26 C
Phnom Penh

​រដ្ឋាភិបាល​​​កម្ពុជា​​បញ្ចេញ​ប្រតិ​កម្ម​ថា ពាក្យ​សម្ដី​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​​ “ព្រហើន​”

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ ក្រសួង​ការ​បរទេស​កម្ពុជា បាន​វាយ​បក​ខ្លាំងៗ​​ទៅ​លើ​លោក វីលៀម ថូដ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ ជុំវិញ​ការ​អត្ថាធិប្បាយ​របស់​លោក​​កាល​ពី​​ពេលថ្មីៗ​នេះ​​អំពី​សេចក្ដី​ព្រាង​ច្បាប់​ដ៏ចម្រូង​ចម្រាស​មួយ​ដែល​មាន​បំណង​គ្រប់គ្រង​វិស័យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​មាន​ទំហំទឹក​ប្រាក់​ជាច្រើន​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ចាត់​ទុក​ពាក្យ​សម្ដី​របស់​លោក​ថា “​ព្រហើន​ខ្លាំង​”។

បណ្ដា​អង្គការ​​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក និង​អន្តរជាតិ ​បានជំទាស់​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ចុង​ក្រោយ​​ដែល​ខ្លួន​បារម្ភ​ថា​នឹង​ផ្ដល់​​ឧបករណ៍​មួយ​ទៀត​​ឲ្យ​រដ្ឋាភិបាល​រឹត​បន្តឹង​សំឡេង​ប្រឆាំង​។ កាលពី​ពេល​ថ្មី​ៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា​ លោក​ចង់​ឲ្យ​អនុម័ត​ច្បាប់​នេះ​ត្រឹម​ដំណាច់​ខែ​នេះ។

នៅ​ក្នុង​​អត្ថបទ​ចុង​ក្រោយ​បំផុត​របស់លោកសម្រាប់គេហ​ទំព័រ​​​ Cambodia Herald ដែល​​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ លោក វីលៀម​ ថូដ បាន​​លើក​ឡើង​ថា មុខ​មាត់​កម្ពុជា​កំពុង​ទទួល​ឥទ្ធិពល​ពី​សេចក្ដី​ព្រាង​ច្បាប់​អង្គ​ការ​មិនមែន​រដ្ឋាភិបាល​ ហើយ​បណ្ដា​វិនិយោគិន​បរទេស​​កំពុង​តែ​សម្លឹង​មើល​។

​គូស​បញ្ជាក់​​អំពី​ការ​អំពាវ​នាវ​​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ចំនួន​២៧​ ឲ្យរដ្ឋាភិបាល​កម្ពុជា​ បញ្ចេញ​សេចក្ដី​ព្រាង​ច្បាប់​បច្ចុប្បន្ន​របស់​ខ្លួន និង​ “ធ្វើ​ការ​ពិគ្រោះ​យោបល់​ប្រកប​ដោយ​អត្ថន័យ” បន្ថែម​ទៀត​​នោះ​ លោក​បាន​​លើក​ឡើង​​ថា “​នៅ​ពេល​រដ្ឋាភិបាល​កម្ពុជា​ ពិចារណា​វិធានការ​បន្ទាប់​ វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​ដឹង​ថា ពិភព​លោក​កំពុង​សម្លឹង​មើល​”។ ​

លោក​បាន​សរសេរ​ទៀត​ថា “​ខ្ញុំចូល​រួម​ការ​អំពាវ​នាវ​​ដើម្បី​ធ្វើ​សកម្មភាព ហើយ​ខ្ញុំ​យល់​ស្របតាម​​ទាំង​ស្រុង​ច​ំពោះការ​អត្ថាធិប្បាយ​​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​ឯក​អគ្គរដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ សាមែនថា ផៅវើស (Samantha Powers) ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​​​ដែល​លើក​ឡើង​ថា អង្គការ​សង្គម​ស៊ីវិល​ដែល​បើក​ចំហ ​”មាន​សារៈសំខាន់​​​សម្រាប់វិបុលភាព ព្រម​ទាំង​សិទ្ធិមនុស្ស​”។

ក្រសួង​ការ​បរទេស​កម្ពុជា​​បាន​​​បញ្ចេញ​ប្រតិកម្ម​​ថា ពាក្យ​សម្ដី​​របស់​ វីលៀម ថូដ ​ធ្ងន់ធ្ងរ​​​ខ្លាំង​ពេក​​​​មិន​អាច​អត់​ឱន​ឲ្យ​បាន។ ក្រសួង​នេះ​បាន​លើកឡើង​នៅ​ក្នុង​កំណត់​ទូត​មួយ​កាលពី​ម្សិល​មិញ​ថា “​ពាក្យ​សម្ដី​​​របស់​​ឯកអគ្គរដ្ឋទូត​​បរទេស​​ប្រចាំ​ប្រទេស​​កម្ពុជា ​ព្រហើន​​ខ្លាំង​ ទោះ​បី​ជាគាត់​តំណាង​​ប្រទេស​ធំ​មួយ​​ក៏ដោយ”។

កំណត់​ទូត​​នេះ​​បាន​ជំរុញ​ឲ្យ​លោក វីលៀម​ ថូដ គោរព​តាម​អនុសញ្ញា​ទីក្រុង​វីយែន​ស្ដីពី​ទំនាក់​ទំនង​ការ​ទូត​ដែល​ចែង​ថា គណៈប្រតិភូ​បរទេស​ “​គ្មាន​កាតព្វកិច្ច​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង” របស់​ប្រទេស​ជា​ម្ចាស់​ផ្ទះ​ឡើយ ហើយ​ត្រូវ​គោរព​ច្បាប់​ និង​បទប្បញ្ញត្តិ​របស់​ប្រទេស​ទាំង​នោះ​។​

កំណត់​ទូត​នេះ​​​បាន​​បន្ត​ថា “​​ប្រទេស​ជា​សមាជិក​ទាំង​អស់​​របស់​អង្គការ​សហប្រជាជាតិ មិន​ថា​ធំ ឬ​តូច​ទេ ត្រូវ​តែ​គោរព​គ្នា​ និង​​​គោរព​តាម​អនុសញ្ញា​ខាង​លើ និង​ការ​ប្រកាន់​ខ្ជាប់​​សេចក្ដី​គួរសម​​ជា​​អន្តរ​ជាតិ​នៅ​ក្នុង​ទំនាក់​ទំនង​អន្តររដ្ឋ”។ ​

ស្ថានទូត​សហរដ្ឋអាមេរិក ​មិន​អាច​ទាក់​ទង​​សុំ​ការ​បំភ្លឺ​បាន​ទេ​ជុំវិញ​បញ្ហា​នេះ៕ សុខុម​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស