មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញថា អ្នកយាមចម្ការដំឡូងមីម្នាក់ត្រូវបានបាញ់ និងកាប់ស្លាប់កាលពីយប់ថ្ងៃច័ន្ទនៅក្នុងខេត្តពោធិ៍សាត់ក្នុងអ្វីដែលនគរបាលសង្ស័យថា ជាការសងសឹកចំពោះការមិនអនុញ្ញាតឲ្យកសិករក្នុងមូលដ្ឋានយកគោក្របីទៅឲ្យស៊ីស្មៅនៅក្នុងចម្ការនោះ។
យោងតាមលោក អែម រ៉ុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា នៅម៉ោងប្រហែល៩យប់ថ្ងៃច័ន្ទ អ្នកភូមិបានឮស្នូរកាំភ្លើងនៅក្នុងឃុំត្នោតជុំ ស្រុកក្រគរ ហើយបន្តិចក្រោយមកបានប្រទះឃើញសាកសព សៀក ស៊ិន អាយុ២៤ឆ្នាំ ជាកម្មកររបស់ក្រុមហ៊ុនភាពីម៉ិច។
លោកបានមានប្រសាសន៍ថា “អ្នកយាមរូបនេះត្រូវបានបាញ់ចំថ្គាម និងវាយមួយពូថៅបាក់ធ្មេញ និងកាប់ចំក្បាល។ បុរសរូបនេះបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ”។
លោក អែម រ៉ុន បានបន្ថែមថា នគរបាលក៏បានរកឃើញពូថៅមួយ និងសម្បកកន្ទុះចំនួនពីរនៅក្បែរសាកសព សៀក ស៊ិន ដែលមកពីខេត្តព្រៃវែង ហើយមកធ្វើការនៅក្រុមហ៊ុនភាពីម៉ិចបានប្រហែល១ខែប៉ុណ្ណោះ។
លោក អែម រ៉ុន បានមានប្រសាសន៍ថា “យើងជឿថា នេះជាការសងសឹក ពីព្រោះគាត់ប្រហែលមានបញ្ហាជាមួយម្ចាស់គោ ឬក្របី។ គាត់មិនឲ្យគោក្របីចូលស៊ីស្មៅនៅចម្ការដំឡូងមី”។ លោកបានបន្ថែមថា នគរបាលមិនទាន់កំណត់បានអត្តសញ្ញាណជនសង្ស័យនៅឡើយទេ៕ សារុន