27 C
Phnom Penh

ការ​​​បញ្ជូន​​​ជនភៀស​​​ខ្លួន​​​បួន​​​នាក់​​​មក​​​កម្ពុជា ​​​ក្រោម​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដ៏ចម្រូង​​​ចម្រាស​​​​​​ខិត​​​កាន់​​​តែ​​​ជិត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​​​មហាផ្ទៃ​​​របស់​​​កម្ពុជា​​​​​​បាន​​​លើក​​​ឡើង​​​កាលពីម្សិល​​​មិញ​​​ថា រយៈពេល​​​ប្រាំបីខែ​​​បន្ទាប់ពីចុះ​​​កិច្ច​​​ព្រមព្រៀង​​​ដ៏​​​ចម្រូង​​​ចម្រាស​​​មួយ​​​​​​ដើម្បី​​​​​​បញ្ជូន​​​​​​​​​​​​ជន​​​ភៀស​​​ខ្លួន​​​ដែល​​​ប្រទេស​​​អូស្ត្រាលី​​​បាន​​​ឃាត់ទុក​​​នៅ​​​លើ​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​នោះ​​​ ការ​​​ដាក់​​​ពាក្យ​​​សុំ​​​តាំង​​​លំនៅ​​​របស់​​​ជន​​​ភៀសខ្លួន​​​បួន​​​នាក់​​​ដំបូង​​​ដែល​​​ស្ម័គ្រ​​​ចិត្ត​​​សម្រាប់​​​គម្រោង​​​នេះ​​​ ត្រូវ​​​បាន​​​អនុម័ត​​​ហើយ​​​​​​។

ក្រសួង​​​មហាផ្ទៃ​​​បាន​​​ត្រួត​​​ពិនិត្យ​​​សាវតារ​​​របស់​​​ជន​​​ភៀស​​​ខ្លួនទាំង​​​នេះ​​​ ដែល​​​ក្នុង​​​នោះ​​​មាន​​​បុរស​​​ជន​​​ជាតិ​​​រូ៉ហីង​​​យ៉ា​​​ម្នាក់ និង​​​ជន​​​ជាតិ​​​អីុរ៉ង់​​​បី​​​នាក់ ចាប់​​​តាំង​​​ពីពួក​​​គេ​​​បាន​​​ស្ម័គ្រ​​​ចិត្ត​​​​​​ឲ្យ​​​គេ​​​បញ្ជូន​​​​​​ខ្លួន​​​ចេញ​​​ពីប្រទេស​​​ដែន​​​កោះ​​​នៅ​​​កណ្តាល​​​សមុទ្រ​​​ប៉ាស៊ីហ្វិក​​​ខាង​​​ត្បូង​​​មួយ​​​នេះ​​​កាល​​​ព​​ី​​​ចុង​​​ខែ​​​មេសា​​​។ ក្រសួង​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ក្តីប្រារម្ភ​​​ដ៏ធំរបស់​​​ខ្លួន​​​គឺ​​​ត្រូវ​​​ធានា​​​ថា ពួក​​​គេ​​​មាន​​​សុខភាព​​​ល្អ​​​ និង​​​មិន​​​មែន​​​ជា​​​ឧក្រិដ្ឋ​​​ជន​​​។

លោក ខៀវ សុភ័គ អ្នក​​​នាំពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “ខ្ញុំ​​​បានទទួល​​​ការ​​​អនុម័ត​​​ពី​​​​​​រដ្ឋាភិបាល​​​របស់​​​ខ្ញុំ​​​ថា មនុស្ស​​​បួន​​​នាក់​​​ គឺ​​​ជន​​​ភៀស​​​ខ្លួន​​​បួន​​​នាក់​​​ នឹង​​​មក​​​តាំង​​​លំនៅជា​​​អចិន្ត្រៃយ៍​​​ក្នុង​​​ប្រទេស​​​កម្ពុជា។ ការ​​​អនុម័ត​​​នេះ​​​ចេញ​​​ពី​​​សម្តេច​​​នាយករដ្ឋមន្ត្រី​​​ ហ៊ុន សែន នៅថ្ងៃទី​​​២០ ខែ​​​ឧសភា​​”។

អ្នកនាំាពាក្យ​​​រូបនេះ​​​បាន​​​បន្ត​​​ថា ប្រទេស​​​កម្ពុជា​​​ និង​​​ប្រទេស​​​អូស្ត្រាលី​​​កំពុង​​​ពិភាក្សា​​​គ្នា​​​នៅ​​​ឡើយ​​​អំពី​​​ពេល​​​វេលា​​​ជាក់​​​លាក់​​​ ដែល​​​ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​នេះ​​​នឹង​​​ត្រូវ​​​មក​​​ដល់​​​។

