30.1 C
Phnom Penh

សមាជិក​គ្រួសារ​បួននាក់​ស្លាប់​ក្នុងអគ្គិភ័យនៅ​ក្នុង​ខណ្ឌសែន​សុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

Siv channa01

មន្ត្រីពន្លត់អគ្គិភ័យ​ម្នាក់​បាន​ឲ្យ​ដឹង​ថា សមាជិកគ្រួសារ​បួននាក់​បាន​ស្លាប់កាលពី​វេលា​ទៀប​ភ្លឺ​ព្រឹក​ម្សិលមិញ​នៅពេល​​ផ្ទះរបស់ពួកគេ​ស្ថិត​ក្នុង​ខណ្ឌសែន​សុខ រាជ​ធានី​ភ្នំពេញ​​ត្រូវ​អគ្គិភ័យ​ឆាប​ឆេះ​ខណៈកំពុង​សម្រាន្ត​លង់លក់។

លោក ព្រំ យ៉ន នាយ​ការិយាល័យ​នគរបាល​ពន្លត់អគ្គិភ័យ​រាជធានី​​បាន​មាន​ប្រសាសន៍ថា ​អគ្គិភ័យ​បាន​ឆាប​ឆេះ​ផ្ទះ​មួយ​ខ្នង​នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី នៅម៉ោង​ប្រហែលជា​​៤​ទៀប​ភ្លឺ​នៅពេល​ទុស្សេ​ខ្សែភ្លើង​នៅ​ជាន់ខាងលើ​ជិត​កន្លែង​ដែលក្រុមគ្រួសារ​នេះ​បាន​ស្តុក​ដប​ និង​ប៊ីដុង​សាំង​ចំណុះ​៣០លីត្រ​​ដែលពួកគេ​លក់​នៅពេល​ថ្ងៃ។

លោកបានមាន​ប្រសាសន៍ថា “​អគ្គិភ័យ​នេះ​បង្កឡើង​ដោយ​ការ​ទុស្សេខ្សែភ្លើង​ដែលបាន​ឆេះ​រាល​ដាល​ដល់​កំប៉ុង​ហ្គាស​តូច​ៗ​ទៀត”។

លោក យ៉ន បាន​បង្ហាញ​​អត្តសញ្ញាណ​ជន​រងគ្រោះ​ទាំង​នោះ​ថា បុរស​ជា​ប្តី​ឈ្មោះ​ គឹម ចាន់រ័ត្ន អាយុ​៣៦ឆ្នាំ ប្រពន្ធ​ឈ្មោះ សែម សុផល អាយុ​៣៥ឆ្នាំ និង​កូនស្រីពីរនាក់​ឈ្មោះ រេ៉ត​ ចាន់សុវណ្ណដារី អាយុ​១២ឆ្នាំ និង​ រ៉េត​ សុខសួស្តី​ អាយុ​៣ឆ្នាំ។

នាយ​ការិយាល័យពន្លត់​​អគ្គិភ័យ​រូបនេះ​បាន​បន្ថែម​ថា មន្ត្រី​របស់លោក​​សន្និដ្ឋាន​ថា ក្រុម​គ្រួសារ​នេះ​​មិន​មាន​ឱកាស​រត់​ចេញ​ ខណៈភ្លើង​បាន​ចាប់​ផ្តើម​ឆេះ​នៅ​ជិត​ច្រក​ចេញ​ដែលមាន​​តែ​មួយ​គត់​របស់​ផ្ទះ​នេះ និងដោយសារ​រថយន្តពន្លត់​អគ្គិភ័យ​ដំបូង​ក្នុង​ចំណោម​រថយន្ត​ពន្លត់អគ្គិភ័យ​៥គ្រឿង​​បាន​មក​ដល់​ក្នុងរយៈពេល​១៥នាទី​បន្ទាប់ពី​ភ្លើង​ចាប់​ផ្តើម​ឆេះ។

លោក យ៉ន បានមាន​ប្រសាសន៍ថា “នៅពេល​យើង​ព្យាយាម​ព​ន្លត់​ភ្លើង​ យើង​មិន​គិត​ថា ជន​រងគ្រោះ​ទាំងនោះ​នៅក្នុង​ផ្ទះ​ឡើយ។ ប្រសិន​បើ​ពួកគេ​មាន​ច្រក​ចេញ​ផ្សេង​ទៀត​ ពួកគេ​ប្រហែល​ជា​មិន​ស្លាប់ឡើយ”។

លោក​បាន​បន្ថែមថា អគ្គិភ័យ​នេះ​ក៏បាន​ឆេះ​រាល​ដាល​ដល់​ផ្ទះ​ពីរ​ខ្នង​ទៀត​នៅ​ជាប់គ្នា​ផង​ដែរ ហើយ​យើង​បាន​ចំណាយ​ពេល​២ម៉ោង​ដើម្បី​ពន្លត់។

អ្នកស្រី សែម សុផា អាយុ​៣៤ឆ្នាំ​ ត្រូវ​ជាប្អូនស្រីរបស់អ្នកស្រី សែម សុផល ដែល​រស់​នៅ​ជាប់​ផ្ទះ​ជន​រងគ្រោះ​​ ហើយ​ផ្ទះ​របស់គាត់​ក៏ត្រូវ​ខូច​ខាត​នៅក្នុង​អគ្គិភ័យ​ដែរ​នោះ បាន​និយាយ​ថា អ្នកស្រីបាន​ឮ​សំឡេង​ស្រែក​ឲ្យ​ជួយ ខណៈដែល​អណ្តាត​ភ្លើង​ចាប់​ផ្តើម​ឆេះ​រាល​ដាល។

អ្នកស្រី សុផា បាន​និយាយ​ថា “​ខ្ញុំបាន​ឮ​មនុស្ស​ស្រែក​ ហើយ​ខ្ញុំគិត​ថា វា​ជា​ករណី​ចោរ​ប្លន់ ប៉ុន្តែ​​បន្ទាប់មក ខ្ញុំ​បាន​ឃើញ​ផ្ទះ​របស់​ខ្ញុំ​​ត្រូវ​ភ្លើង​ឆេះ។ បងថ្លៃ​របស់ខ្ញុំ​បាន​ព្យាយាម​យក​កូន​ពូថៅ​វាយ​ទម្លុះ​ជញ្ជាំង​ ប៉ុន្តែ​​វាយ​មិនធ្លុះ”។

អ្នកស្រី​បាន​បន្ថែម​ថា ទ្វារ​ទៅ​កាន់​កន្លែងនៅ​​ខាងក្រោយ​​ផ្ទះ​​ដែលកម្មករ​កាត់​ដេរ​ពីរនាក់​បាន​ជួល​ស្នាក់នៅ ជាប់សោ ពីព្រោះ​ពួកគេ​ទាំង​ពីរ​នាក់​មិន​នៅ​ផ្ទះទេ​នៅពេល​មានអគ្គិភ័យ​នោះ​។

អ្នកស្រីបាន​និយាយថា “ខ្ញុំពិត​ជា​សោកស្តាយ​​ខ្លាំងណាស់​ដែល​ក្មួយ​ស្រី​របស់ខ្ញុំ​បាន​ស្លាប់”។ អ្នកស្រីបាន​បន្ថែមថា តាមការ​គណនារបស់អ្នកស្រី រថយន្ត​ពន្លត់អគ្គិភ័យ​​បាន​ចំណាយ​ពេល​កន្លះម៉ោងឯណោះ​​​មុនពេល​មក​ដល់​កន្លែង​កើត​ហេតុ។ ប្រសិនបើ​​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​លឿន​ជាងនេះ ពួកគេ​ប្រហែល​ជា​ជួយ​សង្គ្រោះ​ទាន់ពេល​​៕ សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស