35 C
Phnom Penh

តុលាការ​ផ្តន្ទាទោស​កូនប្រុស​មន្ត្រី​ម្នាក់ឲ្យ​ជាប់ព​ន្ធនាគារ​ពីបទ​បាញ់បោះនៅ​មជ្ឈមណ្ឌលកម្សាន្ត​រ៉ក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​តុលាការ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា កូន​ប្រុស​មន្ត្រី​គយ​ជាន់​ខ្ពស់ម្នាក់​​ និង​អង្គរក្ស​របស់​ខ្លួន​​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​កាលពី​សប្ដាហ៍​មុន​ជុំវិញ​ការ​បាញ់​បោះ​កាលពី​ខែមីនា នៅ​​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ ដែល​បាន​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួស​។

កែវ វិទូ អាយុ​២៤​ឆ្នាំ ជា​កូន​ប្រុស​​​​របស់​លោក កែវ សុឃាង ​ដែល​ជា​ប្រធាន​អង្គភាព​​អធិការកិច្ច​ចល័ត​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ពី​បទ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ឲ្យ​ជាប់​ពន្ធនាគារ៨ខែ និង​បាន​បង្គាប់​​ឲ្យ​បង់​ប្រាក់​ពិន័យ​​ចំនួន​៥០០​ដុល្លារ។

រិន ចាន់ធឿន ជា​អង្គរក្ស​ត្រូវ​បាន​ផ្ដន្ទាទោស​ពីបទ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់ និង​បង្ក​ការ​ខូច​ខាត​ដោយ​ចេតនា​ឲ្យ​ជាប់​ពន្ធនាគារ​​២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១.០០០ដុល្លារ។

លោក វ៉េង ហួត ចៅក្រម​សាលា​ដំបូង​រាជធានី​បាន​មាន​ប្រសាសន៍​ថា “​មូលហេតុ​ដែល​វិទូ​ ជាប់​ពន្ធនាគារ​តែ​៨ខែ​នោះ ពីព្រោះ​មិនមានសាក្សី​ឃើញ​ជន​នេះ​បាញ់​ទេ”។

នៅ​ម៉ោង​ប្រហែល​២​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៥ ខែ​មីនា មាន​ការ​បាញ់​បោះ​ប្រហែល​៣០​​គ្រាប់​អំឡុង​ជម្លោះ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ មុន​​ពេល​ក្រុម​របស់​ វិទូ បាន​ចាក​ចេញ​។

ការ​ឆែក​ឆេរ​ផ្ទះ​របស់​ វិទូ នៅ​ល្ងាច​ថ្ងៃដដែល​នោះ​ នគរ​បាល​ដក​ហូត​បាន​កាំភ្លើង​អាកា-៤៧​មួយ​ដើម។

នគរ​បាល​បាន​និយាយ​ថា ចាន់ធឿន ត្រូវ​បាន​ចាប់​ខ្លួន​រយៈ​ពេល​បួន​ថ្ងៃ​បន្ទាប់ពី​ហេតុ​ការណ៍​បាន​កើត​ឡើង ហើយ​បាន​សារភាព​ថា ខ្លួន​ជា​អ្នក​បាញ់​តែ​ម្នាក់​គត់​៕ សារុន​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស