26 C
Phnom Penh

លោក ហ៊ុន សែន ថា ស្ថាប័ន​រដ្ឋាភិបាល​ពាក់ព័ន្ធ​ក្នុង​ការ​ចំណាយ​មិន​ប្រក្រតី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ពុធ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​យ៉ាង​ខ្លាំង​លើ​រដ្ឋបាល​នៃ​ស្ថាប័ន​រដ្ឋ ក្នុង​នោះ​មាន​ទាំង​ស្ថាប័ន​សភា​ដែរ ដែល​លោក​បាន​អះអាង​ថា បាន​រំលោភ​ឯករាជ្យ​ភាព​ដំណើរ​ការ​របស់​ខ្លួន​ពី​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការ​ចំណាយ​មិន​ប្រក្រតី។

ក្នុង​កិច្ច​ប្រជុំ​ត្រួតពិនិត្យ​ប្រចាំ​ឆ្នាំ​នៃ​កម្មវិធី​កែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅ​សណ្ឋាគារ​សុខា ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា តាំងពី​រដ្ឋាភិបាល​ទុក​ឲ្យ​ស្ថាប័ន​នានា​ធ្វើការ​ដោយ​ឯករាជ្យ សម្រាប់​ហេតុផល​អភិបាល​កិច្ច​ល្អ ពួកគេ​ដំណើរការ​ដោយ​មាន​ការ​ត្រួត​ពិនិត្យ​ហិរញ្ញវត្ថុ​តិចតួច។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ឥឡូវ ការ​លំបាក​ចំពោះ​យើង​ចេញ​មក​ពី​គោលការណ៍​ឯករាជ្យ​នេះ។ ពួកគេ​រៀបចំ​ស្រេច​តែ​ចិត្ត​នូវ​ប្រាក់​ខែ​និង​ការ​ចំណាយ​របស់​ពួកគេ”។

លោក​បាន​មាន​ប្រសាសន៍​ថា “តាម​ខ្ញុំ​បាន​ដឹង ពួកគេ​មិន​បាន​ចំណាយ​ប្រាក់​[គម្រោង​ថវិកា]​របស់​ពួកគេ​ទាំង​អស់​ទេ និង​មិន​បាន​បង្វិល​ប្រាក់​នោះ​មក​វិញ​ឡើយ។ ពួកគេ​ទុក​ប្រាក់​នោះ។ ពួកគេ​និយាយ​ថា ពួកគេ​ជា​ស្ថាប័ន​ឯករាជ្យ អ៊ីចឹង​ហើយ ពួកគេ​ចាយ​វា​តាម​តែ​ចិត្ត”។

លោក​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​អំពី​សភា ដោយ​បាន​មាន​ប្រសាសន៍​ថា បញ្ជី​បើក​ប្រាក់​ខែ​របស់​ខ្លួន​បាន​មក​ពី​ថវិកា​ប្រចាំ​ឆ្នាំ​របស់​រដ្ឋាភិបាល​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “មន្ត្រី​ដែល​ធ្វើការ​នៅ​សភា​និង​ព្រឹទ្ធ​សភា ប្រាក់​ខែ​របស់​ពួកគេ​ខ្ពស់​ ហើយ​ប្រសិនបើ​ពួកគេ​ជ្រើសរើស​បុគ្គលិក​ចូល​ធ្វើការ ផ្អែក​លើ​ឯករាជ្យ​ភាព​របស់​ពួកគេ នេះ​ជា​ការ​ចំណាយ​បន្ថែម​ចំពោះ​ថវិកា​ជាតិ។ យើង​មិន​អាច​ត្រួត​ពិនិត្យ​ដឹង​ថា​ពួកគេ​មាន​បុគ្គលិក​ប៉ុន្មាន​នាក់​ទេ”។

លោក​នាយក​រដ្ឋមន្ត្រី បន្ទាប់មក​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​រដ្ឋ​នានា​ផ្សាយ​របាយការណ៍​សវនកម្ម​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។

លោក​បាន​មាន​ប្រសាសន៍​ថា “រឿង​នេះ​ត្រូវ​ផ្សាយ​ជា​សាធារណៈ ពីព្រោះ​យើង​ធ្វើការ​គ្មាន​អ្វី​លាក់​លៀម​ទេ”។

កាលពី​ខែ​តុលា  លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​យុទ្ធនាការ​លើ​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា ដោយ​បាន​ចោទ​ថា មន្ត្រី​បម្រើការ​យូរ​រូប​នេះ​មើល​ខុស​ត្រូវ​ដោយ​ផ្ទាល់​នៅ​ក្នុង​សភា។

លោក ឆ័យ បាន​កត់​សម្គាល់​ឃើញ​ថា សមាជិក​យ៉ាង​ហោច​ណាស់​ប្រាំពីរ​នាក់​នៃ​គ្រួសារ​លោក មិត្ត កាេរ៉េន អគ្គលេខាធិការ​រង​របស់​លោក ប៉េងឡុង បាន​កាន់​តំណែង​ដែល​មាន​ប្រាក់​ខែ​ច្រើន​នៅ​សភា​ជាតិ ក្នុង​នោះ​មាន​ដូចជា​ប្រធាន​ទាំង​ពីរ​នៃ​នាយកដ្ឋាន​ហិរញ្ញ​វត្ថុ​និង​សវន​កម្ម។

លោក​ក៏​បាន​តវ៉ា​អំពី​ប្រាក់​២៥.០០០​ដុល្លារ​ដែល​ទុក​សម្រាប់​ដង​បង្គោល​ទង់​ជាតិ​មួយ​ផង​ដែរ និង​ប្រាក់​១១,៥​លាន​ដុល្លារ​ដែល​គ្មាន​ការ​ពន្យល់ ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​នៅ​ក្រៅ​ប្រទេស​កាលពី​ឆ្នាំ​មុន និង​ការ​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​របស់​លោក ប៉េងឡុង មិន​បញ្ចេញ​បញ្ជី​ឈ្មោះ​មនុស្ស​ទាំង​អស់​ដែល​បើក​ប្រាក់​ខែ​ក្នុង​នាម​ជា​បុគ្គលិក​នៅ​សភា។

លោក ឆ័យ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ទាក់ទិន​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថា “រឿង​នេះ​គួរ​ពិនិត្យ​មើល​យូរ​មក​ហើយ”។

លោក​បាន​មាន​ប្រសាសន៍​ថា “ជិត​ពាក់​កណ្តាល​ថវិកា​នៃ​សភា​ជាតិ​ត្រូវ​បាន​លួច​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ។ លោក ឡេង ប៉េងឡុង ទទួល​ប្រាក់​ខែ​ជា​ទី​ប្រឹក្សា​ប្រធាន​[សភា​ជាតិ] ជា​អគ្គលេខាធិការ និង​ជា​មន្ត្រី​រាជការ​ស៊ីវិល​ចូល​និវត្ត”។

៉តើ​គាត់​អាច​មាន​ប្រាក់​ខែ​បី​ផ្សេង​គ្នា​ដោយ​របៀបណា?”

លោក ឆ័យ បាន​មាន​ប្រសាសន៍​ថា ឥឡូវ​នេះ​វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​លោក ហ៊ុន សែន ក្នុង​ការ​បង្កើត​ប្រព័ន្ធ​មួយ ដើម្បី​ពិនិត្យ​មើល​ការ​ចំណាយ​ហួស​ហេតុ​របស់​ស្ថាប័ន​រដ្ឋ។

“សំខាន់​ណាស់ នេះ​មិន​មែន​គ្រាន់តែ​លើក​ឡើង​ជា​សាធារណៈ​នោះ​ទេ។ យើង​ចាំ​បាច់​ត្រូវ​បង្កើត​យន្តការ​មួយ។ អ្នក​មិន​អាច​ត្រឹម​តែ​បន្លាច​ពួកគេ​ទេ។ គេ​មិន​ខ្លាច​នាយក​រដ្ឋមន្ត្រី​ទៀត​ឡើយ។ គាត់​ចេះ​តែ​ស្រែក​តាម​មេក្រូ តែ​បន្ទាប់​មក​នោះ យើង​មិន​ឃើញ​អ្វី​កើត​ឡើង​ទេ”៕ និត(Additional reporting by Alex Willemyns)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស