អំឡុងសវនាការជំនុំជម្រះទោសនៅឯសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ឧត្ដមសេនីយ៍ទោម្នាក់នៅក្នុងជួរយោធា បានរៀបរាប់ពីហេតុការណ៍សម្លាប់ប្រពន្ធ និងកូនស្រីវ័យ៦ឆ្នាំរបស់ខ្លួន មុនពេលលើកសាកសពជនរងគ្រោះញាត់ចូលក្នុងធុងក្លាសេ ប៉ុន្តែបានតវ៉ាថា តុលាការមិនគួរចោទប្រកាន់ខ្លួនពីបទមនុស្សឃាតគិតទុកជាមុននោះទេ ពីព្រោះខ្លួនសម្លាប់ជនរងគ្រោះ “ដោយចៃដន្យ” ប៉ុណ្ណោះ។
លោក គឹម ម៉ារិន្ថា ឧត្ដមសេនីយ៍ទោនៅក្នុងជួរកងយោធពលខេមរភូមិន្ទ បានប្រាប់តុលាការថា គាត់បានច្របាច់កប្រពន្ធរបស់ខ្លួនឈ្មោះ វ៉ា ដារី អាយុ៣០ឆ្នាំ អំឡុងពេលឈ្លោះគ្នាកាលពីខែកុម្ភៈឆ្នាំមុន ហើយការប្រវាយប្រតប់គ្នានោះបានបុកត្រូវកូនស្រីរបស់គាត់ឈ្មោះ គឹម ថាវិជ្ជតា បណ្ដាលឲ្យនាងធ្លាក់ជណ្ដើររហូតដល់ស្លាប់។
បន្ទាប់ពីហេតុការណ៍នេះ លោក គឹម ម៉ារិន្ថា បានភៀសខ្លួនទៅប្រទេសថៃ ហើយគាត់ក៏ត្រូវបានចាប់ខ្លួននៅទីនោះកាលពីខែកញ្ញា ខណៈពេលគាត់ព្យាយាមជិះរថយន្តឆ្លងដែនចូលទៅក្នុងប្រទេសឡាវ។
នៅក្នុងតុលាការកាលពីម្សិលមិញ លោក គឹម មា៉រិន្ថា បាននិយាយថា គាត់បានសម្លាប់ប្រពន្ធរបស់ខ្លួនក្រោយពីដឹងថា ជនរងគ្រោះលេងល្បែងស៊ីសង និងមានសាហាយ។ គាត់បានប្រាប់តុលាការថា “ខ្ញុំសូមសារភាពថា ខ្ញុំពិតជាបានសម្លាប់មនុស្សមែន។ នាងលេងល្បែងស៊ីសង ហើយមានស្នេហាលួចលាក់ជាមួយបុរសម្នាក់ទៀត។ ខ្ញុំមិនចិត្តអ្នកលេងល្បែង និងអ្នកភូតកុហកទេ”។
ក្រុមគ្រួសាររបស់អ្នកស្រី វ៉ា ដារី បាននិយាយកាលពីឆ្នាំមុនថា អ្នកស្រី វ៉ា ដារី បានលួចមានទំនាក់ទំនងតាមអុីនធើណិតជាមួយបុរសខ្មែរម្នាក់ដែលរស់នៅក្នុងប្រទេសជប៉ុន។
លោក គឹម មា៉រិន្ថា ដែលជាម្ចាស់ក្រុមហ៊ុនរថយន្តក្រុង ជី អេស ធី (GST Express Bus) នៅក្នុងរាជធានីីភ្នំពេញ បាននិយាយកាលពីម្សិលមិញថា គាត់បានត្រឡប់មករាជធានីភ្នំពេញវិញកាលពីថ្ងៃទី១៤ ខែកុម្ភៈឆ្នាំមុន បន្ទាប់ពីទៅសួរសុខទុក្ខសាច់ញាតិនៅក្នុងខេត្តកំពង់ចាម។ គាត់បាននិយាយថា ពេលនោះ គាត់និងអ្នកស្រី វ៉ា ដារី បានចាប់ផ្ដើមឈ្លោះគ្នា។
គាត់បានរៀបរាប់ថា “បន្ទាប់ពីខ្ញុំទះកំផ្លៀងនាង នាងបានយកស្បែកជើងវ៉ៃក្បាលខ្ញុំ។ ខ្ញុំខឹងយ៉ាងខ្លាំង មិនអាចទប់អារម្មណ៍បានក៏ច្របាច់កនាង ហើយរុញនាងផ្ទប់ទៅនឹងគ្រែ”។
គាត់បាននិយាយទៀតថា អំឡុងពេលប្រវាយប្រតប់គ្នាជាមួយប្រពន្ធ គាត់បានបុកត្រូវកូនស្រីរបស់ខ្លួនបណ្ដាលឲ្យនាងធ្លាក់ជណ្ដើរបាក់ក។ គាត់និយាយថា “ខ្ញុំបានទៅមើលកូនស្រីរបស់ខ្ញុំ ប៉ុន្តែនាងស្លាប់ទៅហើយ”។
គាត់បានប្រាប់តុលាការថា បន្ទាប់ពីសម្លាប់ប្រពន្ធ និងកូនស្រីរបស់ខ្លួនរួច គាត់បានយកថង់ប្លាស្ទិករុំសាកសពជនរងគ្រោះ ហើយញាត់ចូលក្នុងធុងក្លាសេ ហើយបានប្រាប់ឲ្យសន្តិសុខរបស់គាត់លើកធុងក្លាសេនោះដាក់លើរថយន្តលុចស៊ីសរបស់គាត់។
យោងតាមនគរបាលបានឲ្យដឹងថា ពេលនោះលោក គឹម ម៉ារិន្ថា បានប្រាប់ឲ្យកូនប្រសារប្រុសរបស់គាត់ឈ្មោះ ជា សុខសំណាង និងកូនប្រុសរបស់គាត់ឈ្មោះ គឹម សែមរិទ្ធី ឲ្យយកធុងក្លាសេនោះទៅបោះចោលនៅក្នុងព្រៃមួយក្នុងខេត្តកំពង់ស្ពឺ។
ពេលនេះ ឈ្មោះ គឹម សែមរិទ្ធី កំពុងរត់គេចខ្លួននៅឡើយ ប៉ុន្តែឈ្មោះ ជា សុខសំណាង ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៤ ពីបទជាប់ពាក់ព័ន្ធនៅក្នុងឃាតកម្មនេះ ហើយត្រូវបានជំនុំជម្រះទោសរួមជាមួយឪពុកក្មេករបស់ខ្លួនកាលពីម្សិលមិញ។
ជា សុខសំណាង ដែលត្រូវបានចោទប្រកាន់ពីបទលាក់ទុកសាកសព បានប្រាប់តុលាការថា គាត់មិនដឹងថាមានអ្វីនៅក្នុងធុងក្លាសេនោះទេ។ គាត់និយាយទៀតថា “ក្រោយមកខ្ញុំបានសួរគាត់ថា មានអ្វីនៅក្នុងធុងនោះ ប៉ុន្តែគាត់បានប្រាប់ខ្ញុំថា កុំសួរទៀត។ ខ្ញុំទើបតែដឹងនៅពេលខ្ញុំឃើញព័ត៌មានចុះផ្សាយតាមកាសែតប្រហែល១ខែក្រោយមក”។
លោក គឹម ម៉ារិន្ថា បាននិយាយថា ដោយសារតែគាត់មិនបានរៀបគម្រោងសម្លាប់ប្រពន្ធ និងកូនស្រីរបស់ខ្លួន តុលាការមិនគួរចោទប្រកាន់គាត់ពីបទមនុស្សឃាត់គិតទុកជាមុនដែលត្រូវមានទោសជាប់ពន្ធនាគារអស់មួយជីវិតឡើយ។
គាត់និយាយថា “ខ្ញុំគ្មានបំណងសម្លាប់ប្រពន្ធ និងកូនស្រីរបស់ខ្ញុំទេ សូម្បីសត្វក៏ខ្ញុំមិនហ៊ានសម្លាប់ផង”។
នៅពេលមេធាវី ម៉ក់ ប៊ុណ្ណា ដែលតំណាងឲ្យជនរងគ្រោះសាកសួរថា ហេតុអ្វីបានជាគាត់មិននាំប្រពន្ធ និងកូនស្រីទៅមន្ទីរពេទ្យនោះ លោក គឹម មា៉ារិន្ថា បាននិយាយថា គាត់ដឹងថា ពួកគេបានស្លាប់ទៅហើយ។ គាត់អះអាងថា “ខ្ញុំក៏ជាពេទ្យដែរ”។
បន្ទាប់ពីស្ដាប់ភ័ស្តុតាងផ្ដល់ដោយមេធាវីការពាររបស់ឧត្ដមសេនីយ៍ទោ គឹម ម៉ារិន្ថា ព្រះរាជអាជ្ញារង ស៊ឺ វា៉ន់នី បានមានប្រសាសន៍ថា តុលាករនឹងមិនកាត់បន្ថយបទចោទប្រកាន់លើគាត់ឡើយ។ លោកស្រីបានមានប្រសាសន៍ទៀតថា ផ្អែកតាមចម្លើយពីដើមចោទ និងចុងចោទបង្ហាញថា ជនជាប់ចោទមានបំណងសម្លាប់ដោយគិតទុកជាមុន”។
លោក ហេង កេសារ៉ូ ចៅក្រមជំនុំជម្រះ បានមានប្រសាសន៍ថា សាលក្រមតុលាការនេះនឹងចេញនៅថ្ងៃទី២៤ ខែមិថុនា៕ សុខុម