27 C
Phnom Penh

តុលាការ​ចោទ​​អ្នក​បើក​បរ​រថយន្ត​ក្រុង​ពីបទ​បើកបរ​បង្ក​គ្រោះថ្នាក់​បណ្តាល​ឲ្យ​កម្មករ​កាត់ដេរស្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​បាន​ចោទ​ប្រកាន់​អ្នក​បើក​បរ​រថយន្ត​ក្រុង​ដែល​បាន​បើក​បុក​រថយន្ត​តួរីស​ដែល​ដឹក​កម្មករ​កាត់​ដេរ​ពេញ បណ្ដាល​ឲ្យ​ស្លាប់​អ្នក​បើក​បរ និង​កម្មករ​១៧​នាក់​ទៀត ដោយ​បើក​បរ​មិន​​មាន​ប័ណ្ណ​បើក​បរ និង​បើក​បរ​ដោយ​ធ្វេស​ប្រហែស​បណ្ដាល​ឲ្យ​​​មនុស្ស​ស្លាប់។

​ព្រះរាជអាជ្ញា ហុឹង ប៊ុនជា​ បាន​មាន​ប្រសាសន៍​ថា ឡេ វ៉ាន់ទឹង ​អាយុ​៤៣​ឆ្នាំ ជា​ជន​ជាតិ​វៀតណាម​​ប្រឈម​ការ​ជាប់​ពន្ធនាគារ​ពី​២ឆ្នាំ​ទៅ​៥​ឆ្នាំ ប្រសិន​បើ​រក​ឃើញ​ថា​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​បង្ក​គ្រោះ​ថ្នាក់​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ ដែល​បាន​​ធ្វើ​ឲ្យ​មនុស្ស​១៨​នាក់​ស្លាប់ និង​២១​នាក់​ទៀត​រង​របួស​នៅ​​ក្នុង​ស្រុក​ស្វាយ​ទាប កាលពី​ថ្ងៃ​អង្គារ។

លោក ប៊ុនជា បានមាន​ប្រសាសន៍​ថា “​យើង​បាន​ចោទ​ប្រកាន់​អ្នក​បើក​បរ​រថយន្ត​ក្រុង​នេះ​រួច​ហើយ ហើយ​ឥឡូវ​នេះ​យើង​កំពុង​​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ជន​នេះ​ទៅ​ចៅក្រម”។

នគរ​បាលនិង​សាក្សី​ដែល​បាន​ឃើញ​គ្រោះ​ថ្នាក់​នេះ​បាន​លើក​ឡើង​ថា ឡេ វ៉ាន់ទឹង បើក​បរ​រថយន្ត​​ក្រុងឲ្យ​ក្រុមហ៊ុន​​​ដឹក​ជញ្ជូនអ្នក​ដំណើរ 15 SH បាន​បង្កគ្រោះថ្នាក់ចរាចរណ៍ដោយ​​បើកទៅ​បុក​រថយន្ត​តួរីស​នៅ​ពេល​ព្យាយាម​បើក​វ៉ា​រថយន្ត​​​តូច​មួយគ្រឿង​នៅ​តាម​ផ្លូវ​ជាតិ​លេខ​១​។

កម្មករ​​៣៨​នាក់​​ជិះ​ក្នុង​រថយន្ត​តួរីស​​ចំណុះ​១៥​កៅអី​បើក​បរ​ឆ្ពោះ​ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ តៃ សេង ក្នុង​ក្រុង​បាវិត​ ដែល​ពួកគេ​ធ្វើ​ការ​នៅ​តាម​រោងចក្រ​ខុសៗ​គ្នា​។

កម្មករ​កាត់​ដេរ​រាប់​ពាន់​នាក់​ប្រថុយ​ប្រថាន​អាយុជីវិត​ណាស់រៀង​រាល់​ថ្ងៃ​​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការងារ​ ដោយ​ប្រជ្រៀត​គ្នា​ជិះ​រថយន្ត​តួរីស ឬ​ឈរ​នៅផ្នែកខាងក្រោយ​នៃ​​រថយន្ត​ទ្រុង ព្រោះតែការ​សន្សំ​សំចៃ​ប្រាក់​។

អង្គការ​ពលកម្ម​អន្តរជាតិ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍កាលពី​ម្សិលមិញថា តាម​របាយ​ការណ៍​របស់​បេឡា​​ជាតិ​របប​សន្តិសុខ​សង្គម​របស់​ក្រសួង​ការ​ងារ កម្មករ​៧៣​នាក់​បាន​ស្លាប់ និង​៧៨៩​នាក់​​រងរបួស​ពេល​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​ងារ​ក្នុង​ឆ្នាំ​២០១៤។

សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ​បន្ត​ថា “​ដើម្បី​​​ដោះ​ស្រាយ​បញ្ហា​នេះ ទាម​ទារ​ឲ្យ​មាន​​ការ​ចាត់វិធានការ​ក្នុង​វិស័យ​មួយ​ចំនួន​។ វិធាន​ការ​ទាំង​នេះ​រួម​មាន​​ការ​ពិនិត្យ​និង​ការ​អនុវត្តច្បាប់​​​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​​ ការផ្តល់​ប្រាក់​ឧបត្ថម្ភ​ក្នុង​ការ​ធ្វើ​ដំណើរ​ដល់​កម្មករឲ្យ​បាន​គ្រប់គ្រាន់ យុទ្ធនាការ​សុវត្ថិភាព​ដែល​ផ្ដោត​គោល​ដៅ​លើ​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន ព្រម​ទាំង​អ្នក​ដំណើរ​ផង​ដែរ​។

លោក ហេង សួរ អ្នក​នាំពាក្យ​​ក្រសួង​ការ​ងារ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា វា​មិន​​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​​របស់​ក្រសួង​លោក​​ក្នុង​ការ​ធានា​​ការ​ដឹក​ជញ្ជូន​ប្រកប​ដោយ​សុវត្ថិភាពដល់​កម្មករ​កាត់​ដេរ​ឡើយ។

លោក​បាន​សួរ​ថា “​តើ​នរណា​ទទួល​ខុស​ត្រូវ​ចំពោះ​គ្រោះ​ថ្នាក់​ចរាចរណ៍។ ហេតុ​អ្វី​បាន​ជា​អស់​លោក​មិនទៅ​សួរ​នគរ​បាល​? តើ​នរណា​អនុញ្ញាត​ឲ្យ​រថយន្ត​ធុនធំ​បើក​បរ​តាម​ផ្លូវ? អស់​លោក​ត្រូវ​ទៅ​សួរ​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ចំពោះចរាចរយាន​យន្ត​នៅ​តាម​ផ្លូវ​”។

និយាយ​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​ក្រសួង​បន្ទាប់ពី​សម្ពោធ​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល​ថ្មី​លោក ​អុិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​បានមាន​ប្រសាសន៍ថា ទោះ​យ៉ាង​ណា រដ្ឋមន្ត្រី​ក្រសួង​ការ​ងារបាន​​ចាត់វិធានការ​​ដើម្បី​ធានា​ការ​ធ្វើដំណើរ​ទៅ​បំពេញ​ការ​ងារ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​សុវត្ថិភាព។

លោក​បាន​មាន​ប្រសាសន៍​ថា “​ឥឡូវ​នេះ​យើង​កំពុង​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ដល់​អ្នក​បើក​បររថយន្ត​​​ដឹក​កម្មករ​កាត់​ដេរ ពីព្រោះ​យើង​តម្រូវ​ឲ្យ​អ្នក​ទាំង​នោះ​គោរព​ច្បាប់ ដើម្បី​ធានា​សុវត្ថិភាព​ដល់​កម្មករ”។

លោក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​​នៃអគ្គស្នងការ​​នគរ​បាល​ជាតិ​បានមាន​ប្រសាសន៍​ថា នគរ​បាល​មិន​អាច​ឃ្លាំមើល​តាម​ដង​ផ្លូវ​ជាប់​ជានិច្ច​ដើម្បី​ធានា​ថា ប្រជាជន​គោរព​ច្បាប់​បានឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​មិន​ធ្វើ​ការ​រាល់​ថ្ងៃ​ឡើយ ដូច្នេះ​មនុស្ស​​មិន​គោរព​ច្បាប់​នៅ​ពេល​​មន្ត្រី​​របស់​យើង​មិន​ធ្វើ​ការដើម្បី​​ឃ្លាំ​មើល​តាម​ដង​ផ្លូវ​”។

លោក រ័ត្នវាសនា បាន​មាន​ប្រសាសន៍​ថា ដោយ​ច្បាប់​ចរាចរណ៍​ថ្មី​នឹង​ត្រូវ​អនុវត្ត​នៅ​ខែ​មករានោះ ច្បាប់​នេះ​មិន​ទាន់​ត្រូវ​បានអនុវត្ត​ពេញ​លេញ​នៅ​ឡើយ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​។ ឥឡូវ​នេះ​យើង​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ព័ត៌មាន​នៅ​តាម​សាលា​រៀន និង​រោងចក្រ​កាត់​ដេរ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ឲ្យ​មនុស្ស​យល់​អំពី​ច្បាប់​ថ្មី​នេះ​”។

ប៉ុន្តែ​លោក អ៊ា ចរិយា អ្នក​ពិគ្រោះ​យោបល់​ឯករាជ្យ​អំពី​សុវត្ថិភាព​​ចរាចរណ៍​ផ្លូវ​គោក​បាន​លើក​ឡើង​ថា តាម​ច្បាប់​ចរាចរណ៍​​​ ការ​បើក​បរ​រថយន្ត​តួរីស​ដឹក​មនុស្ស​៣៨​នាក់់​គឺ​ខុស​ច្បាប់​។

លោក​បាន​មាន​ប្រសាសន៍​ថា “ទាំង​ច្បាប់​ចាស់ និង​ច្បាប់​ថ្មី​ចែង​យ៉ាង​ច្បាស់​ថា លោកអ្នក​មិន​​អាច​ផ្ទុក​លើស​ទម្ងន់​បាន​ឡើយ បញ្ហាមិនស្ថិតនៅ​ត្រង់ថា​ច្បាប់​ថ្មី​ឬច្បាប់​ចាស់​ឡើយ​ បញ្ហា​គឺនៅ​ត្រង់ការ​អនុវត្ត​”៕ សារុន​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស