31 C
Phnom Penh

លោក​​​ ផៃ ស៊ីផាន លើក​​​ឡើង​​​ថា អ្នក​​​លេង​​​ហ្វេស​​​ប៊ុក​​​អាច​​​ប្រឈម​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​បទ​​​ព្រហ្មទណ្ឌ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ លោក ផៃ​​​ ស៊ីផាន​​ អ្នក​​​នាំពាក្យ​​​ទីស្តីការ​​​គណៈរដ្ឋ​​​មន្ត្រី​​​បាន​​​ព្រមាន​​​ចាត់​​​វ​​​ិ​​​ធានការ​​​ផ្លូវ​​​ច្បាប់​​​លើ​​​អ្ន​​​ក​​​លេង​​​ហ្វេសប៊ុ​​​ក​​​ដែល​​​បាន​​​ប្រើ​​​ពាក្យ​​​ប្រមាថ​​​ និង​​​បរិហារ​​​កេរ្តិ៍​​​ថ្នាក់​​​ដឹក​​​នាំ​​​រដ្ឋាភិបាល​​​​​​ ដោយ​​​ទំនង​​​ជា​​​រំលោភ​​​លើ​​​ “វប្បធម៌​​​នៃ​​​ការ​​​សន្ទនា​​​” ថ្មី​​​រវាង​​​គណបក្ស​​​កាន់​​​អំណាច​​​ និ​​​ងគណបក្ស​​​ប្រឆាំង​​​។

លោក ផៃ​​​ ស៊ីផាន បាន​​​សរសេរ​​​នៅ​​​លើ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក​​​​​​ជា​​​លក្ខណៈ​​​ “លិខិត​​​ចំហ​​​ចំពោះ​​​ជន​​​អគតិ​​​ និង​​​អសីលធម៌” ថា ក្នុង​​​​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ អ្នក​​​លេង​​​ហ្វេ​​​សប៊ុក​​​​​​មួយ​​​ចំនួន​​​​​​​​​​​​​​​បាន​​​ប្រើ​​​ពាក្យ​​​​​​រំលោភបំពាន​​​សិទ្ធិ​​​សេរីភាព​​​នៃ​​​ការ​​​បញ្ចេញ​​​មតិ​​​​​​តាម​​​អីុនធើណិត​​​។

លោក​​​ ផៃ ស៊ីផាន បាន​​​សរសេរ​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​លោក​​​ថា “ក្នុង​​​រយៈ​​​ពេល​​​ថ្មី​​​ៗ​​​នេះ លោក​​​បាន​​​សង្កេត​​​ឃើញ​​​ថា ជន​​​មួយ​​​ចំនួន​​​បាន​​​ប្រើ​​​ប្រាស់​​​ប្រព័ន្ធ​​​ព័ត៌​​​មាន​​​សង្គម​​​​​​ដើម្បី​​​ប្រើ​ពាក្យ​​​អសុរោះ​​​ ប្រមាថ​​​​​​មាក់​​​ងាយ បំផ្លើស​​​ និង​​​វាយ​​​ប្រហារ​​​បរិហារ​​​បង្កាច់​​​កេរ្តិ៍​​​ដល់​​​មន្ត្រី​​​រាជ​​​ការ​​​ និង​​​ថ្នាក់​​​ដឹក​​​នាំ​​​មួយ​​​ចំនួន​​​”។

លោក​​​បាន​​​សរសេរ​​​បន្ត​​​ថា “ការ​​​ប្រមាថ និង​​​ការ​​​បរិហារ​​​បង្កាច់​​​កេរ្តិ៍ គឺ​​​មាន​​​ចែង​​​នៅក្នុង​​​ក្រម​​​ព្រហ្មទណ្ឌ​​​នៃ​​​​​​ព្រះរាជាណា​​​ចក្រ​​​កម្ពុជា​​​​​​ និង​​​មាន​​​ទម្ងន់​​​ទោស​​​ជា​​​ធរមាន​​​ស្រាប់​​​។ ការ​​​ប្រមាថ និង​​​​​​ការ​​​បរិហារ​​​បង្កាច់​​​កេរ្តិ៍​​​ គឺ​​​មិន​​​ស្ថិត​​​នៅ​​​ក្នុង​​​សេរីភាព​​​ក្នុង​​​ការ​​​បញ្ចេញ​​​មតិ​​​យោបល់​​​ឡើយ​​​ ក៏ប៉ុន្តែ វា​​​ជា​​​ការ​​​រំលោភ​​​សិទ្ធិ​​​និង​​​សេចក្តីថ្លៃ​​​ថ្នូរ​​របស់​​​បុគ្គល​​​ ដែល​​​ត្រូវ​​​ទទួល​​​បាន​​​ការ​​​គោរព​​​រួម​​​ទាំង​​​ច្បាប់​​​ជាតិ​​​ និង​​​អន្តរជាតិ​​​”។

លោក​​​បាន​​​សរសេរ​​​ទៀត​​​ថា “យើង​​​ខ្ញុំ​​​នឹង​​​ចាត់​​​វិធាន​​​ការ​​​ណា​​​មួយ​​​ទាំង​​​ផ្លូវ​​​បច្ចេក​​​ទេស និង​​​ផ្លូវ​​​ច្បាប់​​​ ដើម្បី​​​រក្សា​​​សេរីភាព​​​ក្នុង​​​ការ​​​ប្រើ​​​ប្រាស់​​​​Online”។

​​​នៅ​​​ពេល​​​ទាក់ទង​​​តាម​​​ទូរស័ព្ទ អ្នក​​​នាំ​​​ពាក្យ​​​ទី​​​ស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​រូប​​​នេះ​​​​​​បាន​​​លើក​​​​​ឡើង​​​ថា លោក​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​ជា​​​ពិសេស​​​ចំពោះ​​​ការ​​​ប្រើ​​​ពាក្យ​​​ប្រមាថ​​​​​​​​​​ដ៏​​​អ​​​សុរោះ ពី​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​ ដែល​​​ជា​​​រឿយ​​​ៗ​​​តែង​​​តែ​​​ចោទ​​​ប្រកាន់​​​រដ្ឋាភិបាល​​​ថា នៅ​​​តែ​​​បន្ត​​​បម្រើ​​​ផល​​​ប្រយោជន៍​​​វៀតណាម​​​នោះ​​​។

លោក​​​ ផៃ ស៊ីផាន បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​បាន​​​​​​និយាយ​​​ជា​​​សាធារណៈ​​​ថា លោក​​​ឧប​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហោ ណាំ​​​ហុង​​​ គឺ​​​ជា​​​វៀតណាម​​​ ហើយ​​​ថា ស្ត្រី​​​ទី​​​១​​​ [លោកស្រី ប៊ុនរ៉ានី​​​] គឺ​​​ជា​​​កូន​​​ស្រី​​​នៃ​​​វៀតណាម​​​ខាង​​​ជើង​​​ ហើយ​​​សូម្បី​​​តែ​​​ខ្ញុំ​​​ក៏ពួក​​​គេ​​​​​​លាប​​​ពណ៌​​​ថា​​​ជា​​​វៀតណាម​​​ដែរ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “យើង​​​ចង់​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​ប្រើ​​​ពាក្យ​​​សមរម្យ​​​ ខណៈ​​​យើង​​​កំពុង​​​ផ្សព្វ​​​ផ្សាយ​​​វប្បធម៌​​​នៃ​​​ការ​​​សន្ទនា​​​។ ការ​​​ដាក់​​​ទោស​​​ទណ្ឌ​​​មាន​​​​​​ចែង​​​រួច​​​ហើយ​​​នៅ​​​ក្នុង​​​ក្រម​​​ព្រហ្មទណ្ឌ”។

យោង​​​តា​​​ម​​​មាត្រា​​​៣០៥​​​ដល់​​​៣០៨ នៃ​​​ក្រុម​​​ព្រហ្មទណ្ឌ ការ​​​បរិហារកេរ្តិ៍ ឬ​​​ការ​​​ជេរ​​​ប្រមាថ​​​ត្រូវ​​​​​​ពិន័យ​​​ជាប្រាក់​​​​​​ពី​​​១០០.០០០រៀល ដល់​​​១០.០០០.០០០​​​រៀល​​​ ឬប្រហែល​​​២៥​​​ដុល្លារ ដល់​​​២.៥០០​​​ដុល្លារ​​​។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​បន្ថែម​​​ថា តើ​​​រដ្ឋាភិបាល​​នឹងចាត់​​​​​​វិធានការ​​​ “បច្ចេក​​​ទេស” ​​​អ្វី​​​​​​​ចំពោះ​​​អ្នក​​​ដែល​​​សរសេរ​​​ពាក្យ​​​ប្រមាថ និង​​​អសុរោះ​​​តាម​​​ហ្វេស​​​បុក លោក ផៃ ស៊ីផាន បាន​​​លើក​​​ឡើង​​​ថា រដ្ឋាភិបាល​​​ នឹង​​​ស្នើ​​​ក្រុមហ៊ុន​​​ហ្វេស​​​ប៊ុក​​​ផ្ទាល់​​​ឲ្យ​​​បិទ​​​គណនី​​​ដែល​​​ប្រើ​​​ពាក្យ​​​មិន​​​សមរម្យទាំង​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ត្រូវ​​​តែ​​​និយាយ​​​ទៅ​​​កាន់​​​​​​ក្រុម​​​ហ៊ុន​​​ហ្វេសប៊ុក​​​​​​ឲ្យលុប​​​ចោល​​​ ឬ​​​ក៏​​​បិទ​​​ អ្នក​​​លេង​​​ហ្វេសប៊ុក​​​ណា​​​ ដែល​​​ប្រើ​​​ពាក្យ​​​មិន​​​សម​​​រម្យ​​​។ យើង​​​​​​បិទ​​​គណនី​​​ពួកគេ​​​​​​​​​រួច​​​តាម​​​រក​​​ម្ចាស់​​​​​​គណនី​​​”។

លោក យឹម​​​ សុវណ្ណ​​​ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​​​​ថា តើ​​​គណបក្ស​​​ប្រឆាំង​​​គាំទ្រ​​​ការ​​​​​​អំពាវ​​​នាវ​​​​​​បែបនេះ​​​របស់​​​លោក ផៃ​​​ ស៊ីផាន​​​ ឬក៏អត់​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​អាច​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ទេ បើ​​​មិន​​​បានឃើញ​​​​​​ខ្លឹម​​​សារ​​​នោះ​​​។ មាន​​​​​​ការសរសេរ​​​ជា​​​ច្រើន​​​តាម​​​ហ្វេស​​​ប៊ុក​​​ ខ្លះ​​​ល្អ​​​ ខ្លះ​​​មិន​​​ល្អ​​​។ តែ​​​ទោះ​​​ជា​​​យា៉ង​​​ណា​​​​​​ប្រសិន​​​បើ​​​ការ​​​រិះ​​​​​​គន់​​​នោះ​​​គ្រាន់​​​តែ​​​ជា​​​ការ​​​រិះ​​​គន់​​​ធម្មតា​​​ នេះ​​​ហើយ​​​​​​គឺ​​​សង្គម​​​ប្រជា​​​ធិបតេយ្យ​​​​​​នោះ​​​”។

លោក​​​ ប៉ាង សុឃឿន ដែល​​​​​​ជា​​​អ្នក​​​ប្រើ​​​គណនី​​​ហ្វេសប៊ុកឈ្មោះ​​​ថា “ខ្មែរ​​​សុវណ្ណ​​​ភូមិ​​​” បាន​​​ការ​​​ពារ​​​ការ​​​ប្រើ​​​ពាក្យ​​​ប្រមាថ​​​​​​​​​លើ​​​មេដឹក​​​នាំ​​​រដ្ឋាភិបាល ហើយ​​​ថា លោក​​​សង្ស័យ​​​ថា ការ​​​ព្រមាន​​​របស់​​​លោក ផៃ​​​ ស៊ីផាន នឹង​​​ធ្វើ​​​ឲ្យ​​​មាន​​​ផល​​​ប៉ះ​​​ពាល់​​​កាន់​​​តែ​​​ខ្លាំង​​​ទៅ​​​វិញ​​​ទេ។

លោក សុឃឿន បាន​​​និយាយ​​​ដោយ​​​សំដៅ​​​ដល់​​​លិខិត​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​ដែល​​​លោក​​​ ហោ ណាំ​​​ហុង បាន​​​លើក​​​ឡើង​​​ថា ដី​​​មានវិវាទ​​​មួយ​​​កន្លែង​​​នៅ​​​តាម​​​​​ព្រំដែន​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​ជា​​​របស់​​​វៀតណាម​​​នោះ​​​ថា “គេ​​​ដឹង​​​ថា លោក​​​ ហោ ណាំ​​​ហុង គឺ​​​ជា​​​នរណា​​​ហើយ​​​ ប៉ុន្តែ គេ​​​បាន​​​ហៅ​​​លោក​​​ថា ជា​​​វៀតណាម​​​ដោយសារ​​​​​​សេចក្តី​​​​​​ថ្លែង​​​ការណ៍​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​របស់​​​លោក​​​”។

លោក​​​ សុឃឿន បាន​​​និយាយ​​​បន្ថែម​​​ថា “វា​​​​​​ដូច​​​ជាពាក្យ​​​ដែល​​​​​​ខ្មែរ​​​តែង​​​តែ​​​​​​ប្រើ​​​ចំពោះ​​​មន្ត្រី​​​រដ្ឋាភិបាល​​​ណា​​​មួយ​​​ ដែល​​​មិន​​​បម្រើ​​​ផល​​​ប្រយោជន៍​​​ជាតិ​​​ ប៉ុន្តែ បែរ​​​ជា​​​បម្រើ​​​ផល​​​ប្រយោជន៍​​​បរទេស​​​ទៅវិញ​​​អ៊ីចឹង​​​ដែរ​​​”។

លោក​​​បាន​​​និយាយបន្ថែម​​​​​​ទៀតដោយ​​​សំដៅ​​​លើ​​​លិខិត​​​របស់​​​លោក​​​ ផៃ ស៊ីផាន ​​​ថា “ការ​​​ព្រមាន និង​​​ការ​​​គំរាម​​​បែប​​​នេះ​​​មិន​​​អាច​​​ពន្លត់​​​កំហឹង​​​ពល​​​រដ្ឋ​​​ និង​​​បញ្ឈប់​​​ការ​​​ប្រមាថ​​​លើក​​​ក្រោយ​​​ៗ​​​ទៀត​​​បាន​​​ឡើយ​​​ ប៉ុន្តែ វា​​​នឹង​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ឆេះ​​​កំហឹង​​​ និង​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ប្រមាថ​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​ទៅ​​​វិញ​​​ទេ​​​”៕ ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស