28 C
Phnom Penh

សាស្ត្រាចារ្យ​នៅវិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ​​ត្រឡប់​មក​បង្រៀន​វិញ​បន្ទាប់ពី​មានដំណោះ​ស្រាយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថានជាតិ​ពាណិជ្ជសាស្ត្រ​ក្នុង​រាជធានី​ភ្នំពេញ​​បាន​បញ្ចប់​ការ​ធ្វើ​កូដ​កម្ម​កាលពី​ម្សិលមិញ បន្ទាប់​ពី​នាយក​វិទ្យាស្ថាន​នេះ​បាន​យល់​ព្រម​បើក​ប្រាក់​ដល់​ពួកគាត់​ជាង​៣០.០០០​ដុល្លារ​ បន្ទាប់ពី​ការ​ចុះ​មក​របស់​មន្ត្រី​​ក្រសួង​ការ​ងារ​។

សាស្ត្រាចារ្យ​ប្រហែល​៤០​នាក់​​ក្នុង​ចំណោមសាស្ត្រាចារ្យ​៤៨​នាក់​​បាន​ដើរ​ចេញ​កាលពី​ថ្ងៃ​អង្គារ ដោយ​អះអាង​ថា លោក លី សុធា នាយក​វិទ្យាស្ថាននេះមិន​បើក​​ប្រាក់​ដែល​បាន​មកពី​ការ​​បង់​​ថ្លៃ​សាលា​របស់សិស្ស៤០ភាគរយ​​សម្រាប់​ឆ្នាំ​សិក្សា​២០១៣-២០១៤ ដែល​ត្រូវ​បាន​សន្យា​ផ្ដល់​ឲ្យ​ពួកគាត់​បន្ថែម​ពី​លើ​ប្រាក់​ខែ​។

ទោះ​យ៉ាង​ណា លោក ឈឹម ធឿន សាស្ត្រាចារ្យ​ភាសា​អង់គ្លេស​បាន​មាន​ប្រសាសន៍​ថា វិវាទ​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​ហើយ ហើយ​សាស្ត្រាចារ្យ​ទាំង​អស់​​បាន​ត្រឡប់​ទៅ​បង្រៀន​និស្សិត​៣.០០០​នាក់​នៅ​វិទ្យាស្ថាន​នេះ​វិញហើយ​កាលពី​ម្សិលមិញ បន្ទាប់ពី​លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ​បាន​ចុះ​មក​វិទ្យាស្ថាន​នេះ​កាលពី​ល្ងាច​​ថ្ងៃអង្គារ ដើម្បី​ពិភាក្សា​ជាមួយ​លោក សុធា។

លោក ឈឹម ធឿន បាន​មាន​ប្រសាសន៍​ថា “​ព្រឹក​នេះ​នាយក​វិទ្យាស្ថាន​បាន​ប្រាប់​សាស្ត្រា​ចារ្យ​របស់​យើង​ថា យើង​អាច​​មក​បើក​ប្រាក់​​បាន​ ហើយ​សាស្ត្រាចារ្យ​មួយ​ចំនួន​បាន​​បើក​ប្រាក់​​​រួច​ហើយ រីឯ​មួយ​ចំនួន​ទៀត​មិន​ទាន់​បាន​បើក​នៅ​ឡើយ​ទេ”។

លោក​បាន​បន្ថែម​ថា “​យើង​ចាប់​ផ្ដើម​បង្រៀន​វិញ​នៅ​ព្រឹក​នេះ បន្ទាប់ពី​ក្រសួង​​បាន​រក​ដំណោះ​ស្រាយ​សម្រាប់ពួកយើង​។ ប្រសិន​បើ​យើង​មិនបាន​ចាត់​វិធានការ​នេះ​ទេ​នោះ យើង​នឹង​មិន​ទទួល​បាន​ជោគជ័យឡើយ”។

គេ​មិន​អាច​ទាក់​ទង​លោក​ សុធា ឬ​លោក ហេង សួរ ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ឡើយ៕ សារុន​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស