសាស្ត្រាចារ្យទាំងអស់”។
លោក ទា អុិនហួត នាយករងវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្របានបដិសេធមិនឆ្លើយសំណួរនៅខាងក្រៅវិទ្យាស្ថានឡើយកាលពីម្សិលមិញ។
លោក លី សុធា នាយកវិទ្យាស្ថាននេះមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ៕ សារុន