30 C
Phnom Penh

លោក ហ៊ុន សែន បន្ត​គំរាម​ដក​តំណែង​សភា​របស់​លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជាថ្មី​ម្តង​ទៀត​កាលពី​ថ្ងៃ​អង្គារ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថា លោក​អាច​ទម្លាក់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពី​អនុប្រធាន​ទី​១​របស់​សភា​ជាតិ​បាន បន្ទាប់ពី​លោក កឹម សុខា បាន​ចោទ​គណបក្ស​ប្រជាជន​កាន់​អំណាច​ថា ប៉ុនប៉ង​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​រួបរួម​គ្នា។

លោក ហ៊ុន សែន បាន​ប្រើ​វិធី​សាស្ត្រ​ក្តៅ​ផង​ត្រជាក់​ផង ចំពោះ​មេដឹកនាំ​ទាំង​ពីរ​របស់​បក្ស​ប្រឆាំង​តាំងពី​ចុង​ខែ​មីនា​មក ដោយ​លើក​សរសើរ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចំពោះ​ការ​លើក​តម្កើង “វប្បធម៌​សន្ទនា” ថ្មី ទន្ទឹម​នឹង​នោះ​វាយ​ប្រហារ​លោក កឹម សុខា ចំពោះ​ការ​ប្រមាថ​គណបក្ស​ប្រជាជន ថែម​ទាំង​គំរាម​ដាក់​គុក​គាត់​ទៀត​ផង។

ថ្លែង​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ការ​និយាយ​វាយ​ប្រហារ​ការ​ថ្លែង​ដែល​លោក សុខា បាន​ធ្វើ​នៅ​ខេត្ត​កំពត​កាលពី​ថ្ងៃ​អាទិត្យ ដែល​ក្នុង​ការ​ថ្លែង​នោះ លោក សុខា បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​បាន​ប្រើ​យុទ្ធវិធី​បំបែក​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “មាន​អ្នក​បាន​និយាយ​ថា គណបក្ស​ប្រជាជន​កំពុង​បំបែក​[គណបក្ស​ប្រឆាំង]។ ខ្ញុំ​មិន​ទាន់​បាន​ស្តាប់​នៅ​ឡើយ។ តើ​គាត់​បាន​និយាយ​មែនទេ? បើ​គាត់​បាន​និយាយ​មែន នោះ​មាន​ន័យ​ថា​គាត់​បាន​រំលោភ​វប្បធម៌​សន្ទនា​ហើយ”។ លោក ហ៊ុន សែន ក៏​បាន​ច្រាន​ចោល​​ការ​ចោទ​ប្រកាន់​របស់​លោក សុខា ដែរ។

លោក​បាន​មាន​ប្រសាសន៍​ថា “មិន​ថា​វា​ពិត ឬ​មិន​ពិត​នោះ​ទេ ខ្ញុំ​ត្រូវ​ផ្ញើ​សារ​ទៅ​វិញ​ថា បែក​ឬ​មិន​បែក វា​អាស្រ័យ​លើ​សាមី​ខ្លួន មិន​មែន​អាស្រ័យ​លើ​អ្នក​បំបែក​នោះ​ទេ។ គណបក្ស​ប្រជាជន​មាន​ការងារ​ច្រើន​ណាស់ គ្មាន​ពេល​វេលា​ទៅ​បំបែក​អស់​លោក​ទេ

សំដៅ​ដល់​ការ​និយាយ​ដែល​ប្រើ​ដោយ​សមាជិក​បក្ស​ប្រឆាំង​ដើម្បី​បញ្ជាក់​ថា ពួកគេ​នឹង​មិន​រត់​ចុះ​ចូល​ទៅ​គណបក្ស​ប្រជាជន​បើ​ទោះ​ជា​ទិញ​ពួកគេ​ក៏​ដោយ​នោះ លោក ហ៊ុន សែន បន្ថែម​ថា “កុំ​និយាយ ‘ទិញ មិន​លក់’។ អាណា​ទៅ​ទិញ? ក្បាល​លោក​ឯក​អី​ក៏​ថោក​ម៉្លេះ”។

លោក​នាយក​រដ្ឋមន្ត្រី ពេល​នោះ​បាន​លើក​ឡើង​រឿង​ផ្សេង​ពី​ការ​ថ្លែង​របស់​លោក សុខា គឺ​ការ​សន្ទនា​តាម​ទូរស័ព្ទ​ដែល​លោក​បាន​ធ្វើ​កាលពី​ថ្ងៃ​ច័ន្ទ​ជាមួយ​លោក រង្ស៊ី ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​អាមេរិក ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ ដើម្បី​រៃ​អង្គាស​ប្រាក់​សម្រាប់​ស្ថានីយ​ទូរទស្សន៍​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ៉ម្សិលមិញ សម រង្ស៊ី វ៉ៃ​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​លេង​ទៅ គាត់​់វ៉ៃ​ថា សុខ​សប្បាយ​ទេ​សម្តេច? ខ្ញុំ​នៅ​អាមេរិក ដល់​ទីណា​ពន្យល់​អ្នក​ស្តាប់​ជនជាតិ​ខ្មែរ​ជនជាតិ​អាមេរិក អំពី​របត់​នយោបាយ​ថ្មី​នៅ​កម្ពុជា ហើយ​ខ្ញុំ​លើក​តម្កើង​នូវ​វប្បធម៌​សន្ទនា​របស់​យើង”។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ប៉ុន្តែ​អ្នក​នៅ​ក្នុង​ស្រុក​ឯណេះ [លោក សុខា]​…​បំបែក បែក បំបែក បែក។ បើ​អ្នក​ឯង​ចង់​បែក បែក​ទៅ គ្មាន​អ្នកណា​ទប់​ជាប់​ទេ បើ​អ្នក​ឯង​ចង់​បែក​នោះ។ ដូច​ប្តី​ប្រពន្ធ​អ៊ីចឹង បើ​ទោះបី​ម្តាយ​ក្មេក​ធ្វើ​បាប​យ៉ាង​ម៉េច​ក៏​ដោយ បើ​វា​មិន​បែក វា​នៅ​តែ​មិន​បែក​ហ្នឹង”។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ការ​ថ្លែង​បែប​នេះ​ទៀត​ពី​លោក​សុខា អាច​ត្រូវ​ទម្លាក់​ពី​តំណែង​របស់​គាត់​ក្នុង​សភា​ជាតិ ដែល​គាត់​ទទួល​បាន​បន្ទាប់ពី​គណបក្ស​ប្រឆាំង​បាន​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​កាលពី​ឆ្នាំ​មុន។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ប្រយ័ត្ន​ណា៎! អា SMS ចុង​ក្រោយ​របស់​ខ្ញុំ​ប្រាប់​ទៅ​រង្ស៊ី។ ខ្ញុំ​បាន​ប្រាប់​រង្ស៊ី ខ្ញុំ​ថា ‘[លោក សុខា] ឡើង​តាម​រយៈ​សន្លឹក​ឆ្នោត​គណបក្ស​ប្រជាជន ទម្លាក់​ធ្លាក់​ចុះ​មក​វិញ​ក៏​តាម​សន្លឹក​ឆ្នោត​គណបក្ស​ប្រជាជន​ដែរ”។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ថា “សូម​ផ្តាំ​ទៅ​ផង តែ​ប៉ះ​ទៀត​គឺ​បោះ​ឆ្នោត​ទម្លាក់​ហើយ”។

ទាំង​លោក សុខា ទាំង​អ្នក​នាំ​ពាក្យ​ពីរ​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ថ្ងៃ​អង្គារ។ លោក មុត ចន្ថា នាយក​ខុទ្ទកាល័យ​របស់​លោក កឹម សុខា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​សម្តី​របស់​លោក ហ៊ុន សែន ឡើយ។

គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ “ក្រម​ប្រតិបត្តិ” រួម​កាលពី​ដើម​ខែ​នេះ ដោយ​លើក​បង្ហាញ​នូវ​ពាក្យ​ប្រមាថ​និង​ពាក្យ​គំរាម​ដែល​ត្រូវ​ហាមឃាត់ ក្រោម​វប្បធម៌​សន្ទនា​នេះ។ ការ​អះអាង​របស់​គណបក្ស​មួយ​ដែល​ប៉ុនប៉ង​បំបែក​គណបក្ស​ផ្សេង​ទៀត​មិន​ស្ថិត​ក្នុង​បម្រាម​នោះ​ទេ៕ និត

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស