អតីតប្រធានភូមិនៅខេត្តកំពង់ធំក្នុងរបប ប៉ុល ពត បានប្រាប់សាលាក្តីខ្មែរក្រហមកាលពីថ្ងៃអង្គារថា កម្មាភិបាលបន្លំធ្វើជាអ្នកជម្លៀសថ្មីៗ បន្ទាប់ពីការដួលរលំក្រុងភ្្នំពេញនៅថ្ងៃទី១៧មេសាឆ្នាំ១៩៧៥ ដើម្បីតាមកម្ចាត់ចោលនូវទាហាននៃរដ្ឋាភិបាលដែលដួលរលំ។
ឱ ហូ ដែលជាប្រធានភូមិព្រៃស្រង៉ែ នៅស្រុកបារាយ បានក្លាយជាសាក្សីទី១នៅសាលាក្តី ដើម្បីផ្តល់ភ័ស្តុតាងទាក់ទិននឹងការដ្ឋានការងារសង់ទំនប់១មករាដ៏ធំ នៅក្នុងខេត្តកំពង់ធំ។
លោក ហូ បាននិយាយថា ក្រោយពីការជម្លៀសមនុស្សចេញពីទីក្រុង កម្មាភិបាលក្នុងខេត្តនេះព្យាយាមធ្វើខ្លួនជាប្រជាជនជម្លៀស ដើម្បីបំភាន់ធ្វើឲ្យអ្នកមកដល់ថ្មីប្រាប់មុខងាររបស់ពួកគេក្នុងរបបមុន។
លោកបាននិយាយថា “តាមការចងចាំរបស់ខ្ញុំនៅពេលនោះ កងឈ្លបស្លៀកពាក់ខោអាវពណ៌ភ្លឺ។ ពួកគេបាននិយាយថា ពួកគេជាប្រជាជន១៧មេសា ហើយពួកគេបាននិយាយថា ពួកគេជាអនុសេនីយ៍ឯក។ ពួកគេដើរចុះឡើងនិងស្នើឲ្យប្រជាជនប្រាប់ការពិត ថាតើ[គេ]ជាអតីតទាហានឬយ៉ាងណា”។
សាក្សីរូបនេះបាននិយាយថា អតីតគ្រូបង្រៀនម្នាក់ដែលគេទុកជីវិត ត្រូវបានចាត់តាំងឲ្យបញ្ឆោតទាហានឲ្យសារភាពថាបានធ្វើការក្នុងរបបសាធារណរដ្ឋខ្មែរ។
លោកបាននិយាយថា “បើដោយចៃដន្យ ពួកគេបាននិយាយពាក្យទាំងនោះ ពួកគេមិនអាចជួយបានទេ ពួកគេត្រូវតែស្លាប់”។
លោក ហូ បាននិយាយដែរថា គេចេញបទបញ្ជាឲ្យសម្លាប់កម្មករនៅការដ្ឋានទំនប់ ប្រសិនបើពួកគេធ្វើមិនបានតាមការចាត់តាំង។
លោកបាននិយាយថា “ខ្ញុំមិនដឹងថានរណាបាន[ធ្វើការសម្លាប់នេះទេ] ប្រជាជនត្រូវគេចាប់បញ្ជូនទៅឃុំនៅមន្ទីរសន្តិសុខ ហើយពួកគេភាគច្រើនមិនបានវិលមកការដ្ឋានវិញទេ”។
នៅពេលសួរដោយសហព្រះរាជអាជ្ញា នីកូឡាស គូមជៀន (Nicholas Koumjian) ថាតើមានគេចោទនរណាម្នាក់ជា “ខ្មាំង” បដិវត្តន៍ ព្រោះរឿងបន្តិចបន្តួច ដូចជាមិនអាចរែកដីតាមការកំណត់ឬទេ សាក្សីរូបនេះបានយល់ស្រប។
លោកបាននិយាយថា “អ្វីដែលប្រជាជននិយាយ គឺអ្នកទាំងនោះនឹងត្រូវគេចាត់ទុកថា ជាខ្មាំងស៊ីរូងផ្ទៃក្នុង ហើយថា ពួកគេជាអ្នកធ្វើឲ្យរាំងស្ទះដល់ការជឿនលឿនរបស់កម្មករ ឬ ចលនាកម្មករ”។
លោកបានអះអាងថា ប៉ុល ពត ធ្លាប់បានមកមើលការដ្ឋាននេះម្តង ប៉ុន្តែគាត់បានដឹងវត្តមានរបស់មេដឹកនាំរូបនេះតែក្រោយពេល លោក កែ ពក ប្រធានតំបន់មជ្ឈិមបានលើកឡើងប៉ុណ្ណោះ។
សក្ខីកម្មរបស់លោក ហូ ក្នុងដំណាក់កាលទី២នៃសំណុំរឿង០០២ ដែលក្នុងសំណុំរឿងនេះ មេដឹកនាំខ្មែរក្រហម នួន ជា និង ខៀវ សំផន កំពុងត្រូវជំនុំជម្រះពីបទឧក្រិដ្ឋកម្ម មានទាំងការប្រល័យពូជសាសន៍ផង ធ្វើបន្តនៅថ្ងៃនេះ៕ និត