ជន​​​ភៀស​​​ខ្លួន​​​ដែល​​​ទទួល​​​បាន​​​ការ​​​អនុម័ត​​​ឲ្យ​​​តាំង​​​លំនៅ​​​ទាំង​​​បួន​​​នាក់​​​នេះ គឺ​​​ជា​​​ជន​​​ភៀស​​​ខ្លួន​​​ដំបូងគេ​​​​​​នៅ​​​កោះណូរូ​​​ដែល​​​សម្រេច​​​ចិត្ត​​​មក​​​រស់​​​នៅ​​​ប្រទេស​​​កម្ពុជា​​​ក្រោម​​​កិច្ច​​​ព្រមព្រៀង​​​ផ្ទេរ​​​ជន​​​ភៀស​​​ខ្លួន​​​ដែល​​​រដ្ឋាភិបាល​​​ក្រុង​​​កង់បេរា៉ា និងរដ្ឋាភិបាល​​​ក្រុង​​​ភ្នំពេញ​​​បាន​​​ចុះ​​​កាល​​​ពីឆ្នាំមុន​​​ ហើយ​​​ក្នុង​​​នោះ​​​កម្ពុជា​​​បាន​​​យល់​​​ព្រម​​​ទទួល​​​យកក្នុង​​​ចំនួន​​​​​​មិន​​​បញ្ជាក់​​​នៃ​​​ជន​​​ភៀស​​​ខ្លួនរាប់ពាន់​​​នាក់​​​ដែល​​​ប្រទេស​​​អូស្ត្រាលី​​​កំពុង​​​ឃាត់​​​ខ្លួន​​​នៅ​​​លើ​​​កោះ​​​ណូរូ​​​ មិន​​​ព្រម​​​ទទួល​​​​​​ឲ្យ​​​តាំង​​​លំនៅ​​​ដោយ​​​ខ្លួន​​​ឯង​​​។

ប្រទេស​​​អូស្ត្រាលី​​​បាន​​​យល់ព្រម​​​រ៉ាប់រង​​​ការ​​​ចំណាយ​​​របស់​​​ជនភៀស​​​ខ្លួន​​​​​​ដែលទទួល​​​យក​​​សំណើ​​​នេះ​​​សម្រាប់​​​រយៈ​​​ពេល​​​យ៉ាង​​​ហោច​​​​​​​​​​​​​​​​​​​​​មួយ​​​ឆ្នាំ ហើយ​​​បាន​​​​​​ផ្តល់​​​កញ្ចប់​​​ជំនួយ​​​៣១​​,៦​​​លាន​​​ដុលា្លរ​​​បន្ថែម​​​ដល់​​​កម្ពុជា​​​សម្រាប់​​​ការ​​​យល់​​​ព្រម​​​ទទួល​​​យក​​​ពួក​​​គេ​​​។

ក្រុម​​​តស៊ូ​​​មតិ​​​មួយ​​​​​​ដើម្បី​​​ជន​​​ភៀស​​​ខ្លួន​​​អូស្ត្រាលី​​​មួយ​​​​​​បាន​​​អះ​​​អាង​​​ថា ជន​​​ភៀស​​​ខ្លួន​​​បួននាក់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​កាន់​​​ទី​​​ក្រុង​​​ដាវីន (Darwin)កាល​​​ពី​​​មួយ​​​សប្តាហ៍​​​មុន​​​ ដែល​​​ទំនង​​​ជា​​​ការ​​​ត្រៀម​​​​​​បញ្ជូន​​​ពួក​​​គេ​​​មក​​​កម្ពុជា​​​ ប៉ុន្តែ ប្រទេស​​​ទាំង​​​ពីរ​​​មិន​​​បាន​​​បញ្ជាក់​​​ទេ​​​ជុំ​​​វិញ​​​សេចក្តី​​​រាយការណ៍​​​នេះ​​​។

កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​បាន​​​រង​​​ការ​​​រិះ​​​គន់​​​យ៉ាង​​​ខ្លាំង​​​ពី​​​សំណាក់​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​នានា​​​ និង​​​ក្រុម​​​តំណាង​​​រាស្ត្រ​​​មក​​​ពីគណបក្ស​​​ប្រឆាំង​​​នៅ​​​ក្នុង​​​ប្រទេស​​​ទាំង​​​ពីរ​​​ដែល​​​ចោទ​​​ប្រកាន់​​​ប្រទេស​​​អូស្ត្រាលី​​​ថា គេចវេះ​​​កាតព្វកិច្ច​​​អន្តរ​​​ជាតិ​​​របស់​​​ខ្លួន​​​សម្រាប់​​​ជន​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ដែល​​​ព្យាយាម​​​ទៅដល់​​​ឆ្នេរ​​​របស់​​​ខ្លួន​​​ តាម​​​រយៈ​​​ការ​​​​​​បញ្ជូន​​​ពួក​​​គេ​​​ទៅ​​​កាន់​​​ប្រទេស​​​មួយ​​​ក្នុង​​​ចំណោម​​​ប្រទេសក្តីក្របំផុត និង​​​ពុក​​​រលួយ​​​បំផុត​​​ក្នុង​​​ពិភព​​​លោក​​​។

ប្រទេស​​​អូស្ត្រាលី​​​ក៏​​​បាន​​​រង​​​ការ​​​រិះគន់​​​ខ្លាំង​​​ដែរ​​​ចំពោះ​​​ការ​​​ចុះផ្សាយ​​​លិខិត​​​មួយ​​​ច្បាប់​​​ស្តី​​​ពី​​​ប្រទេស​​​ណូរូ​​​ ដែល​​​ធ្វើ​​​ឡើង​​​មុន​​​ពេល​​ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​បួន​​​នាក់​​​នេះ​​​ស្ម័គ្រ​​​ចិត្ត​​​បន្តិច​​​ ដោយ​​​បញ្ចុះ​​​បញ្ចូល​​​ពួក​​​គេ​​​​​​ឲ្យ​​​មក​​​កម្ពុជា​​​​​​តាម​​​រយៈ​​​ការ​​​​​​អួត​​​សរសើរ​​​ហួស​​​ហេតុ​​​អំពីស្ថាន​​​ភាពរស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

លិខិត​​​នោះ​​​បាន​​​បញ្ជាក់​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​ “មាន​សេវា​​​ថែទាំ​​​សុខភាព​​​ដែល​​​មាន​​​ស្តង់ដារ​​​ខ្ពស់​​​ និង​​​មាន​​​សេរីភាព​​​គ្រប់​​​បែប​​​យ៉ាង​​​ក្នុង​​​សង្គម​​​ប្រជា​​​ធិបតេយ្យ​​​” រួម​​​ទាំង​​​សេរីភាព​​​បញ្ចេញ​​​មតិផង​​​ដែរ​​​ ហើយ​​​ថា ប្រទេស​​​េនះ​​​ “គ្មានបញ្ហា​​​បទ​​​ល្មើស​​​ហិង្សា​​​ឡើយ​​​”។ ទោះ​​​ជាយ៉ាង​​​ណា​​​​​​ ដំបូន្មាន​​​ផ្ទាល់​​​របស់​​​រដ្ឋាភិបាល​​​អូស្ត្រាលី​​​ជំវិញ​​​ការ​​​ធ្វើ​​​ដំណើរពាក់​​​ព័ន្ធ​​​នឹង​​​កម្ពុជា និយាយ​​​ខុស​​​ពី​​​នេះ​​​ស្រឡះ​​​។

ក្រុម​​​តស៊ូ​​​មតិ​​​មួយទៀត​​​ដើម្បី​​​ជន​​​ភៀស​​​ខ្លួន​​​អូស្ត្រាលី​​​ដែល​​​រក្សា​​​ទំនាក់​​​ទំនង​​​ជា​​​មួយ​​​អ្នក​​​នៅ​​​លើ​​​កោះ​​​ណូរូ​​​ បាន​​​លើក​​​ឡើង​​​ថា អ្នក​​​ស្ម័គ្រ​​​ចិត្ត​​​ក៏​​​ទទួល​​​បាន​​​ប្រាក់​​​ជា​​​ច្រើ​​​នពាន់​​​ដុល្លារ​​​​​​ផង​​​ដែរ​​​ប្រសិនបើ​​​ពួក​​​គេ​​​ទទួល​​​យក​​​សំណើ​​​​​​របស់​​​កម្ពុជា​​​ ហើយ​​​ថា ជន​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រ​​​ក​​​កោន​​​​​​​​​ប្រហែលជា​​​ឲ្យ​​​គេ​​​ពន្លឿន​​​ការ​​​ដាក់​​​ពាក្យ​​​ស្នើ​​​សុំ​​​ជា​​​ជន​​​ភៀស​​​ខ្លួន​​​របស់​​​ពួកគេ​​​ ដើម្បី​​​ធ្វើ​​​ឲ្យ​​​ពួកគេ​​​ស្រប​​​ច្បាប់​​​សម្រាប់​​​កម្មវិធី​​​នេះ។

មន្ត្រី​​​កម្ពុជា​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​ប្រទេស​​​ណូរូ​​​ចំនួន​​​ពីរ​​​លើក​​​​​​រួច​​​មក​​​ហើយ​​​ ប៉ុន្តែ មិន​​​ទទួល​​​បាន​​​លទ្ធផល​​​ជោគជ័យ​​​ទេ​​​ មុន​​​ពេល​​​រក​​​បាន​​​អ្នក​​​ស្ម័គ្រ​​​ចិត្ត​​​ទាំង​​​បួន​​​នាក់​​​នេះ​​​កាល​​​ពីខែ​​​មេសា៕សុខុម​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស